អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ​បក្ស​កាន់អំណាច​ចង់​កែ​មាត្រា​២​រដ្ឋធម្មនុញ្ញ

ដោយ ប្រាជ្ញ ចេវ
2016-04-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

អ្នកវិភាគ​និយាយ​ថា ព្រឹត្តិការណ៍​នយោបាយ​ដែល​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​អ្នករងគ្រោះ​ភាគច្រើន​ជា​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ព្រោះ​គណបក្ស​កាន់អំណាច ចង់​ឲ្យ​គណបក្សប្រឆាំង​បែកបាក់ និង​ចង់​ឲ្យ​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ទាក់ទង​រឿង​ប្រើប្រាស់​ផែនទី។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍ថា ស្ថានការណ៍​ដែល​កើត​ឡើងជា​បន្តបន្ទាប់​នេះ គឺ​គណបក្ស​កាន់​អំណាច​ចង់​បំបែកបំបាក់​បក្ស​ប្រឆាំង​មុន​ការបោះឆ្នោត។ លោក​បញ្ជាក់​ថា ការ​បំបែក​នេះ មាន​ពីរ​រូបភាព គឺ​ធ្វើ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា បែកបាក់​គ្នា។ ការ​បំបែកបំបាក់​ក្នុង​រូបភាព​មួយ​ទៀត នឹង​មាន​ក្រុម​មួយ​ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចេញមុខ​មក​ទាមទារ​បោះឆ្នោត​ទម្លាក់ លោក សម រង្ស៊ី ឬ​លោក កឹម សុខា ចេញពី​ក្បាលម៉ាស៊ីន​បក្ស៖ «ជាទូទៅ​ឃើញ​គណបក្ស​កាន់​អំណាច​តែងតែ​រក​វិធីសាស្ត្រ​ដើម្បី​ផ្ដួល​គូប្រកួត តាមរយៈ​បំបែក​បំបាក់ និង​តាមរយៈ​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង»

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លោក កែម ឡី បន្ត​ទៀត​ថា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​ខ្លួន ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​រឿង​ប្រើប្រាស់​ផែនទី៖ «ជាទូទៅ​គាត់ (លោក ហ៊ុន សែន) ចង់​កែប្រែ​មាត្រា​២​ ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ថា ការ​វាស់​បង្គោល​ព្រំដែន​ត្រឹមត្រូវ​យុត្តិធម៌»

ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ រងគ្រោះ​ស្ទើរ​គ្រប់​រូបភាព ចាប់​តាំង​ពី​ប្រធាន​បក្ស អនុប្រធាន​បក្ស សមាជិក និង​អ្នកគាំទ្រ។ ជាក់ស្ដែង ដោយ​លោក សម រង្ស៊ី កំពុង​វ័ណ្ឌក​នឹង​សំណុំរឿង​នៅ​តុលាការ ចំណែក​លោក កឹម សុខា កំពុង​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា រីឯ​សមាជិកសភា​គណបក្ស​នេះ ត្រូវ​គេ​វាយ​ឲ្យ​របួសធ្ងន់ ត្រូវ​ចាប់ខ្លួន​ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិ និង​សមាជិក ព្រមទាំង​សកម្មជន​របស់​ខ្លួន​មួយ​ចំនួន​ទៀត កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​ធនាគារ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និយាយ​ថា ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពិបាក​ចូលរួម​ក្នុង​ការ​បោះឆ្នោត ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ ។ នៅ​ពេល​ចោទ​សួរ​ថា តើ​សមាជិក​របស់​គណបក្ស​ប្រឆាំង អាច​នឹង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នោះ​ទេ លោក យឹម សុវណ្ណ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទើយ។ ប៉ុន្តែ លោក​ថា ប្រសិនបើ​អ្វី​ដែល​ធ្វើឡើង​ដើម្បី​ចំណេញ​ដល់​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ។

