មកដល់ពេលនេះ ព្រឹត្តិការណ៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅតែជាចំណុចខ្វែងគំនិតគ្នាមិនថាក្នុងចំណោមពលរដ្ឋ និងអ្នកនយោបាយឡើយ។ ភាគច្រើននៃអ្នកគាំទ្រគណបក្សកាន់អំណាច ចាត់ទុកថ្ងៃ៧ មករា ថាជាថ្ងៃកំណើតទី២ ជាថ្ងៃដែលជួយឲ្យពលរដ្ឋកម្ពុជា រួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ។ ចំណែកមួយក្រុមទៀតថា ជាពេលវេលាដែលវៀតណាម បានចូលមកត្រួតត្រាកម្ពុជា។
ចំពោះអ្នកជំនាញ ជំរុញឲ្យពលរដ្ឋទូទៅ ត្រូវសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ដើម្បីឲ្យចៀសផុតពីការបំភ្លៃប្រវត្តិសាស្ត្រដោយអ្នកនយោបាយ។
មិនខុសប្លែកពីរៀងរាល់ឆ្នាំទេ មេដឹកនាំគណបក្សកាន់អំណាច តែងចេញមកប្រកាសពីជោគជ័យថ្ងៃទី៧ មករា ដែលជាមូលដ្ឋាននាំឲ្យមានការរីកចម្រើនក្នុងពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ផងនោះ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី៥ ខែមករា ថា ៧ មករា នាំមកនូវជីវិតទីពីរ និងសន្តិភាពដល់កម្ពុជា ទាំងមូល។ ៧ មករា បានធ្វើឲ្យកម្ពុជា មានអ្វីៗគ្រប់យ៉ាងមកទល់ពេលនេះ។ ៧ មករា បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ច។
កាលពីឆ្នាំមុន លោក ហ៊ុន សែន ដែលធ្វើជានាយករដ្ឋមន្ត្រី ៥អាណត្តិមកនេះ បានប្រើសម្ដីធ្ងន់ៗចំពោះអ្នកដែលបង្ហាញជំហរមិនគាំទ្រថ្ងៃ ៧ មករា។ លោកថែមទាំងបានភ្ជាប់អ្នកទាំងនោះថា ជាក្រុមតែមួយជាមួយរបបកាប់សម្លាប់ខ្មែរក្រហម៖ «កុំលេងគណិតវិទ្យា មួយស្មើមួយ មួយដកមួយស្មើសូន្យ។ ស្អប់ ប៉ុល ពត តែប្រឆាំងនឹងអ្នកផ្ដួលរំលំ ប៉ុល ពត ចឹងមានន័យថា គឺវាមានន័យថាជាសម្ព័ន្ធភាពនៃរបប ប៉ុល ពត»។
នៅរាល់ពេលដែលរំឭកពីការរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំគណបក្សប្រជាជនកម្ពុជា តែងរំឭកពីចលនាដែលត្រូវបានបង្កើតក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានសភា លោក ហេង សំរិន តែងថ្លែងក្នុងពិធីរំឭកខួប ៧ មករា ថា បើពុំមានការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ ក៏ពុំមានការងើបឡើងប្រឆាំងរបបនេះដោយក្រុមរណសិរ្សសង្គ្រោះជាតិកម្ពុជា នោះដែរ៖ «បើគ្មានតំណាងប្រជាជនកម្ពុជា តស៊ូក៏មិនអាចនាំទៅដល់ការជួយឧបត្ថម្ភរបស់វៀតណាម នោះដែរ។ ការជួយឧបត្ថម្ភនេះ ជាការរួមវិភាគទានក្នុងការរំដោះប្រជាជនកម្ពុជា ពីពួកឃាតក»។
