ខណៈនយោបាយឡើងកម្តៅខ្លាំង អ្នកវិភាគស្នើឲ្យអ្នកនយោបាយពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា បន្ទន់ឥរិយាបថរកតុចរចា ផ្អែកតាមកិច្ចព្រមព្រាងវប្បធម៌សន្ទនាដែលមានស្រាប់ បន្ធូរបន្ថយភាពតានតឹងនយោបាយ ដើម្បីប្រយោជន៍ប្រជាជន និងជាតិរួម។ គណបក្សទាំងពីរមកដល់ពេលនេះមិនទាន់មានគម្រោងបើកចរចានៅឡើយទេ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដាននយោបាយ លោក សូ ចន្ថា ថ្លែងថា ស្ថានការណ៍នយោបាយបច្ចុប្បន្ននឹងអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញបាន ល្គឹកណាគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបន្ទន់ឥរិយាបថ។ លោកថា អ្នកនយោបាយពីគណបក្សទាំងពីរ បើទោះជាគូប្រកួតប្រជែង ក៏ប៉ុន្តែជាខ្មែរដែលមានមាតុភូមិកំណើតរួមគ្នា។
លោកថា ប្រសិនបើអ្នកនយោបាយខ្មែរ បណ្ដែតបណ្ដោយឲ្យមានហិង្សាកើតឡើង តាមរយៈការធ្វើបាតុកម្ម និងការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា នឹងជួបហានិភ័យនយោបាយ៖ «អ្វីដែលខ្ញុំ និងប្រជាជនខ្មែរមិនចង់ឃើញ គឺបាតុកម្មប្រឆាំងគ្នារវាងខ្មែរ និងខ្មែរ បង្ហូរឈាមគ្នា។ ខ្មែរជាអ្នកខាត ក៏ប៉ុន្តែបរទេសជាអ្នកចំណេញ។ អ៊ីចឹងភាគីនីមួយៗ គួរជំរុញឲ្យមានវប្បធម៌សន្ទនាឲ្យបានច្រើន»។
លោកមានសុទិដ្ឋិនិយមថា អ្នកនយោបាយខ្មែរដែលអះអាងក្ដែងៗ ថាបម្រើផលប្រយោជន៍ជាតិ នឹងអាចយកបទពិសោធន៍ពីទំនាក់ទំនងរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ដែលប្រែក្លាយពីសត្រូវហុតឈាមមកជាមិត្តនឹងគ្នាវិញ។
ស្របពេលតំណាងរាស្ត្រមន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សបន្តបន្ទាប់គណបក្សទាំងពីរ កំពុងរកផ្លូវរួមដើម្បីចរចា ប៉ុន្តែនៅមិនទាន់លេចជារូបរាងនៅឡើយទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា គណបក្សលោកនឹងបន្តពង្រឹងវប្បធម៌សន្ទនា។ លោកចង់ឃើញអាជ្ញាធរដោះលែងសកម្មជនគណបក្សលោក និងមន្ត្រីសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំឲ្យមានសេរីភាពវិញ ដើម្បីស្ថានភាពត្រឡប់ទៅរកភាពដើមវិញ៖ «បើថា ប្រធានភាគតិច និងប្រធានភាគច្រើន ( នៅក្នុងរដ្ឋសភា ) មិនទាន់អាចជជែកគ្នាបាន ក៏យើងអាចជជែកតាមរយៈ គណៈកម្មការពង្រឹងវប្បធម៌សន្ទនា។ ដូច្នេះ សង្ឃឹមថា យើងនឹងរកវិធីណាមួយដើម្បីឲ្យក្រុមទាំងពីរអាចជួបគ្នា និងជជែកគ្នា។ មិនគួរលើកពីករណី ឯកឧត្ដម សម រង្សី ឯកឧត្ដម កឹម សុខា ជាឧបសគ្គអី»។
ឆ្លើយតបនឹងការលើកឡើងនេះ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ស្វាគមន៍ចំពោះការប្រើប្រាស់វប្បធម៌សន្ទនាដើម្បីចរចា។ ក៏ប៉ុន្តែ លោកយល់ថា គណបក្សសង្គ្រោះជាតិ គួរបញ្ឈប់ទម្លាប់ចាប់ដៃជាន់ជើង៖ «គណបក្សប្រជាជន មិនដែលចង់បានអ្វីពីគណបក្សសង្គ្រោះជាតិទេ។ យើងស្នើឲ្យ ( គណបក្សសង្គ្រោះជាតិ ) អនុវត្តបានត្រឹមត្រូវ និងអនុវត្តបានត្រឹមត្រូវ ទៅតាមកិច្ចព្រមព្រៀង ហើយគោរពទៅតាមអ្វីដែលយើងបានសម្រេចជាមួយគ្នាតាមរយៈវប្បធម៌សន្ទនា ហ្នឹងសំខាន់។ គណបក្សសង្គ្រោះជាតិ ចាប់ដៃ វ៉ៃជើង។ ដូចសម្ដេចនាយកមានប្រសាសន៍អ៊ីចឹង បោះបង់គំនិតហ្នឹងចោលទៅ អាគំនិតញុះញង់ហ្នឹង បោះបង់ចោលទៅ»។
សម្រាប់សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ផ្ដល់អនុសាសន៍ថា គណបក្សទាំងពីរគួរកំណត់លក្ខខណ្ឌរៀងខ្លួនឲ្យបាន និងសមហេតុតាមស្ថានការណ៍ជាក់ស្ដែង៖ «ជាការពិតនៅពេលលក្ខខណ្ឌខ្ពស់ យើងឃើញថា ការចរចានឹងមិនបានជោគជ័យទេ។ ក៏ប៉ុន្តែ អ្វីដែលគួរជជែកគ្នានៅទីនេះវិញ ធ្វើយ៉ាងណា ឲ្យកម្ដៅនយោបាយថយចុះ ដែលបង្ហាញពីការឯកភាពជាតិ ជាជាងការបង្ហាញឲ្យបរទេសឃើញពីការបែកបាក់គ្នា។ នៅពេលនោះហើយដែលបរទេសញញឹម ហើយសង្ឃឹមទទួលបានផលប្រយោជន៍ពីខ្មែរយើង»។
កិច្ចព្រមព្រៀងនយោបាយស្ដីពីដំណោះស្រាយនយោបាយ បានបង្កើតជាវប្បធម៌សន្ទនា តាមរយៈកិច្ចពិភាក្សារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលមាន ៧ប្រការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