កម្ដៅ​នយោបាយ​នៅ​ពេល​នេះ មាន​រូបភាព​ប្រហាក់ប្រហែល​គ្នា​នឹង​ស្ថានភាព​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​អង្គុយ​ធ្វើ​ការ​នៅ​រដ្ឋសភា កាលពី​ឆ្នាំ​២០១៤ ដែល​​កាលណោះ មាន​ផ្ទុះ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មានការ​ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ក្រោយពី​គណបក្ស​នេះ ព្រម​ចូល​សភា​ស្ថានការណ៍​ក៏​វិល​មក​ល្អ​ឡើង។

ទោះ​យ៉ាង​ណា​ក្ដី នៅ​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើម​សកម្មភាព ដឹកនាំ​យុវជន​ចុះទៅ​មើល​ព្រំដែន និង​មាន​ការ​ឌឺដង​ដាក់គ្នា រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឡើងវិញ​ម្ដង​ជា​ពីរ​ដង កម្ដៅ​នយោបាយ​ក៏​ផ្ទុះ​ជាថ្មី​ឡើងវិញ។

ជាថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​អ្នក​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៖ «ខ្ញុំ​សុំ​បញ្ជាក់​តែ​ពីរ​ចំណុច​ទេ ទី​១​ដរាបណា​រដ្ឋធម្មនុញ្ញ​មាត្រា​២​ មិនទាន់​កែប្រែ និង​លុបចោល​ដែល​អនុញ្ញាត​ឲ្យ​ប្រាស់​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ ​(/១០០.០០០) អ្នកណា​និយាយ​ថា ផែនទី​ក្លែងក្លាយ​ត្រូវ​ចាប់ខ្លួន ទី​២ ដរាបណា​សុពលភាព​នៃ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​បន្ថែម​កម្ពុជា​-​វៀតណាម ដែល​សភា​ឲ្យ​សច្ចាប័ន និង​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​គឺ​នៅតែ​ជា​ធរមាន អ្នកឯង​និយាយ​ពី​ផែនទី​ក្លែងក្លាយ​ចាប់ខ្លួន»

ឆ្លើយ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា អ្វី​ដែល​កើតមក​ដល់​ពេល​នេះ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ល្មើសច្បាប់។ ទាក់ទង​រឿង​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ លោក សុខ ឥសាន ថា គណបក្ស​លោក​មិនទាន់​បង្ហាញ​ជំហរ​ថា ចង់​កែប្រែ​មាត្រា​នេះ​ទេ។ ប៉ុន្តែ​លោក​ថា លោក សម រង្ស៊ី ឯណោះ​វិញ​ទេ ធ្លាប់​បង្ហាញ​មាន​និន្នាការ​ចង់​ធ្វើ​វិសោធនកម្ម​មាត្រា​នេះ៖ «គាត់​និន្នាការ​​ចង់​បបួល​គណបក្ស​ប្រជាជន​កែ ប៉ុន្តែ​គណបក្ស​ប្រជាជន​មិន​មាន​គំនិត​ណាមួយ​ចង់​កែ​ទេ បាទ​ដូច្នេះ​សុំ​ឲ្យ​អ្នកនយោបាយ និង​អ្នកវិភាគ​កុំ​យល់​ច្រឡំ​មិនមែន​គំនិត​ផ្ដើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សម រង្ស៊ី បានទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​​មេសា​។ ចំណែក អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​និយាយ​ថា លោក​មិន​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​និយាយ​អំពី​ឆ្នាំ​ផលិត​នៃ​ផែនទី​ទេ ក៏ប៉ុន្តែ​សូម​ឲ្យ​ការ​កែប្រែ​នោះ ចំណេញ​ដល់​ជាតិ​ទាំងមូល។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ចែងថា បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩​។

ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ លោក សម រង្ស៊ី ថា ប្រសិនបើ​ការសម្រេច​កែសម្រួល​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដូច​លោក​ធ្លាប់​ពិគ្រោះ​យោបល់​ជាមួយ លោក ហ៊ុន សែន គឺ​កំណត់​ឆ្នាំ​នៃ​ការផលិត​ផែនទី ត្រូវ​ធ្វើ​ឡើង​មុន​ឆ្នាំ​១៩៣៣ ដែល​រៀបចំ​ដោយ​អាណាព្យាបាល​បារាំង៖ «កែ​ដើម្បី​កែ​ដើម្បី​បញ្ជាក់​ថា យើង​មានលទ្ធភាព​យក​ផែនទី​ពី​ឆ្នាំ​មុន​ៗ មុន​ឆ្នាំ​១៩៣៣ បើ​ផែនទី​មុន​ឆ្នាំ​១៩៣៣ ជាពិសេស​ផែនទី​ឆ្នាំ​១៩១៤ វា​ល្អ​ប្រសើរ​ជាង​សម្រាប់​ប្រទេស​កម្ពុជា យើង​យក​ផែនទី​ឆ្នាំ​១៩១៤។ បើ​យើង​យក​ផែនទី​ឆ្នាំ​១៩១៤ យើង​ត្រូវតែ​លុប​ផែនទី​ឆ្នាំ​១៩៣៣»

ស្រដៀង​គ្នា​ដែរ លោក ហ៊ុន សែន បាន​បង្ហាញ​សាធារណៈ នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ កន្លង​ទៅ​ថា លោក សម រង្ស៊ី មាន​បំណង​ចង់​ធ្វើ​វិសោធនកម្ម មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។ លោក ហ៊ុន ថែមទាំង លើក​ទូរ​សព្ទ​របស់​ខ្លួន​បង្ហា​ញ និង​អាន​សារ (SMS) របស់ លោក សម រង្ស៊ី ដែល​សរសេរ​មក​លោក រឿង​ផ្ដើម​គំនិត​កែប្រែ​មាត្រា​នេះ៖ «មេ​របស់​អស់លោក​បបួល​ខ្ញុំ​ធ្វើ​វិសោធនកម្ម ខ្ញុំ​យល់ថា​ពេលវេលា​វា​មិនទាន់​សមស្រប​ទេ ព្រោះ​គាត់​យល់ដឹង​ដូច​ខ្ញុំ​ដែរ។ រឿង​នៅ​ខាងលិច​វា​ត្រូវ​ប្រើ ២០០​ពាន់ នៅ​ជាមួយ​ឡាវ។ ឥឡូវ​យើង​ធ្វើ​ផែនទី​តែ​ជាមួយ​វៀតណាម ទេ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​២ មើល​ឲ្យ​ច្បាស់​ទៅ។ ប៉ុន្តែ​សោកស្ដាយ​នៅ​ត្រង់ថា មេ​នេះ​រឿង​អាថ៌កំបាំង​របស់​មេ ប៉ុន្តែ​មេ​មិន​ព្រម​ប្រាប់​កូន វា​ពិបាក​អ៊ីចឹង»

ប្រមុខ​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំងពីរ ចោទ​គ្នា​ទៅវិញទៅមក​រឿង​អ្នក​ផ្ដើម​គំនិត​កែប្រែ​មាត្រា​នេះ​។ លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ដួចផ្ដើម​នាំ​ឲ្យ​គិតគូរ​កែ​នេះ គឺ​លោក ហ៊ុន សែន ទេ​ជា​អ្នក​ផ្ដល់​យោបល់​មុន ហើយ​លោក​ជា​អ្នក​ឯកភាព​តាម​ក្រោយ ដែល​ធ្វើឡើង​ក្នុង​ជំនួប​ជា​លក្ខណៈ​គ្រួសារ​មួយ​កាលពី​ខែ​កក្កដា កន្លងទៅ។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុង ហៃ ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មែន​នោះ គណបក្ស​នេះ​នឹង​បាត់បង់​ប្រជាប្រិយភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​។ ប៉ុន្តែ អ្នកវិភាគ​រូប​នេះ មិន​ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​កែប្រែ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ៖ «ខ្ញុំ​មិន​ទាន់​ជឿ​ទេ ថា​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​តាម»

