លោក ទេព នីថា អគ្គលេខា គ.ជ.ប មានប្រសាសន៍នៅថ្ងៃទី១៤ ឧសភា ថា ក្នុងចំណោមគណបក្សទាំង ៨ គ.ជ.ប បានទទួលស្គាល់ ៥ គណបក្សហើយ គ.ជ.ប កំពុងពិនិត្យបន្ត៖ «ក្នុងរយៈពេល ១៥ថ្ងៃដែលយើងចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតហ្នឹង គឺមានគណបក្ស ៨ បានមកចុះបញ្ជី ហើយ គ.ជ.ប បានធ្វើការពិនិត្យសម្រេចជាផ្លូវការហើយ គណបក្ស ៥ គឺគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ២៤មណ្ឌល គណបក្សសញ្ជាតិកម្ពុជា ២៤មណ្ឌល បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ២៤មណ្ឌល បក្សហ៊្វុនស៊ិនប៉ិច ២៤មណ្ឌល បក្សសាធារណរដ្ឋប្រជាធិបតេយ្យ គាត់ ២២មណ្ឌលទេ ហើយពីរមណ្ឌលទៀត ត្រូវបាន គ.ជ.ប បដិសេធ គឺមណ្ឌលកំពង់ចាម និង មណ្ឌលកែប ដែលគាត់បំពេញឯកសារមិនបានត្រឹមត្រូវ ហើយគណបក្សបីទៀត ក្នុងនោះគណបក្សសង្គ្រោះជាតិ គ.ជ.ប បានសម្រេចម្សិលមិញឲ្យកាត់កែតម្រូវរយៈពេល ៥ថ្ងៃ ហើយព្រឹកមិញនេះ គ.ជ.ប បានសម្រេចគណបក្សពីរទៀត គឺគណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលតម្រូវឲ្យគាត់ធ្វើការតម្រូវដែរក្នុងរយៈ ៥ថ្ងៃ»។
គណបក្សនយោយបាយទាំង ៨ ដែលបានចុះបញ្ជីនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេ្យ គណបក្សសង្គ្រោះជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
