ជំទប់​ឃុំ​ទី​២​នៅ​ខេត្ត​ព្រៃវែង​ចោទ​មន្ត្រី​ប៉ូលិស​ថា​គំរាម​សម្លាប់

ជំទប់​ទី​២​របស់​​គណបក្ស សម រង្ស៊ី នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​​ខ្លាច​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាញ់​សម្លាប់។

0:00 / 0:00

ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​​​បាន​បោះ​ពាក្យ​​សម្ដី​គំរាម​បាញ់​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​ខណៈ​​ដែល​មន្ត្រី​ប៉ូលិស​ផឹក​ស៊ី​នៅ​ផ្ទះ​ក្បែរ​ខាង​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី​១ មករា។ ប៉ុន្តែ​ប៉ូលិស​បដិសេធ​ចំពោះ​​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​​នេះ។

​​​​​​​​​​​ជំទប់​ទី​២ របស់​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​គំរាម​បាញ់​សម្លាប់​របស់​​មន្ត្រី​ប៉ូលិស​បាន​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​របស់​ខ្លួន​និង​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង។ ព្រោះ​មន្ត្រី​ប៉ូលិស​មាន​អាវុធ ហើយ​ផ្ទះ​និង​ទី​កន្លែង​ធ្វើ​ការ​ក៏​នៅ​ក្បែរ​គ្នា​ដែរ។ បញ្ហា​នេះ​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​លោក​នៅ​ថ្ងៃ​ខាង​មុខ។

ជំទប់​ទី​២​ ឃុំ​ពាមមានជ័យ ស្រុក​ពាមរក៍ គឺ​លោក សយ សុភា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ មករា ថា នៅ​យប់​កើត​ហេតុ​មន្ត្រី​ប៉ូលិស​បាន​ស្រែក​ហៅ​ឲ្យ​ខ្លួន​ចុះ​ពី​លើ​ផ្ទះ​ច្រើន​លើ​ច្រើន​សា។ ដោយ​ទ្រាំ​នឹង​ការ​ស្រែក​របស់​ប៉ូលិស​​​មិន​បាន​លោក​ក៏​សម្រេច​ចិត្ត​ចុះ​មក​មើល​​ក្រោម​ផ្ទះ។

លោក សយ​ សុភា បន្ត​ថា នៅ​ពេល​ប៉ូលិស​រូប​នោះ​ក្រឡេក​ឃើញ​លោក​ក៏​បាន​​​​ប្រើ​ពាក្យ​គំរាម​បាញ់​សម្លាប់​មក​លើ​​រូប​លោក​តែម្ដង៖ «ចុះ​មក​គេ​ប្រាប់​ថា អ្ហែង​ចុះ​មក​អា​គណបក្ស​ប្រឆាំង​​អញ​បាញ់​ក្បាល​អ្ហែង​មួយ​ចោល​អា​ឯង​សម្បើម​ណាស់! ហើយ​ខ្ញុំ​វា​មិន​ដឹង​ស្អី​ចេះ​តែ​អង្គុយ​ស្ដាប់​​ទៅ ស្ដាប់​មួយ​ស្របក់​ទៅ ខ្ញុំ​សួរ​ទៅ​វិញ​ថា ម៉េច​ផឹក​អស់​សាច់​ក្លែម​បាន​ជា​យក​ឈ្មោះ​ខ្ញុំ​​​តិះដៀល​កន្លែង​ហ្វូង​ស្រា​លោក​ឯង​រាល់​គ្នា។ ថា​អា​ឯង​អា​គណបក្ស​ប្រឆាំង​អញ​បាញ់​ក្បាល​ឯង​មួយ​ចោល បើ​អា​ឯង​មិន​រួច​ខ្លួន​ទេ បើ​មិន​ថ្ងៃ​នេះ​ស្អែក អញ​យក​កាំភ្លើង​ពី​ប៉ុស្តិ៍​មក​បាញ់​ក្បាល​អា​ឯង​មួយ​ចោល»

