មេភូមិ ៣នាក់ខាងគណបក្សប្រឆាំង ក្នុងខេត្តកំពង់ស្ពឺ ត្រូវមេឃុំដកចេញពីតំណែងនៅថ្ងៃទី១៧ ខែកុម្ភៈ ដោយមិនបានបង្ហាញហេតុផល ប៉ុន្តែមេភូមិទាំងនោះអះអាងថា ការដកតំណែងពួកគាត់ទាក់ទងនឹងរឿងកាច់កុងគ្នាពីប្រជាប្រិយភាពបក្សនយោបាយក្នុងមូលដ្ឋាន។
មេភូមិអូរ លោក សៅ គា បានអោយដឹងនៅថ្ងៃទី១៩ កុម្ភៈ ថា មេឃុំបានបង្ហាញលិខិតដកតំណែងដែលចេញដោយក្រសួងមហាផ្ទៃ តែមិនបានបញ្ជាក់ថាអ្វីជាមូលហេតុពិតប្រាកដដែលឈានដល់ការដកតំណែងពួកគាត់ទាំង ៣នាក់នោះឡើយ។
លោក សៅ គា៖ «ហើយរឿងខុសអ៊ីចេះខុសអ៊ីចុះក៏អត់មានបាននិយាយបានប្រាប់ណែនាំអីដែរ។ បាទ! ហើយគាត់ដកទទេៗតែម្ដង។ ហើយការដកនេះ គេដកតែខ្ញុំទេ ប៉ុន្តែឈានទៅដល់អនុប្រធានភូមិ បាទ! សមាជិកដូចគាត់ធ្លាប់អនុវត្តកន្លងមកអ៊ីចឹង គាត់តែងតែធ្វើអ៊ីចឹងតែម្ដង។ អត់មានសួរក្រុមប្រឹក្សា អនុម័តយ៉ាងម៉េចគឺអត់ទេ គាត់អនុម័តតែឯងៗអ៊ីចឹងតែម្ដង»។
មន្ត្រីអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៩ កុម្ភៈ ថា មេឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក មាស សាម៉ុន បានដកមេភូមិបីនាក់ ដោយមិនបានប្រាប់មូលហេតុច្បាស់លាស់នោះមានលោក អ៊ុំ នុល មេភូមិស្រែឃ្លេ លោក សៅ គា មេភូមិអូរ និងលោក ណុប ស៊ឺន មេភូមិតាអាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។