ទោះយ៉ាងណា មានការកត់ត្រាទុកនូវព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលនាំឲ្យមានកងទ័ពវៀតណាម នៅក្នុងការវាយបណ្ដេញមេដឹកនាំកម្ពុជាប្រជាធិបតេយ្យពីអំណាច។
ក្នុងពេលដែលកម្ពុជាប្រជាធិបតេយ្យកំពុងកាន់អំណាច វៀតណាម ធ្លាប់បានចរចាបញ្ហាព្រំដែន ប៉ុន្តែបានខ្វែងគំនិតគ្នា។ កម្ពុជាប្រជាធិបតេយ្យ ទាមទារផែនទីដែលគូរដោយបារាំង នៅមុនឆ្នាំ១៩៥៤ ចំណែកខាងវៀតណាម ទាមទារឲ្យសើរើព្រំដែនសមុទ្រតាមបន្ទាត់ប្រេវីយេ (Brevié)។ កម្ពុជាប្រជាធិបតេយ្យ យល់ថា ការទាមទាររបស់វៀតណាម ធ្វើឲ្យខ្មែរបាត់បង់ទឹកដីមួយចំនួន មានទាំងទឹកដីកម្ពុជាក្រោម និងដែនកោះមួយចំនួន ពិសេសគឺកោះត្រល់។ ភាពចម្រូងចម្រាស និងដោយសំអាងថាមានជំនួយរបស់ចិន កម្ពុជាប្រជាធិបតេយ្យ បានរៀបចំវាយវៀតណាម ជាលើកដំបូងក្នុងខែឧសភា ឆ្នាំ១៩៧៧ ប៉ុន្តែត្រូវបរាជ័យ។ លុះមកដល់ខែកញ្ញា ឆ្នាំដដែល តាមផែនការថ្នាក់មជ្ឈិមបក្សរបស់ ប៉ុល ពត កម្លាំងខ្មែរក្រហម បានវាយចូលខេត្តតៃនិញ (Tay Ninh) របស់វៀតណាម ជាលើកដំបូង។ ទីបំផុត ក៏ត្រូវបានកងទ័ពវៀតណាម វាយបកវិញក្នុងឆ្នាំដដែល។ កម្ពុជាប្រជាធិបតេយ្យ បានវាយចូលវៀតណាម ម្ដងទៀតក្នុងខេត្តហាទៀន (Ha Tien) នៅដើមឆ្នាំ១៩៧៨។ ពេលនោះ ជំរុញឲ្យវៀតណាម រិះរកយុទ្ធសាស្ត្រថ្មី។ ក្នុងពេលនោះ កម្ពុជាប្រជាធិបតេយ្យ បានចោទប្រកាន់ថា វៀតណាម នៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា។
នៅក្នុងសវនាការនៃសាលាក្ដីខ្មែរក្រហម បងធំទី២ លោក នួន ជា នៅតែលើកឡើងចំណុចនេះ ដែលជាការបញ្ជាក់ជាថ្មីពីមហិច្ឆតារបស់វៀតណាម៖ «ចៅក្រមមិនបានគិតដល់ភស្តុតាងដែលថា ទាំងអស់នេះ គឺទាក់ទងទៅនឹងមហិច្ឆតារបស់វៀតណាម ក្នុងការឈ្លានពានវាតទីលើទឹកដីកម្ពុជា បំបាត់ពូជសាសន៍កម្ពុជា និងបញ្ចូលកម្ពុជា ក្នុងសហព័ន្ធឥណ្ឌូចិន ដែលមានវៀតណាម ជាអ្នកបញ្ជាគ្រប់គ្រង»។
ទាក់ទិននឹងយុទ្ធសាស្ត្រថ្មី យ៉ាងតិចក៏មានក្រុមមនុស្សចំនួនពីរដែរ ដែលវៀតណាម បានសម្លឹងឃើញ គឺក្រុមដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលគង់នៅប្រទេសបារាំង និងក្រុមមេបញ្ជាការកងទ័ព និងកម្មាភិបាលខ្មែរក្រហម ដែលរត់គេចខ្លួនកាលពីឆ្នាំ១៩៧៧ ក្នុងនោះមាន លោក ហ៊ុន សែន ដែរ។ ក្រុមដែលវៀតណាម ជ្រើសបាន គឺរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបង្កើតដោយកម្មាភិបាលខ្មែរក្រហមផ្ដាច់ខ្លួន។ ក្រុមនេះ ចាប់ផ្ដើមវាយចូលទឹកដីកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ដោយវៀតណាម ផ្ដល់កងទ័ពស្ម័គ្រចិត្តរាប់ម៉ឺននាក់។ ក្នុងរយៈពេលតែជាង ១០ថ្ងៃ កម្លាំងនេះបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងសៀវភៅ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា បញ្ជាក់ថា គិតត្រឹមថ្ងៃ៧ មករា មានកងទ័ពវៀតណាម ប្រមាណ ១សែននាក់បានចូលលុកលុយកម្ពុជា។ យ៉ាងណា គ្រប់អ្នកកត់ត្រាសុទ្ធតែបានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត។
ដោយមើលឃើញពីការលុកលុយកម្ពុជា របស់កងទ័ពវៀតណាម នេះហើយ ដែលត្រូវចាត់ទុកថា ជាការដាក់ការត្រួតត្រារបស់វៀតណាម មកលើកម្ពុជា។

អ្នកច្បាប់ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានស្រាវជ្រាវពីបញ្ហានានាពាក់ព័ន្ធនឹងបណ្ដឹងកម្ពុជា ប្រឆាំងវៀតណាម ទៅអង្គការសហប្រជាជាតិ។ លោកឲ្យដឹងថា តាមច្បាប់អន្តរជាតិពុំមានប្រទេសណាមួយអាចរំលោភបំពានប្រទេសមួយទៀតឡើយ។ លោក ឡៅ ម៉ុងហៃ បន្តថា ក្រុមដែលមានឆន្ទៈរំដោះប្រទេសពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ត្រូវគិតពីមធ្យោបាយដែលស្របច្បាប់មួយចំនួន។ ចំណែកវៀតណាម ដែលកាលណោះមានទំនាក់ទំនងជិតស្និទ្ធនឹងសហភាពសូវៀត ក៏គួរជួយពួកគេឲ្យរកឃើញមធ្យោបាយស្របច្បាប់ វៀរលែងតែក្រុមនេះមានបំណងផ្សេងក្រៅពីពាក្យថាមនុស្សធម៌៖ «ជាដាច់ខាត គឺអត់ទេ ពេលនោះច្បាប់អន្តរជាតិមិនទាន់មានបញ្ចូលអន្តរាគមន៍មនុស្សធម៌ទេ ទើបតែឥឡូវទេដែលមាន ប៉ុន្តែទាំងអស់ហ្នឹងតាមរយៈអង្គការសហប្រជាជាតិដែរ។ តែបើវាយហើយដោយឈ្លានពាន ហើយមានសងសឹកមកវិញ គឺសងសឹកតែត្រឹមតំបន់ណាដែលមានមូលដ្ឋានកងទ័ពទេ»។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ទៀតថា តាមកំណាត់ត្រានៅអង្គការសហប្រជាជាតិ មានកិច្ចប្រជុំលើកឡើងពីករណីរំលោភសិទ្ធិមនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែរ ប៉ុន្តែត្រូវសហភាពសូវៀត បោះឆ្នោតប្រឆាំង ឬវ៉េតូ៖ «ប្រទេសសូវៀត ដែលជាសមាជិកសំខាន់ដែរហ្នឹងការពារខ្មែរក្រហមទៅវិញ ដូចជានៅខែមីនា ឆ្នាំ១៩៧៨ ប្រទេសអង់គ្លេស មានសេចក្ដីព្រាងស្នើសុំបង្កើតជាអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា»។
លោក ឡៅ ម៉ុងហៃ លើកឡើងដែរថា ការចូលមកលុកលុយកម្ពុជា របស់កងទ័ពវៀតណាម គឺជាការរៀបចំដ៏ច្បាស់លាស់មួយ។
