នៅឆ្នាំនេះ រដ្ឋាភិបាលពុំបានរៀបចំពិធីអ្វីដើម្បីអបអរសាទរឲ្យធំដំនោះទេ។ សែរាជវង្សដែលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងព្រះបរមរាជវាំង បានឲ្យដឹងនៅថ្ងៃទី២៩ តុលា ថា ពេញមួយថ្ងៃនេះ ព្រះមហាក្សត្រពុំបានយាងទៅទីជនបទទេ ដោយព្រះអង្គគង់នៅក្នុងព្រះរាជដំណាក់ និងបានទទួលស្វាគម៍ភ្ញៀវកិត្តិយស រាជវង្សសានុវង្ស ដែលបានអញ្ជើញ និងយាងមកថ្វាយព្រះពរដល់ព្រះអង្គផ្ទាល់។
នៅពេលរសៀលថ្ងៃដដែលនេះដែរ ក្នុងព្រះបរមរាជវាំង មានរៀបចំពិធីសូត្រមន្ត ប្រោះព្រំលើករាសីថ្វាយព្រះពរជ័យ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោយសម្តេចសង្ឃទាំងពីរគណៈ បួងសួងសូមទ្រង់មានព្រះកាយពលំរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជានិច្ចនិរន្តតរៀងទៅ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជារាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះវរាជបិតា និងព្រះវរាជមាតា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គបានប្រសូតនៅថ្ងៃទី១៤ ឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។ គិតមកដល់ឆ្នាំ២០១៣ ទ្រង់មានព្រះជន្មាយុ ៦០ព្រះវស្សាហើយ។
ការឡើងគ្រងរាជសម្បត្ដិរបស់ព្រះអង្គ ធ្វើឡើងដោយក្រុមប្រឹក្សាព្រះរាជសម្បត្តិប្រជុំជ្រើសរើសជាឯកច្ឆន្ទ ដើម្បីឲ្យទ្រង់ស្នងរាជបល្ល័ង្កបន្ដព្រះរាជវង្សខ្មែរក្រោយពីការដាក់រាជរបស់ព្រះវរាជបិតា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
ទាក់ទងនឹងការសិក្សា និងបទពិសោធន៍ការងាររបស់ព្រះមហាក្សត្រខ្មែរដែលកំពុងគ្រងរាជសព្វថ្ងៃនេះ គេឃើញមានការចុះផ្សាយនៅលើគេហទំព័ររបស់ព្រះអង្គ។
គេហទំព័រនោះបានបង្ហាញថា ព្រះអង្គធ្លាប់បានសិក្សាតាំងពីកម្រិតបឋមសិក្សា មធ្យមសិក្សា និងការសិក្សាផ្នែកសិល្បៈ របាំតូរ្យតន្រ្ដី និងល្ខោននៅវិទ្យាស្ថានអភិរក្សជាតិនៅប្រទេសឆេកូស្លូវាគី។
ការសិក្សានោះ ព្រះអង្គបានទទួលនូវបរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ដ្រី ហើយទ្រង់មានជំនាញខាងភាសាសាស្រ្ត រួមមានភាសាខ្មែរ បារាំង ភាសាឆែក និងភាសាអង់គ្លេស។
បទពិសោធន៍នៃការបំពេញការងារ ព្រះអង្គធ្លាប់ជាតំណាងអចិន្ដ្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ ទ្រង់ធ្លាប់ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្កូ និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង។
នេះជាព្រះរាជតួនាទីសំខាន់របស់ព្រះអង្គចុងក្រោយនៅក្រៅប្រទេស មុននឹងទ្រង់យាងនិវត្តន៍មកបម្រើការងារមួយចំនួនក្នុងមាតុប្រទេស និងមុននឹងសមាជិកក្រុមប្រឹក្សារាជសម្បត្តិ សម្រេចជ្រើសរើសព្រះអង្គជាព្រះមហាក្សត្រ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០០៤ ហើយព្រះរាជពិធីរៀបអភិសេកព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ តុលា ឆ្នាំ២០០៤ ហើយបើគិតមកដល់ឆ្នាំ២០១៣ នេះ មានរយៈពេល ៩ឆ្នាំហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
