ការបង្កើតឲ្យមានអនុប្រធានបក្សចំនួន ២រូប របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអ្នកនាំពាក្យគណបក្សយល់ថា បានផ្ដល់ឲ្យមានផលប្រយោជន៍មួយចំនួនដល់ការងារគណបក្ស និងដើម្បីឲ្យគណបក្សនេះមានភាពរឹងមាំ និងជាគណបក្សស្នូលក្នុងការដឹកនាំប្រទេសជាតិ។ ការលើកឡើងនេះនៅបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់តួនាទីឲ្យមន្ត្រី ២រូបក្លាយជាអនុប្រធានបក្ស។
សមាជិកគណៈកម្មការអចិន្ត្រៃយ៍បានបោះឆ្នោតផ្ដល់តួនាទីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដូចការគ្រោងទុក ចំណែកអនុប្រធានគណបក្សត្រូវផ្ដល់ទៅអោយ លោក ស ខេង និងលោក សាយ ឈុំ។ តួនាទីអនុប្រធានទាំងពីរនេះហើយ ដែលធ្វើឲ្យមានការងឿងឆ្ងល់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានពន្យល់ថា ការដាក់ឲ្យមានតួនាទីចំនួន ២រូប គឺដើម្បីជួយសម្រាលការងារលើតួនាទីដែលអ្នកទាំងពីរកំពុងមានស្រាប់ផង និងជួយសម្រួលដល់ការងាររបស់ប្រធានបក្សផង។ លោកបន្តថា រីឯរចនាសម្ព័ន្ធដឹកនាំបក្សនៅដដែល។ លោកបញ្ជាក់ទៀតថា ការដាក់នេះមិនពាក់ព័ន្ធទៅដល់ការបែងចែកអំណាច ឬការបែកបាក់គ្នានៅក្នុងបក្សនោះទេ។
លោក ស ខេង និងលោក សាយ ឈុំ ជាប់ជាអនុប្រធានទាំងពីរនៅពេលនេះ ពុំត្រូវបែងចែកថាមានអនុប្រធានទី១ ឬទី២ នោះឡើយ។
ការប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ បានសម្រេចបោះឆ្នោតដោយសំឡេង ៥០៦ លើ ៥០៧សំឡេង។
សន្លឹកឆ្នោតដែលគណបក្សប្រជាជនប្រើប្រាស់សម្រាប់ជ្រើសរើសប្រធាន និងអនុប្រធាននេះ ត្រូវបានគេបញ្ចេញតាមបណ្ដាញសង្គម។ សន្លឹកឆ្នោតនោះបានសរសេរកំណត់ឈ្មោះបេក្ខភាពទាំង ៣ រួចជាស្រេច ដោយគ្រាន់តែឲ្យគូសសញ្ញាក្នុងប្រអប់ យល់ព្រម មិនយល់ព្រម និងអនុប្បវាទ។
ការបោះឆ្នោតនេះ បានធ្វើឡើងដោយបិទទ្វារមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលដោយសេរីនោះឡើយ លើកលែងតែអ្នកសារព័ត៌មានរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុណ្ណោះដែលអាចចូលបាន។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការដាក់តួនាទីដូច្នេះ បើមើលទៅតាមទិដ្ឋភាពនយោបាយ និងចិត្តសាស្ត្រ គឺជាការត្រឹមត្រូវ។ លោកបានកត់សម្គាល់ដូច្នេះ៖ «យើងឃើញហើយ បើយើងដាក់ឯកឧត្ដម សាយ ឈុំ ទៅជាអនុប្រធានទី១ ផ្លូវមនុស្សធម៌យើងដឹងហើយ ឯកឧត្ដម ស ខេង លោកមានឈាមជ័រ សែស្រឡាយសម្ដេច ជា ស៊ីម ភរិយារបស់គាត់ត្រូវជាប្អូនរបស់សម្ដេច ជា ស៊ីម ហើយសម្ដេចលោកបានទទួលមរណភាពទៅ។ និយាយពីទិដ្ឋភាពនយោបាយគឺឯកឧត្ដម ស ខេង មានភាពរឹងមាំ ព្រោះយើងដឹងហើយលោកកាន់ក្រសួងមហាផ្ទៃ មានជើងក្រោមក្រាស់ជាង។ យើងនាំគ្នាគិតថា ឯកឧត្ដម សាយ ឈុំ គាត់ទៅជាអនុទី២វិញ វាទៅអត់កើត ដោយសារតែគាត់ជាប្រធានព្រឹទ្ធសភារួចទៅហើយ។ ដើម្បីជៀសវាងបញ្ហាហ្នឹង គេត្រូវដាក់ឲ្យទៅជាអនុទី២ទៅ»។
ប៉ុន្តែអ្នកវិភាគមួយចំនួនទៀតវិញយល់ឃើញថា ប្រសិនបើការបែងចែកអំណាចទៅឲ្យមន្ត្រីជាន់ខ្ពស់ក្នុងបក្សមិនមានភាពស្មើគ្នានោះទេ អាចធ្វើឲ្យមើលមុខគ្នាមិនចំ និងអាចមានការបែកបាក់ផ្ទៃក្នុងបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។