លោក​បន្ត​ថា ភ្លាម​នោះ​ក្រុម​គ្រួសារ​របស់​ប៉ូលិស​បាន​ព្យាយាម​ទាញ និង​បិទ​មាត់​មិន​ឲ្យ​ស្រែ ​ប៉ុន្តែ​គេ​ក៏​នៅ​តែ​ស្រែក​ដោយ​ប្រើ​ពាក្យ​បាញ់​សម្លាប់​មក​លើ​ខ្លួន​ដដែល។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​ឃុំ​ពាមមានជ័យ លោក វ៉ាត ឈន ថ្លែង​ថា ​រូប​លោក​ពុំ​បាន​និយាយ​គំរាម​បាញ់​សម្លាប់​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​ប្រឆាំង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «គាត់​ទៅ​និយាយ​ពាក្យ​សម្ដី​ថា ខ្ញុំ​ទៅ​បាញ់​ងាប់​មនុស្ស ខ្ញុំ​និយាយ​គ្នា​ឯង​បាញ់ គឺ​បាញ់​នោម តើ​មិន​បាញ់​មនុស្ស​ណា? គាត់​និយាយ​ចោទ​ថា ខ្ញុំ​ហៅ​ពី​លើ​ផ្ទះ​មក​បាញ់​អត់​មាន​ទេ​បង! ពាក្យ​សម្ដី​និយាយ​ប៉ុណ្ណឹង​មាន​អី។ អា​រឿង​ប៉ះ​គ្នា​បន្តិច​បន្តួច​មាន​តែ​ប៉ុណ្ណឹង​តើ​មិន​មាន​ជេរ​គណបក្សៗ​អី​អត់​មាន​ទេ​បង!»

តែ​យ៉ាង​ណា​ជំទប់​ទី​២ បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ទៅ​ប្រធាន​ប៉ុស្តិ៍​ឃុំ​ពាមមានជ័យ ដើម្បី​ឲ្យ​​ដោះស្រាយ​ចំពោះ​ករណី​ការ​គំរាម​បាញ់​សម្លាប់​នេះ។

ទាក់​ទង​នឹង​បញ្ហា​នេះ​មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អៀង គឹមលី បញ្ជាក់​ថា ការ​គំរាម​ប្រើ​អាវុធ​បាញ់​របស់​មន្ត្រី​ប៉ូលិស​គឺ​ជា​រឿង​ខុស​ច្បាប់៖ «បើ​គំរាម​ថា​យក​កាំភ្លើង​ទៅ​សម្លាប់​អា​ហ្នឹង​វា​ខុស​ ព្រោះ​នៅ​ក្នុង​ច្បាប់​ក៏​មាន​ចែង​ដែរ​​ទាក់​ទង​នឹង​បទ​គំរាមកំហែង។ អ៊ីចឹង​ទោះ​បី​ជា​គាត់​និយាយ​លេង​ក៏​ដោយ​នៅ​ក្នុង​នៃ​គំរាម អ៊ីចឹង​​ករណី​ហ្នឹង គឺ​វា​ខុស​ហ្នឹង​ច្បាប់​ហើយ។ ទោះ​បី​ជា​ប្រជាពលរដ្ឋ​ធម្មតា​ក៏ដោយ​ដល់​ពេល​ប្រើ​ពាក្យ​គំរាម​ហ្នឹង​គឺ​មាន​ទោស​មិន​អាច​និយាយ​ថា ខ្លួន​ឯង​និយាយ​លេង​នៅ​ពេល​ហ្នឹង​អត់​ទេ»

តែ​យ៉ាង​ណា​ប្រធាន​ប៉ុស្តិ៍​ឃុំ​ពាមមានជ័យ លោក រស់ ស៊ិន ឲ្យ​ដឹង​ថា បញ្ហា​នេះ​លោក​បាន​ចុះ​ស្រាវជ្រាវ​​រួច​រាល់​ហើយ។ លោក​ថា​បញ្ហា​នេះ​ពុំ​មាន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ហើយ​លោក​ចង់​ឲ្យ​ភាគី​ទាំង​សងខាង​សម្រួល​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ។ ប៉ុន្តែ​ជំទប់​ទី​២ មិន​ព្រម​ហើយ​បាន​ទាមទារ​ឲ្យ​លោក​បញ្ជូន​សំណុំ​រឿង​មួយ​នេះ​ទៅ​ដោះ​ស្រាយ​នៅ​អធិការ​ស្រុក​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។