នៅក្នុងរបាយការណ៍ស្ដីពីការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតទៅលើអ្នកធ្លាប់មានឈ្មោះបោះឆ្នោតចំនួនជាង ២ពាន់នាក់របស់អង្គការខុមហ្វ្រែល (Comfrel) បង្ហាញថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានភាពមិនប្រក្រតីមួយចំនួន ជាកត្តារារាំងដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
របាយការណ៍ត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតកម្រាស់ជាង ៥០ទំព័រ ដែលសិក្សាស្រាវជ្រាវដោយអង្គការខុមហ្វ្រែល ហើយបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែមេសា បង្ហាញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតមិនទាន់មានគុណភាព និងនីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតមានភាពមិនប្រក្រតី។
ខុមហ្វ្រែល វាយតម្លៃថា បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៣ មានគុណភាពប្រសើរតិចតួច បើធៀបនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១២ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៨។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ហា មានប្រសាសន៍ថា គុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតមិនទាន់ល្អប្រសើរនោះ នាំឲ្យប៉ះពាល់ដល់ភាពសេរី និងយុត្តិធម៌នៃដំណើរការបោះឆ្នោតនៅកម្ពុជា ហើយប្រការនេះបណ្ដាលមកពីការផ្ដល់អំណាចចុះឈ្មោះបោះឆ្នោតទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ។ លោកបន្តថា សង្គមស៊ីវិលធ្លាប់ស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិនិត្យ និងធ្វើការកែលំអម្ដងជាពីរដងហើយ ប៉ុន្តែមិនបានផលនោះឡើយ។
លោកបញ្ជាក់ថា កន្លងទៅ គ.ជ.ប និងក្រុមប្រឹក្សាឃុំសង្កាត់ ធ្លាប់បន្ទោសគ្នាទៅវិញទៅមកជុំវិញគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតនេះ៖ «គ.ជ.ប តែងតែបន្ទោសស្មៀនឃុំថា អ្នកផ្ដល់ទិន្នន័យគាត់មិនត្រឹមត្រូវ។ ៤ឆ្នាំកន្លងមក ក្រោយពេលបោះឆ្នោត ២០០៨ នេះ យើងឲ្យ គ.ជ.ប ហ្នឹងចាប់ផ្ដើមជជែករឿងហ្នឹង ហើយមានអង្គការសហប្រជាតិ និងអ្នកដទៃគេជំរុញដែរ ឲ្យ គ.ជ.ប និងសង្គមស៊ីវិលរកមធ្យោបាយដោះស្រាយមើលថា អាចផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះបោះឆ្នោតបានទេ? កន្លងមក គ.ជ.ប អត់មានជជែកអីសោះ ៤ឆ្នាំអត់បានជជែកយកចិត្តទុកដាក់មែនទែនទេ គាត់គ្រាន់អ្នកអនុវត្តច្បាប់។ មែនទែនទៅ នៅស្រុកគេ គ.ជ.ប មានសិទ្ធិផ្ដល់ជាមតិយោបល់ទៅរដ្ឋាភិបាល ឬទៅសភា ដើម្បីសុំសិទ្ធិសម្រេចដែរ»។
របាយការណ៍ខុមហ្វ្រែល រកឃើញពីភាពមិនប្រក្រតីមួយចំនួនដូចជា ស្មៀនឃុំមិនគោរពម៉ោងធ្វើការ ឬយឺតយ៉ាវក្នុងការបើកការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន ១២ឃុំ សង្កាត់ ក្នុងចំណោម ២៥០ឃុំសង្កាត់។ ខុមហ្វ្រែល លើកទឡ្ហីករណ៍ថា ក្នុងឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ស្មៀនឃុំ និងក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនយកពេលវេលាធ្វើការទៅប្រជុំគណបក្សប្រជាជនឃុំ ធ្វើឲ្យពលរដ្ឋ ៤នាក់ដែលចង់ចុះឈ្មោះបោះឆ្នោតខកខាន។
ចំណុចមួយទៀត គឺការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ការខកខាន ឬយឺតយ៉ាវបិទបញ្ជីបោះឆ្នោតចុងឆ្នាំ២០១១ ករណីមិនផ្ដល់ព័ត៌មានអំពីប្រតិទិនកម្មវិធីចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ និងនៅតាមភូមិ ករណីបិទការិយាល័យពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតដោយគ្មានមូលហេតុ ករណីចុះឈ្មោះបោះឆ្នោតដោយមិនគ្រប់លក្ខខណ្ឌ (មិនគ្រប់អាយុ ឬអ្នកផ្សេងមកចុះឈ្មោះឲ្យ)។ ខុមហ្វ្រែល ក៏បានលើកយកករណីស្មៀនឃុំទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការចុះឈ្មោះបោះឆ្នោតដែរ ដែលរឿងរ៉ាវនេះកើតឡើងនៅស្រុកអណ្តូងមាស ខេត្តរតនគិរី។
លោក គល់ បញ្ហា បន្ថែមថា បញ្ហាភាគច្រើនដែលប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត បណ្ដាលមកពីការខ្វះការទទួលខុសត្រូវរបស់ស្មៀនឃុំ ឬក្រុមប្រឹក្សាឃុំសង្កាត់។ លោកបន្តថា ក្រុមប្រឹក្សាឃុំ សង្កាត ជាអ្នកនយោបាយថ្នាក់មូលដ្ឋាន ដូចនេះចង់ ឬមិនចង់ ពួកគាត់នឹងអាចបង្កភាពស្មុគស្មាញដល់ពលរដ្ឋដែលគាំទ្រគណបក្សផ្សេងផ្ទុយពីគណបក្សរបស់គាត់។
លោកបញ្ជាក់ថា ការស្រាវជ្រាវបង្ហាញថា ពលរដ្ឋអ្នកមានសិទ្ធិបោះឆ្នោត ១៣% នៃចំនួនអ្នកបោះឆ្នោតដែល ខុមហ្វ្រែល បានសម្ភាស អាចនឹងប្រឈមនឹងការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ហើយវាជាសញ្ញាគួរឲ្យព្រួយបារម្ភ៖ «ប្រជាជន ១លាននាក់ជាងហ្នឹង ១៣% រកឈ្មោះមិនឃើញ អាហ្នឹងជារឿងរបស់ គ.ជ.ប។ តាមច្បាប់បោះឆ្នោតហ្នឹងជាបញ្ហា។ ទោះបីយ៉ាងណា គ.ជ.ប ជាអ្នកទទួលខុសត្រូវ ធានាឲ្យមានភាពសេរី និងយុត្តិធម៌។ ពាក្យសេរី និងយុត្តិធម៌ហ្នឹង បូកនឹងបញ្ជីឈ្មោះបោះឆ្នោតហ្នឹង មានគុណភាព»។
ឆ្លើយតបនឹងបញ្ហានេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ទេព នីថា បានច្រានចោលលទ្ធផលសិក្សារបស់ខុមហ្វ្រែល ដោយលោកបញ្ជាក់ថា ចំនួនអ្នកបោះឆ្នោតដែលបាត់ឈ្មោះមិនអាចកើនដល់ជាង ១លាននាក់ទេ។ លោកបន្តថា បញ្ជីបោះឆ្នោតឃុំកន្លងទៅ មានការលុបឈ្មោះចេញពីបញ្ជីត្រឹមតែជាង ៤៦ម៉ឺននាក់ទេ ដូចនេះលោកមិនទទួលយកលទ្ធផលសិក្សារបស់ខុមហ្វ្រែល នោះឡើយ។
លោកបញ្ជាក់ថា ខុមហ្វ្រែលគិតរឿងនយោបាយច្រើនជាងបច្ចេកទេសដែលជាប្រការមិនអាចទទួលយកបាន៖ «នេះជារបាយការណ៍របស់អង្គការមួយប៉ុណ្ណឹង ដំណើរការបោះឆ្នោតយើងនៅតែធម្មតា។ តាមពិតគាត់គិតរឿងនយោបាយច្រើនជាងបច្ចេកទេស។ បើយើងនិយាយទូទៅក្នុងប្រទេសដែលមានស្ថាប័នរឹងមាំហើយ គេឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកចុះឈ្មោះ ហើយគាត់មើលឃើញថា អាជ្ញាធរចុះឈ្មោះមានភាពលំអៀងអីហ្នឹង ខ្ញុំគិតថា អត់មានអីធំដុំទេ»។
អង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច (Nicfec) និងអង្គការ អិនឌីអាយ (NDI) កាលពីថ្ងៃទី២១ ខែមីនា ក៏បានផ្សាយថា អ្នកបោះឆ្នោតជាង ១០% គឺមានតែឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត តែគ្មានមនុស្សពិតទេ។ លទ្ធផលនាំមានការព្រួយបារម្ភចំពោះកំរិតនៃភាពត្រឹមត្រូវ និងសុពលភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងលទ្ធភាពសម្រាប់អ្នកបោះឆ្នោតក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ ប៉ុន្តែ គ.ជ.ប ក៏ប្រតិកម្មនឹងរបាយការណ៍នេះដែរ ដោយចាត់ទុកថា ជាការសិក្សាដោយមិនគ្រប់ជ្រុងជ្រោយ។
បច្ចុប្បន្នការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំត្រូវប្រព្រឹត្តទៅចាប់ពីខែតុលា ដល់ខែធ្នូ ដោយឡែកនៅឆ្នាំបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីខែកញ្ញា ដល់ខែធ្នូ ប៉ុន្តែសង្គមស៊ីវិលរកឃើញថា រយៈពេលធ្វើការពិតប្រាកដមានតែជាង ២០ថ្ងៃប៉ុណ្ណោះ ហើយការចុះឈ្មោះបោះឆ្នោតនៅខែវស្សា ក៏មិនអំណោយផលសម្រាប់ពលរដ្ឋ។
បញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ត្រូវបាន គ.ជ.ប. ប្រកាសថា មានអ្នកបោះឆ្នោតសរុបជាង ៩លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
