គណៈកម្មការ​រដ្ឋសភា​នឹង​យក​បញ្ហា​មន្ត្រី​ពីរ​រូប​មិន​ចូល​បំភ្លឺ​ទៅ​ពិភាក្សា​ក្នុង​ពេល​ឆាប់ៗ

0:00 / 0:00

ការ​កោះ​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​របស់​គណៈកម្មការ​ទី​១ និង​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា មក​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​ខែ​ឧសភា នេះ មិន​បាន​ជោគជ័យ​ឡើយ។ បញ្ហា​នេះ ភាគី​ទាំង​ពីរ​មាន​ហេតុផល​សំអាង​រៀងៗ​ខ្លួន ដោយ​មួយ​ផ្អែក​ទៅ​លើ​នីតិវិធី​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា និង​ម្ខាង​ទៀត​សំអាង​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា នឹង​លើក​យក​ករណី​លិខិត​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល ដែល​ខកខាន​មិន​បាន​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​នោះ ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ពិចារណា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​បាន​កោះ​ហៅ​អភិបាល​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល មក​បំភ្លឺ​នៅ​រដ្ឋសភា តាម​រយៈ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ទាក់ទង​នឹង​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ ស្ដីពី​ការ​លក់​បឹង​ធម្មជាតិ និង​មាន​អំពើ​ពុក​រលួយ ប៉ុន្តែ​ការ​កោះ​អញ្ជើញ​នេះ​មិន​ដំណើរ​ការ​ទៅ​បាន​ទេ ដោយ​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​នេះ គឺ​លោក ស ខេង បដិសេធ​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា និង​សុំ​ឲ្យ​គណៈកម្មការ​ទី​១ និង​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ពិចារណា​ដោយ​យោង​តាម​មាត្រា​១២១​ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ចែង​ថា សមាជិក​ទាំងឡាយ​នៃ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​រួម​ចំពោះ​រដ្ឋសភា អំពី​នយោបាយ​ទូទៅ​របស់​រាជ​រដ្ឋាភិបាល។

ចំណែក​ការ​កោះ​អញ្ជើញ​មន្ត្រី​សុខាភិបាល​ខេត្ត​សៀមរាប ដែល​កោះ​ហៅ​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ឧសភា នៅ​រដ្ឋសភា​នោះ ក៏​មិន​បាន​ជោគជ័យ​ដែរ ដោយ​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង សុំ​លើក​ពេល​ចូល​បំភ្លឺ​ករណី​បណ្ដឹង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ទៅ​ពេល​ក្រោយ ដោយ​ក្រសួង​រង់ចាំ​សេចក្តី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​សារាចរ​ណែនាំ​របស់​រដ្ឋសភា។

ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ ក៏​មាន​សំអាង​ដែរ ដោយ​យោង​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា និង​សេចក្តី​សម្រេច​ស្ដីពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា កាល​ពី​ឆ្នាំ​២០១៤ ដែល​ផ្ទុយ​ពី​មាត្រា​១២១ នៃ​រដ្ឋធម្មនុញ្ញ៖ «ចំណុច​ទី​២ មាត្រា​៣ តាមដាន និង​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព ឥស្សរជន ឬ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​បំភ្លឺ​រឿង​អ្វី​មួយ​ដែល​ពាក់ព័ន្ធ។ អ៊ីចឹង​យើង​ទទួល​ខុស​ត្រូវ​រឿង​ពុក​រលួយ ហើយ​គេ​ប្ដឹង​រឿង​ពុក​រលួយ យើង​ត្រូវ​មាន​តួនាទី​អញ្ជើញ​អភិបាល​ស្រុក​ហ្នឹង​មួយ ព្រោះ​គេ​មិន​និយាយ​តែ​រដ្ឋមន្ត្រី​ឯណា?»

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួង​មហាផ្ទៃ ក៏​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ពិចារណា​ទៅ​លើ​ការ​កោះ​អញ្ជើញ​អភិបាល​ខេត្ត​ក្រចេះ មក​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​នេះ​ដែរ ដោយ​យោង​ទៅ​លើ​មាត្រា​១២១ ដូច​គ្នា។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​បញ្ហា​នេះ លោក​មិន​អត្ថាធិប្បាយ​វែង​ឆ្ងាយ​ទេ ដោយសារ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់ ប៉ុន្តែ​លោក​គិត​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ដែល​គ្រប់​គ្នា​ត្រូវ​អនុវត្ត៖ «សមាជិក​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​សភា ហើយ​សភា​ចង់​សួរ​អី​កោះ​អញ្ជើញ​សមាជិក​រដ្ឋាភិបាល​ទៅ មិន​ត្រូវ​អញ្ជើញ​អភិបាល​ខេត្ត អភិបាល​ស្រុក​គ្នា​ដឹង​អី? ព្រោះ​គ្នា​នៅ​ក្រោម​រដ្ឋាភិបាល»

លោក​រំពឹង​ទៀត​ថា ដើម្បី​ស្រាយ​បំភ្លឺ​លើ​រឿង​នេះ រដ្ឋាភិបាល និង​ប្រធាន​រដ្ឋសភា នឹង​មាន​សេចក្តី​ណែនាំ​មួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា បើ​មន្ត្រី​រដ្ឋាភិបាល​ចង់​ដោះស្រាយ​ជូន​ពលរដ្ឋ ហើយ​បើ​មន្ត្រី​ថ្នាក់​ក្រោម​មិន​អាច​មក​បំភ្លឺ​បាន អ្នក​គ្រប់​ភាគី​ខាង​លើ​បន្តបន្ទាប់​នោះ​អាច​ចូល​មក​បំភ្លឺ​បាន៖ «និយាយ​ទៅ​ការ​កោះ​ហៅ​ហ្នឹង​មិន​ខុស​ពេក​ទេ ព្រោះ​សភា​បាន​កោះ​ហៅ​តាម​រយៈ​សមាជិក​រដ្ឋាភិបាល បើ​សិន​ជា​សមាជិក​រដ្ឋាភិបាល​យល់​ថា​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​មិន​ឲ្យ​មក​ឆ្លើយ​បំភ្លឺ មក​ឆ្លើយ​ខ្លួន​ឯង​ក៏​បាន​ដែរ រឿង​តែ​ប៉ុណ្ណឹង​ទេ»

ទោះ​យ៉ាង​ណា ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង ដែល​ខកខាន​មិន​កោះ​ហៅ​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរ៉ុង មក​បំភ្លឺ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ លោក​នឹង​បង្វែរ​ទៅ​កោះ​ហៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​តែ​ម្តង​នៅ​ពេល​ខាង​មុន​នេះ មាន​ដូចជា​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។