ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីមន្ត្រីប៉ូលិសបានបោះពាក្យសម្ដីគំរាមបាញ់សម្លាប់មន្ត្រីបក្សប្រឆាំងខណៈដែលមន្ត្រីប៉ូលិសផឹកស៊ីនៅផ្ទះក្បែរខាងគ្នាកាលពីយប់ថ្ងៃទី១ មករា។ ប៉ុន្តែប៉ូលិសបដិសេធចំពោះការចោទប្រកាន់របស់មន្ត្រីក្រុមប្រឹក្សាឃុំនេះ។
ជំទប់ទី២ របស់គណបក្ស សម រង្ស៊ី ឲ្យដឹងថា ពាក្យសម្ដីគំរាមបាញ់សម្លាប់របស់មន្ត្រីប៉ូលិសបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ខ្លួននិងក្រុមគ្រួសារយ៉ាងខ្លាំង។ ព្រោះមន្ត្រីប៉ូលិសមានអាវុធ ហើយផ្ទះនិងទីកន្លែងធ្វើការក៏នៅក្បែរគ្នាដែរ។ បញ្ហានេះអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកនៅថ្ងៃខាងមុខ។
ជំទប់ទី២ ឃុំពាមមានជ័យ ស្រុកពាមរក៍ គឺលោក សយ សុភា មានប្រសាសន៍នៅថ្ងៃទី៤ មករា ថា នៅយប់កើតហេតុមន្ត្រីប៉ូលិសបានស្រែកហៅឲ្យខ្លួនចុះពីលើផ្ទះច្រើនលើច្រើនសា។ ដោយទ្រាំនឹងការស្រែករបស់ប៉ូលិសមិនបានលោកក៏សម្រេចចិត្តចុះមកមើលក្រោមផ្ទះ។
លោក សយ សុភា បន្តថា នៅពេលប៉ូលិសរូបនោះក្រឡេកឃើញលោកក៏បានប្រើពាក្យគំរាមបាញ់សម្លាប់មកលើរូបលោកតែម្ដង៖ «ចុះមកគេប្រាប់ថា អ្ហែងចុះមកអាគណបក្សប្រឆាំងអញបាញ់ក្បាលអ្ហែងមួយចោលអាឯងសម្បើមណាស់! ហើយខ្ញុំវាមិនដឹងស្អីចេះតែអង្គុយស្ដាប់ទៅ ស្ដាប់មួយស្របក់ទៅ ខ្ញុំសួរទៅវិញថា ម៉េចផឹកអស់សាច់ក្លែមបានជាយកឈ្មោះខ្ញុំតិះដៀលកន្លែងហ្វូងស្រាលោកឯងរាល់គ្នា។ ថាអាឯងអាគណបក្សប្រឆាំងអញបាញ់ក្បាលឯងមួយចោល បើអាឯងមិនរួចខ្លួនទេ បើមិនថ្ងៃនេះស្អែក អញយកកាំភ្លើងពីប៉ុស្តិ៍មកបាញ់ក្បាលអាឯងមួយចោល»។
លោកបន្តថា ភ្លាមនោះក្រុមគ្រួសាររបស់ប៉ូលិសបានព្យាយាមទាញ និងបិទមាត់មិនឲ្យស្រែ ប៉ុន្តែគេក៏នៅតែស្រែកដោយប្រើពាក្យបាញ់សម្លាប់មកលើខ្លួនដដែល។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំពាមមានជ័យ លោក វ៉ាត ឈន ថ្លែងថា រូបលោកពុំបាននិយាយគំរាមបាញ់សម្លាប់មន្ត្រីក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងដូចការចោទប្រកាន់នោះឡើយ៖ «គាត់ទៅនិយាយពាក្យសម្ដីថា ខ្ញុំទៅបាញ់ងាប់មនុស្ស ខ្ញុំនិយាយគ្នាឯងបាញ់ គឺបាញ់នោម តើមិនបាញ់មនុស្សណា? គាត់និយាយចោទថា ខ្ញុំហៅពីលើផ្ទះមកបាញ់អត់មានទេបង! ពាក្យសម្ដីនិយាយប៉ុណ្ណឹងមានអី។ អារឿងប៉ះគ្នាបន្តិចបន្តួចមានតែប៉ុណ្ណឹងតើមិនមានជេរគណបក្សៗអីអត់មានទេបង!»។
តែយ៉ាងណាជំទប់ទី២ បានដាក់ពាក្យបណ្ដឹងរបស់ខ្លួនទៅប្រធានប៉ុស្តិ៍ឃុំពាមមានជ័យ ដើម្បីឲ្យដោះស្រាយចំពោះករណីការគំរាមបាញ់សម្លាប់នេះ។
ទាក់ទងនឹងបញ្ហានេះមន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គឹមលី បញ្ជាក់ថា ការគំរាមប្រើអាវុធបាញ់របស់មន្ត្រីប៉ូលិសគឺជារឿងខុសច្បាប់៖ «បើគំរាមថាយកកាំភ្លើងទៅសម្លាប់អាហ្នឹងវាខុស ព្រោះនៅក្នុងច្បាប់ក៏មានចែងដែរទាក់ទងនឹងបទគំរាមកំហែង។ អ៊ីចឹងទោះបីជាគាត់និយាយលេងក៏ដោយនៅក្នុងនៃគំរាម អ៊ីចឹងករណីហ្នឹង គឺវាខុសហ្នឹងច្បាប់ហើយ។ ទោះបីជាប្រជាពលរដ្ឋធម្មតាក៏ដោយដល់ពេលប្រើពាក្យគំរាមហ្នឹងគឺមានទោសមិនអាចនិយាយថា ខ្លួនឯងនិយាយលេងនៅពេលហ្នឹងអត់ទេ»។
តែយ៉ាងណាប្រធានប៉ុស្តិ៍ឃុំពាមមានជ័យ លោក រស់ ស៊ិន ឲ្យដឹងថា បញ្ហានេះលោកបានចុះស្រាវជ្រាវរួចរាល់ហើយ។ លោកថាបញ្ហានេះពុំមានអ្វីជាដុំកំភួននោះទេ ហើយលោកចង់ឲ្យភាគីទាំងសងខាងសម្រួលដោះស្រាយបញ្ចប់បញ្ហានេះ។ ប៉ុន្តែជំទប់ទី២ មិនព្រមហើយបានទាមទារឲ្យលោកបញ្ជូនសំណុំរឿងមួយនេះទៅដោះស្រាយនៅអធិការស្រុកបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
