លោក ស ខេង និង​លោក សាយ ឈុំ ទទួល​គោរមងារ​ជា "សម្ដេច"

ដោយ យាង សុជាមេត្តា
2015.06.14
ស ខេង សាយ ឈុំ ៦២០ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ។
Photo: RFA

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ប្រោស​ព្រះរាជទាន​គោរមងារ​ជា "សម្ដេច" ដល់​សមាជិក​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប គឺ​លោក ស ខេង លោក សាយ ឈុំ។ ចំណែក​គណបក្ស​ប្រឆាំង​វិញ យល់​ឃើញ​ថា ការ​ព្រះ​រាជទាន​គោរមងារ "សម្ដេច" ទៅ​ឲ្យ​មន្ត្រី​ណា​ម្នាក់ គឺ​ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ។

លោក ស ខេង និង​លោក សាយ ឈុំ គឺ​ជា​បុគ្គល​ទី​៦ និង​ទី​៧ ហើយ​ដែល​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​គោរមងារ​ជា "សម្ដេច"។

លោក ស ខេង បច្ចុប្បន្ន​គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះរាជទាន​គោរមងារ​ជា "សម្ដេច​ក្រឡាហោម ស ខេង"។ ចំណែក​ឯ​លោក សាយ ឈុំ ដែល​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ទទួល​គោរមងារ​ជា "សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ"។

​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​បញ្ជាក់​ថា លោក ស ខេង និង​លោក សាយ ឈុំ គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​ជា​ទី​គោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ចូល​រួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា បាន​កសាង​នូវ​សន្តិភាព ស្ថិរភាព ឯកភាព សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់​ការពារ​លទ្ធិប្រជាធិបតេយ្យ បាន​រក្សា​នូវ​ឯករាជ្យ​ជាតិ បូរណភាព​ទឹក​ដី មាន​ស្វាមី​ភក្តិ​ចំពោះ​រាជ​បល្ល័ង្ក ការពារ​និង​គោរព​ព្រះពុទ្ធ​សាសនា ព្រមទាំង​ការពារ​យុត្តិធម៌​សង្គម ដើម្បី​និរន្ត​ភាព​រាជា​និយម​ជាដើម។

​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​គោរមងារ​ដល់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ៧​រូប​ហើយ ក្នុង​នោះ​រួម​មាន​សព​លោក ជា ស៊ីម ដែល​មាន​គោរមងារ​ជា "សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ីម" លោក ហេង សំរិន ជា "សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន" លោក ហ៊ុន សែន ជា "សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន" លោក គង់ សំអុល ជា "សម្ដេច​ចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល" ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី មាន​គោរព​ងារ​ជា "សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន" និង​ពេល​នេះ​គឺ "​សម្ដេច​ក្រឡាហោម ស ខេង" និង "សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ"។

​ជុំវិញ​ការ​ប្រទាន​គោរមងារ​ជា "សម្ដេច" ដល់​លោក ស ខេង និង​លោក សាយ ឈុំ នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា វា​ជា​សិទ្ធិ និង​ជា​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​ថា បែប​ណា​នោះ​ទេ ចំពោះ​ព្រះរាជទាន​គោរមងារ​ដល់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​ពេល​នេះ។ យ៉ាង​ណា​ក៏ដោយ លោក​មាន​ប្រសាសន៍​ថា ទង្វើ​របស់​មនុស្ស​គ្រប់​រូប​គឺ​មាន​គុណសម្បត្តិ​ផង និង​គុណវិបត្តិ​ផង ហើយ​លោក​ថា ការ​វិនិច្ឆ័យ​ទៅ​លើ​បុគ្គល​អ្នក​នយោបាយ​ណា​ម្នាក់​ថា ល្អ ឬ អាក្រក់​នោះ វា​នឹង​ឆ្លុះ​បញ្ចាំង​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

​លោក យឹម សុវណ្ណ៖ «ខ្ញុំ​យល់​ឃើញ​ថា អ្នក​នយោបាយ​ទាំង​អស់ អ្នក​ដែល​ទទួល​បាន​នូវ​តួនាទី​ទាំង​អស់ ទទួល​នូវ​តំណែង​ទាំង​អស់ ខិតខំ​ធ្វើ​នូវ​ទង្វើ​ល្អ ការពារ​ផលប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ រួម​គ្នា​ដោះស្រាយ​បញ្ហា បង្កើត​នូវ​វប្បធម៌​មួយ​ដែល​មាន​សន្តិភាព​ប្រកប​ដោយ​យុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ មាន​ការ​ទុក​ចិត្ត​ទៅ​លើ​អ្នកនយោបាយ»

ការ​ប្រោស​ព្រះរាជទាន​គោរមងារ "សម្ដេច" ដល់​លោក ស ខេង និង​លោក សាយ ឈុំ ដោយ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រោយ​ពី​លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ទទួល​មរណភាព និង​ក្រោយ​ពី​លោក សាយ ឈុំ ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ទទួល​តំណែង​ពី​សព​លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត រស់ រ៉ាវុធ កត់សម្គាល់​ថា ការ​ប្រទាន​គោរមងារ​ដល់​លោក ស ខេង និង​លោក សាយ ឈុំ ក្នុង​ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​សភាពការណ៍ បន្ទាប់​ពី​លោក ជា ស៊ីម ទទួល​មរណភាព​ប៉ុណ្ណោះ៖ «ការ​ផ្ដល់​គោរមងារ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ព្រះមហាក្សត្រ​ដែល​លោក​ទត​ឃើញ​ថា បុគ្គល​ណា​ដែល​មាន​ស្នាដៃ​សម្រាប់​ជាតិ នោះ​លោក​មាន​សិទ្ធិ​ប្រគល់ នេះ​ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ»

​លោក ស ខេង គឺ​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លំដាប់​ទី​៤ បន្ទាប់​ពី​សព​លោក ជា ស៊ីម ដែល​ជា​អតីត​ប្រធាន លោក ហ៊ុន សែន ជា​អនុ​ប្រធាន និង​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស។ ការ​ប្រទាន​គោរមងារ "សម្ដេច" ដល់​លោក ស ខេង ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ត្រៀម​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​ក្នុង​ពេល​ខាង​មុខ​នេះ ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា លោក ស ខេង អាច​នឹង​ត្រូវ​គណបក្ស​ជ្រើសរើស​ធ្វើ​ជា​អនុ​ប្រធាន​បក្ស​ជំនួស​លោក ហ៊ុន សែន ដែល​គេ​រំពឹង​ថា នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​ប្រធាន​បក្ស​បន្ត​ពី​សព​លោក ជា ស៊ីម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។