ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបើកកិច្ចប្រជុំពិភាក្សាលើបណ្ដឹងស្ត្រីឈ្មោះ កែវ សុវណ្ណារី ដែលធ្លាប់អះអាងថាជាស្រីស្នេហ៍របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី៦ មិថុនា។
លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់ច្បាស់លាស់ទេថា តើស្ត្រីឈ្មោះ កែវ សុវណ្ណារី នេះ ប្ដឹងលោក កឹម សុខា ពីរឿងអ្វីពិតប្រាកដនោះទេ។
ទោះបីជាបែបនេះក្ដី សារព័ត៌មានក្នុងស្រុកមួយចុះផ្សាយនៅថ្ងៃទី៥ មិថុនា ថា អ្នកស្រី កែវ សុវណ្ណារី ប្ដឹងលោក កឹម សុខា ទៅអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងខ្សែអាត់សំឡេង និងលុយ ៤ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលលោក កឹម សុខា ជូននាង ហើយត្រូវបានផ្សព្វផ្សាយកន្លងមកនោះជាខ្សែអាត់សំឡេងពិតនៃការសន្ទនារវាងនាង និងលោក កឹម សុខា។
ស្ត្រីឈ្មោះ កែវ សុវណ្ណារី ធ្លាប់បានប្ដឹងលោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញមិនបានសម្រេចកាលពីឆ្នំា២០១៣ ដោយអះអាងថា នាងមានកូនប្រុសជាមួយលោក កឹម សុខា ហើយទាមទារសំណងពីលោក កឹម សុខា ថ្លៃលក់ដីធ្លីនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
