អ្នក​នយោបាយ​បង្ហាញ​មោទនភាព​ចំពោះ​វប្បធម៌​សន្ទនា​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦ មេសា ខាង​មុខ ថ្នាក់ដឹកនាំ​នយោបាយ​ខ្មែរ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។ សម្រាប់​ឆ្នាំ​នេះ អ្នក​នយោបាយ​សម្ដែង​ការ​ជឿជាក់​ថា ប្រទេស​កម្ពុជា នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ហើយ​ការ​ល្អ​ប្រសើរ​នេះ គឺ​កើត​ឡើង​ដោយសារ​តែ​មាន​វប្បធម៌​សន្ទនា​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​២។

នៅ​រៀងរាល់​ពិធី​បុណ្យ​ធំៗ​ម្ដង មិន​ថា​បុណ្យ​នោះ​ជា​បុណ្យ​អន្តរជាតិ ឬ​ជា​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​នោះ​ទេ អ្នក​នយោបាយ​តែងតែ​បញ្ចេញ​នូវ​សារ​លិខិត​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន ឬ​ទៅ​កាន់​ពលរដ្ឋ​ទូទៅ។ ការ​បញ្ចេញ​សារ​ក្នុង​ពិធីបុណ្យ​ម្តងៗ គឺ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​នយោបាយ​ដើម្បី​លើក​ឡើង​នូវ​កង្វល់​របស់​ពួកគេ​ចំពោះ​ប្រទេស​ជាតិ ហើយ​សម្រាប់​រដ្ឋាភិបាល​វិញ វា​ជា​ឱកាស​សម្រាប់​ពួកគេ​អួតអាង​អំពី​សមិទ្ធផល​នានា ដែល​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក និង​ដើម្បី​បង្ហាញ​ផែនការ​អនុវត្ត​សម្រាប់​ថ្ងៃ​ខាង​មុខ។

ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ ក្នុង​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​កំពុង​មាន​ភាព​ល្អូកល្អិន​ជាមួយ​គ្នា​នោះ ពួកគេ​បង្ហាញ​សុទិដ្ឋិនិយម​ថា ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​សម្រាប់​សង្គម​ជាតិ​កម្ពុជា។

ក្នុង​សារ​ជូនពរ​ចុះ​ថ្ងៃ​ទី​១១ មេសា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច​ក្នុង​រដ្ឋ​សភា លោក សម រង្ស៊ី បង្ហាញ​ក្តី​សង្ឃឹម​ថា ព្រឹត្តិការណ៍​នយោបាយ​ថ្មីៗ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ហាក់​រៀបចំ​ឲ្យ​ប្រទេស​កម្ពុជា ឈាន​ចូល​ក្នុង​យុគសម័យ​ថ្មី​មួយ​បន្ទាប់ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

លោក សម រង្ស៊ី ដែល​គេ​ដឹង​ថា នឹង​ទៅ​ចូល​រួម​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ខាង​មុខ​ថ្លែង​ថា វប្បធម៌​មួយ​ដែល​លោក និង​លោក ហ៊ុន សែន ចាប់​យក​មក​អនុវត្ត​ជាមួយគ្នា​ចាប់​ពី​ពេល​នេះ​ត​ទៅ នោះ​គឺ​វប្បធម៌​សន្ទនា ព្រោះ​លោក​យល់​ថា វា​ជា​វប្បធម៌​សន្តិភាព វប្បធម៌​ប្រជាធិបតេយ្យ ដែល​ផ្ទុយ​ស្រឡះ​ពី​វប្បធម៌​សង្គ្រាម វប្បធម៌​ហិង្សា និង​វប្បធម៌​ប្រើប្រាស់​អំណាច​ផ្ដាច់ការ។

​លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​និន្នាការ​នយោបាយ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​សន្ទនា ហើយ​មិន​ត្រូវ​ចាត់​ទុក​ខ្មែរ​ដូចគ្នា​ជាស​ត្រូវ​ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា លោក​ក៏​មិន​ភ្លេច​លើក​ឡើង​អំពី​លទ្ធផល​ថ្មីៗ​ដែល​ទទួល​បាន​ពី​វប្បធម៌​សន្ទនា។ លោក​ថា ដោយសារ​តែ​មាន​វប្បធម៌​សន្ទនា​នេះ​ហើយ ទើប គ.ជ.ប ថ្មី​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ដែល​លោក​ជឿជាក់​ថា គ.ជ.ប ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ រី​ឯ​លទ្ធផល​មួយ​ទៀត ដែល​ទទួល​បាន​ពី​វប្បធម៌​សន្ទនា​ដែរ​នោះ គឺ​ការ​ជំរុញ​ឲ្យ​មាន​ការ​លើកលែង​ទោស និង​ការ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

ការ​អះអាង​របស់​លោក សម រង្ស៊ី បែប​នេះ គឺ​ស្រប​ពេល​ដែល​សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​១១ មេសា។

ក្រៅ​តែ​ពី​មាន​វប្បធម៌​សន្ទនា​ជាមួយ​លោក ហ៊ុន សែន លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​កាយ​វិការ​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប​ផ្សេង​ទៀត គឺ​លោក ជា ស៊ីម និង​លោក ហេង សំរិន ផង​ដែរ។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១២ មេសា លោក សម រង្ស៊ី និង​ភរិយា ព្រមទាំង​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​លោក ហេង សំរិន ដើម្បី​ជូនពរ​ប្រធាន​សភា​រូប​នេះ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក សម រង្ស៊ី ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ជា ស៊ីម ដល់​ផ្ទះ​ម្ដង​រួច​ហើយ​ដែរ។

ស្រដៀង​នឹង​លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Samdech Hun Sen, Cambodian Prime Minister) របស់​លោក​ថា ការ​សម្រេច​បាន គ.ជ.ប ថ្មី គឺ​ដោយសារ​តែ​គណបក្ស​ទាំង​២ បាន​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ។ លោក​ថា នេះ​គឺ​ជា​សក្ខី​ភាព​ជោគជ័យ​នៃ​វប្បធម៌​សន្ទនា​ដែល​បញ្ជាក់​ថា ខ្មែរ​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ។ លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​គឺជា​ទិសដៅ​នៃ​វប្បធម៌​សន្ទនា​សម្រាប់​ដោះស្រាយ​បញ្ហា​ជាតិ​គ្រប់​កម្រិត​ទាំង​អស់។ លើស​ពី​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ មេសា ក៏​បាន​ប្រកាស​ក្នុង​រដ្ឋ​សភា​បញ្ចប់​នូវ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ គេ​នៅ​ចាំ​បាន​ថា នៅ​មុន​ពេល​សមាជិក គ.ជ.ប ថ្មី ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​នៅ​ថ្ងៃ​ទី​៩ មេសា លោក ហ៊ុន សែន បាន​ដំឡើង​សំឡេង​ខ្លាំងៗ ដាក់​លោក កឹម សុខា ជុំវិញ​ការ​ទាមទារ​របស់​អនុ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ដោះលែង​លោក មាជ សុវណ្ណារ៉ា នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ។ លោក កឹម សុខា ផ្ទាល់​ក៏​ត្រូវ​បាន​តំណាង​មហា​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ដើម្បី​សាកសួរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​របស់​លោក​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ប៉ុន្តែ​ក្រោយ​ពី គ.ជ.ប ថ្មី​ត្រូវ​បាន​បង្កើត គេ​សង្កេត​ឃើញ​ថា ការ​ដំឡើង​សំឡេង​ដាក់​គ្នា​របស់​អ្នក​នយោបាយ​ហាក់​ថមថយ​ជាង​មុន។

ទោះ​ជា​យ៉ាង​ណា​រហូត​មក​ទល់​ពេល​នេះ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​មិន​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​នោះ​ទេ។ ការ​ចាប់​ខ្លួន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ជា​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។