អង្គការសមាគមមួយចំនួនកំពុងព្រួយបារម្ភថា សិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងត្រូវរំលោភបំពានតាមរយៈការរារាំងមិនឲ្យពួកគេទទួលបានព័ត៌មានពិត ឬមានសិទ្ធិទទួលបានព័ត៌មានពីការអភិវឌ្ឍសង្គម។ ករណីនេះពួកគេរួមគ្នាប្រកាសពីជំហរពួកគេនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នេះ ដោយផ្ដោតការយកចិត្តទុកដាក់ចំពោះគោលនយោបាយគណបក្សណាដែលលើកស្ទួយសិទ្ធិសេរីភាពទទួលព័ត៌មាន។
បណ្ដាញអង្គការមិនមែនរដ្ឋាភិបាល និងសមាគមធំៗចំនួន ៣១ ប្រកាន់ជំហរថា នឹងបោះឆ្នោតឲ្យអ្នកតំណាងរាស្ត្រនៃគណបក្សនយោបាយណាដែលធានាផ្ដល់សេរីភាពគ្រប់ពេលវេលាដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសេរីភាពទទួលព័ត៌មាន។
សេចក្ដីថ្លែងការណ៍រួមរបស់បណ្ដាញអង្គការសមាគមចំនួន ៣១ បានបង្ហាញថា ពួកគេដែលជាសមាជិកនៃអង្គការសមាគមទាំងនោះ រួមនឹងដៃគូការងារ ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស នឹងទៅបោះឆ្នោតជូនតែបេក្ខជនតំណាងរាស្ត្រនៃគណបក្សទាំងឡាយណាដែលផ្ដល់សេរីភាពពេញលេញ និងគ្រប់ពេលវេលាដល់ប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងចំណោមអង្គការសមាគមទាំង ៣១ នោះ ក៏ឃើញមានអង្គការការពារសិទ្ធិមនុស្សធំៗមួយចំនួនដែរ មានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ (LICADHO) គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ។
មន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាន ជាតម្រូវការចាំបាច់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។ បើទោះជាមានការអះអាងពីគោលនយោបាយដែលខ្លួនប្រាថ្នា ក៏លោក អំ សំអាត ពុំបានបញ្ជាក់ពីឈ្មោះគណបក្សណាជាក់លាក់ដែលក្រុមរបស់លោកនឹងបោះឆ្នោតនោះឡើយ។
នាយិកាអង្គការសីលកា និងជាប្រធានគណៈកម្មាធិការដឹកនាំនៃគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ បានបញ្ជាក់ថា នៅពេលដែលពលរដ្ឋពុំបានទទួលព័ត៌មានពិតគ្រប់ជ្រុងជ្រោយទេ ពួកគេនឹងពិបាកសម្រេចចិត្តដែលធ្វើឲ្យការបោះឆ្នោតមិនមែនជាការដែលត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។
គោលនយោបាយនៃគណបក្សនយោបាយទាំង ៨ ដែលចូលរួមក្នុងការបោះអាណត្តិទី៥ សុទ្ធតែបានអះអាងថា ធានាឲ្យពលរដ្ឋទទួលបានព័ត៌មានសម្រាប់ពលរដ្ឋ ក្នុងនោះមានគណបក្សនយោបាយភាគច្រើនបានធានាជាមុនថា នឹងបង្កើតឲ្យមានច្បាប់ដែលធានាសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ។
ទាក់ទិននឹងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានខកខានក្នុងការចេញច្បាប់នោះបើទោះបីជាបានរៀបចំតាក់តែងជាសេចក្ដីព្រាងគោលនយោបាយតាំងពីឆ្នាំ២០០៤ ក៏ដោយ។
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ឆ្លើយតបថា គណបក្សរបស់លោកតែងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋលើគ្រប់រូបភាព។ លោកសន្យាថាច្បាប់នេះនឹងអាចចេញនៅក្នុងអាណត្តិថ្មីនេះ។
បើតាមការអះអាងរបស់ក្រុមបណ្ដាញអង្គការមិនមែនរដ្ឋាភិបាល និងសមាគមទាំងនេះឲ្យដឹងថា ការប្រកាសជំហររបស់ពួកគេបានកើតឡើងនៅក្រោយពេលដែលមានបម្រាមរបស់ក្រសួងព័ត៌មាន ដែលមិនអនុញ្ញាតឲ្យវិទ្យុ អេហ្វ.អឹម (FM) ក្នុងស្រុកផ្សាយបន្តវិទ្យុបរទេស ដែលផ្សាយជាខេមរភាសាទាំងអស់។ ពួកគេចាត់ទុកការរារាំងមិនឲ្យពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះជាការរំលោភសិទ្ធិពលរដ្ឋ ដែលទាមទារឲ្យមានបទច្បាប់ដើម្បីធានាសិទ្ធិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