ការ​ប្រើប្រាស់​សម្រាប់​ផែនទី​សព្វថ្ងៃ របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​បាន​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច ដែល​កំពុង​ចុះ​មើល​បង្គោល​ព្រំដែន​ពន្យល់​ថា ផែនទី​កម្ពុជា ប្រើ​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ជា​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​(/១០០.០០០) ដែល​បន្សល់​ដោយ​អាណានិគមនិយម​បារាំង ក្នុង​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៥៣។ ចំណែក​ផែនទី​ប្រើ​ជាមួយ​ថៃ ជា​ផែនទី​ខ្នាត​មួយ​លើ​ពីរ​រយ​ពាន់ ​(/២០០.០០០) កំណត់​នៅ​ក្នុង​សន្ធិសញ្ញា បារាំង​សៀម ឆ្នាំ​១៩០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ចប់ហើយខ្មែរបើកែមាត្រា២។

Apr 18, 2016 12:27 PM

អ្នក​អាន​អនាមិក

តាមប្រជាពលរដ្ឋ សង្កេតមើល = ហេតុអ្វី បានជា លោក ហ៊ុន សែន នៅតែធ្វើ កញ្ជះ នយោបាយអោយ វៀតណាម ដដែល ?
ឬ មួយបើមិនធ្វើតាម ចារកម្មវៀតណាម នៅស្រុកខ្មែរ នឹងធ្វើឃាត ហ៊ុន សែន ?

Apr 17, 2016 12:09 AM

អ្នក​អាន​អនាមិក

កាពិតណាស់ ធ្វេីអ្វីក៏ដេាយឧ្យតែ ចំណែញសង្គមជាតិ

Apr 16, 2016 10:20 AM

ភវវរ័្មន

ពី បាវិត

សម្ដីលោក សុខ ឥសាន ចំពោះស្ទើរគ្រប់ករណីជា ភាសាប្រមាថ ប្រជាជាតិខ្មែរជាទូទៅ ចាត់ទុកសាធារណជន ថាគ្មានអគតិយល់ដឹងអាចបែកចែង បញ្ហាខុសត្រូវបាន! យើងមិនអាចទទួលយកបានចំពោះការប្រមាថបែបនេះ! ខ្ញុំយល់ថាសាធារណជនខ្មែរមានគតិគ្រប់គ្រាន់មើលយល់ល្បិចកល អាក្រក់ជួជាតិរបស់បក្ខពួកដែលមានចរឹក ថោកទាបឥតខ្មាស់ទាំងនោះ!

Apr 16, 2016 01:48 AM

នេម មេច

ពី ពី ប្រទេស​បារាំង

គួរជៀសវាង បង្កើតច្បាប់ ឬ​ កែប្រែច្បាប់​ ក្នុងពេលមួយដែល
ប្រទេសជាតិគ្មានបរិយាកាស អព្យាក្រិត​ក្នុងការ​ វែកញែក បញ្ចេញមតិ​ អោយបានហ្មត់ចត់ និង​ត្រិមត្រូវ ។ ស្រុកខ្មែរ
យើងសព្វថ្ងៃនេះ មិនគ្រាន់តែខ្វះបរិយាកាសអព្យាក្រិត​ ផ្ទុយ
ទៅវីញ គេសង្គតឃើញអ្នកកាន់អំណាច ធ្វើការគៀបសង្កត់​
សំឡុត បំភិតបំភៃ វាយដំ ទាត់ធាក់​ (អ្នកដែលមិនគាំទ្រក្រុម
ខ្ឡួន និង អ្នកការពារប្រយោជន៍ជាតិ )​។ ឯកសារ មាននៅ​ក្នុង
ដៃអ្នកច្បាប់អន្តរជាតិហើយ ! ។ និយាយអោយខ្លី គឺ ធ្វើ
ឬ កែ​ ច្បាប់ក្នុងពេលនេះ គឺ អាចមានគំនិត​បំណង​ បំភាន់
មតិមហាជនហើយ ។​ ​ គោលគំនិត ក្រឡិច ក្រឡុច
"ឈ្លៀតពង" បែបនេះ មើលទៅឃើញច្បាស់ក្រឡែត ហើយ
ធំុក្លឹន ​ទៀតផង !


Apr 15, 2016 02:59 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល