គណៈកម្មការទី៧នៃរដ្ឋសភាកំពុងសិក្សាពីបញ្ហាប្រឈមនានា នៅខេត្តកោះកុង ដែលជាខេត្តមួយស្ថិតនៅជាប់មាត់សមុទ្រ។ បន្ទាប់ពីប្រមូលព័ត៌មាន និងការចុះអង្កេតផ្ទាល់គ្រប់ជ្រុងជ្រោយរួចហើយ គណៈកម្មការនេះនឹងកោះអញ្ជើញរដ្ឋមន្ត្រីដែលពាក់ព័ន្ធមកពន្យល់ និងសុំឲ្យមានវិធានការដោះស្រាយ។
គណៈកម្មការទី៧នៃរដ្ឋសភាទទួលបន្ទុក ផែនការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ សង្កេតឃើញបញ្ហាអប់រំនៅជនបទក្នុងខេត្តកោះកុង កំពុងមានភាពអសកម្មគួរឲ្យបារម្ភ។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៧ ខែកញ្ញា ថា សម្រាប់ខេត្តកោះកុង គណៈកម្មការលោករកឃើញថា អ្នកដែលរៀនចប់ត្រឹមកម្រិតបឋម និងថ្នាក់មធ្យមសិក្សាមានអត្រាតិចតួច។
ទោះយ៉ាងណា លោកមិនទាន់អាចបង្ហាញចំនួនជាក់លាក់បាននៅឡើយ ដោយសារក្រុមការងារលោកកំពុងសិក្សានៅក្នុងខេត្តនោះនៅឡើយ។ ប៉ុន្តែ លោកបង្ហាញថា មូលហេតុដែលនាំឲ្យសិស្សបោះបង់ការសិក្សាត្រឹមបឋមសិក្សា និងមធ្យមសិក្សាច្រើននោះ មានកត្តារួមផ្សំជាច្រើនយ៉ាង ដូចជាបញ្ហាជីវភាព ស្ថានភាពតំបន់ ការរស់នៅមានការលំបាក៖ «គឺរឿងពីរបីសំខាន់ៗ ទាក់ទងវិស័យអប់រំ ដែលយើងសង្កេតឃើញកំណែទម្រង់ថ្នាក់ក្រោយជាតិនៅមានភាពអសកម្ម និងមានចំណុចអវិជ្ជមានមួយចំនួន ដូច្នេះ យើងជួបជជែកគ្នាជាមួយក្រសួងអប់រំ ពាក់ព័ន្ធរឿងអធិការកិច្ច បញ្ហារបស់លោកគ្រូ អ្នកគ្រូទាំងអស់នេះ ជាកញ្ចប់មួយដ៏ធំដែលយើងឲ្យឈ្មោះថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា»។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីក្រសួង និងមន្ទីរអប់រំខេត្តកោះកុង ដើម្បីពន្យល់ជុំវិញរឿងនេះបាននៅឡើយ នៅថ្ងៃទី១៧ ខែកញ្ញា។
ចំណែកប្រធានស្ដីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកគ្រូ អ៊ុក ឆាយយ៉ាវី មានប្រសាសន៍ថា សមាគមតែងតែទទួលបានព័ត៌មានពីលោកគ្រូ អ្នកគ្រូស្ដីពីសិស្សនៅខេត្តកោះកុង បោះបង់ចោលការសិក្សាពិតជាមានចំនួនច្រើនមែន ដោយសារមានបញ្ហាផ្សេងៗ ពិសេសទាក់ទងនឹងកត្តាជីវភាព៖ «សម័យឥឡូវជាសម័យកំពុងអភិវឌ្ឍន៍ ប៉ុន្តែអភិវឌ្ឍយូរៗទៅពលរដ្ឋកាន់តែក្រីក្រឡើងៗ ធ្វើឲ្យមានការបោះបង់ការសិក្សាដោយសារតែពួកគាត់រង់ទុក្ខដោយសារមានការរំលោភដីធ្លីធ្វើឲ្យគាត់និរទេសខ្លួន ធ្វើឲ្យកូនៗជាយុវជន កុមារាសម្រេចចិត្តបោះបង់ចោលការសិក្សា»។
តែទោះយ៉ាងណា ចំនួនសិស្សដែលចូលរួមប្រលងសញ្ញាបត្រទុតិយភូមិនៅក្នុងឆ្នាំ២០១៥ នេះនៅខេត្តកោះកុង មានចំនួន ៦០០នាក់ ហើយប្រឡងជាប់ជិត ៣០០នាក់។ ចំនួននេះច្រើនជាងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រដូចគ្នាជិត ៣ដង។
ទាក់ទងនឹងភាពអសកម្មលើការកែទម្រង់វិស័យអប់រំនៅទីជនបទនេះ គណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកផែនការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា នៅពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
