សកម្មជនគណបក្សសង្គ្រោះជាតិ ៦នាក់ ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តកំពត។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៣។ ទាក់ទងនឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិ ប្រតិកម្មចំពោះការចោទប្រកាន់របស់អាជ្ញាធរ ដែលឈានទៅដល់ការចាប់ខ្លួនសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ទាំង ៦រូប នៅខេត្តកំពតនោះ។
អាជ្ញាធរបានចោទប្រកាន់បុរសទាំង ៦នាក់ ចំនួន ៣ករណី គឺទី១ ចោទពីបទគំរាមសម្លាប់មន្ត្រីថ្នាក់ខ្ពស់ ទី២ ចោទពីបទប្រមូលអនុផលព្រៃឈើខុសច្បាប់ និងទី៣ ចោទពីបទបង្កើតអាជីវកម្មអារឈើខុសច្បាប់។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពត គឺលោក ជា ប៉ូច មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ថា ការចោទប្រកាន់របស់អាជ្ញាធរហាក់រើសអើងបក្សនយោបាយ ពោលគឺស្របពេលគណបក្សនេះកំពុងមានប្រជាប្រិយភាពខ្លាំង ខណៈដំណើរការរកសំឡេងឆ្នោតនៅក្នុងខេត្តនេះ៖ «ខ្ញុំមានប្រតិកម្ម។ ស្អែកគណបក្សនឹងធ្វើសេចក្ដីថ្លែងការណ៍ដើម្បីថ្កោលទោសអ្នកដែលចាប់ហ្នឹងដោយបំពានច្បាប់បំពានអីអ៊ីចឹង គឺគណបក្សសង្គ្រោះនឹងចេញសេចក្ដីថ្លែងការណ៍មួយ»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីសាលាខេត្តកំពត លោក ស៊ឹម វុទ្ធា មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មាននៃការចាប់ខ្លួនសកម្មជនគណបក្សនេះនៅឡើយទេ។
មន្ត្រីអង្គការលីកាដូ (Licadho) ទទួលបន្ទុកផ្នែកស្រាវជ្រាវ លោក យន់ ផលី បានឲ្យដឹងថា បញ្ហានេះចាត់ទុកជាបញ្ហារើសអើងផ្នែកនយោបាយ។ លោកថា សកម្មជនគណបក្សសង្គ្រោះជាតិ បានយកប៉ាយគណបក្សទៅបិទនឹងដុំឈើនៅលើរថយន្តនោះ៖ «យកផ្លាករបស់គណបក្សហ្នឹងមកបិទនឹងរទេះ បានន័យថា បិទនឹងឈើដុល។ ចៃដន់ទៅជួបក្រុមការងាររបស់គណបក្ស CPP អ៊ីចឹងទៅ គេឃើញគេបញ្ជាឲ្យចាប់តែម្ដងទៅ»។
អាជ្ញាធរបានចាប់ខ្លួនបុរសទាំង ៦នាក់ ដោយម្នាក់បានចាប់ខ្លួននៅស្រុកឈូក ខេត្តកំពត ហើយម្នាក់ទៀត ចាប់ខ្លួននៅភូមិក្រៀល សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ក្រុងភ្នំពេញ។ អាជ្ញាធរបញ្ជូនបុរសទាំង ៦នាក់ ទៅពន្ធនាគារខេត្តកំពត នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