មិនខុសគ្នាដែរ មន្ត្រីបក្សប្រឆាំងបានយកករណីនេះថា វៀតណាម បន្តប៉ុនប៉ងយកកម្ពុជា ជារណប ហើយមានតែកិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទេ ដែលបានកាត់បន្ថយឥទ្ធិពលវៀតណាម។
អតីតប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍ថា ២៣ តុលា ជាថ្ងៃដែលកម្ពុជា មានសេរីភាពខ្លះពីវៀតណាម។
សម្រាប់អ្នកជំនាញប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា មកដល់ពេលនេះ គ្រប់ភាគីគួរតែយល់ព្រមទទួលយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិត ដើម្បីប្រែក្លាយចំណុចខ្សោយទៅជាចំណុចខ្លាំង៖ «យើងធ្វើខ្លួនយើងឲ្យខ្សោយឲ្យគេមកឈ្លានពាន ឬមួយក៏យើងខ្សោយទៅពឹងគេឲ្យគេមកជួយ? ឬក៏ទំនាស់ផ្ទៃក្នុងរបស់យើងអត់ គេមិនបានក្នុងប្រវត្តិសាស្ត្រ? យើងគួរនាំគ្នាកែប្រែការយល់ដឹងរបស់យើង ពង្រឹងខ្លួនឯង កុំចង់ដឹងគុណគេតទៅទៀត តែត្រូវចេះដឹងគុណគេ ហើយជានិច្ចជាកាល យើងត្រូវស្គាល់ខ្លួនឯង ដើម្បីយើងមានលទ្ធភាពសមត្ថភាពយើង ដើម្បីធ្វើ ដើម្បីជាតិយើងដូចនៅសម័យអង្គរ»។
អ្នកជំនាញផ្នែកប្រវត្តិសាស្ត្ររូបនេះ អំពាវនាវឲ្យអ្នកនយោបាយត្រូវពិចារណារួមគ្នាឲ្យប្រទេសមានវឌ្ឍនភាពពិត ដែលមិនមែនជាការដណ្ដើមអំណាចដោយពឹងបរទេស ធ្វើឲ្យប្រទេសខ្ទេចខ្ទាំ ឬត្រូវបន្តដឹងគុណបរទេស រណបបរទេស៖ «កុំនាំគ្នានិយាយដើម្បីប្រឆាំងគ្នាលើកគំនិតអរិភាព ដើម្បីឈ្នះ និងចាញ់ ហើយធ្វើឲ្យយុវជនរបស់យើងវិលវល់ក្នុងការសម្រេចចិត្ត។ យើងត្រូវរកឈ្នាប់សំខាន់ ដើម្បីថ្ពក់ឧត្តមគតិយុវជនរបស់យើងឲ្យគិតពីជាតិ។ ឥឡូវថា ៧ មករា ក៏ដោយចុះ មកដល់ពេលនេះ ៣៧ឆ្នាំហើយ តើយើងបានកសាងប្រទេសបានន័យអីទេ? ហើយយើងខំធ្វើយ៉ាងម៉េចកុំឲ្យប្រវត្តិសាស្ត្រសាដានឡើងវិញ»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដដែលលើកឡើងទៀតថា ការអប់រំក្នុងគ្រួសារ និងនៅសាលារៀន ដែលគិតគូរពីចំណេះដឹងពិត គឺជាផ្នែកមួយសំខាន់ដែលនឹងជួយឲ្យពលរដ្ឋ ជាពិសេសយុវជនទទួលបានចំណេះដឹងទូលំទូលាយ។
ក្នុងពេលដែលមានការបកស្រាយប្រវត្តិសាស្ត្រខុសៗគ្នានេះ អ្វីដែលពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយអាចស្វែងយល់ពីប្រវត្តិសាស្ត្រពិតបាន គឺមានតែការអានឯកសារប្រវត្តិសាស្ត្រឲ្យបានទូលំទូលាយ និងពីគ្រប់ប្រភពនានា ដែលជាមូលដ្ឋាននៃការបង្កើនចំណេះដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
