អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា យល់ឃើញថា ការប្រកាសមិនចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រធានគណបក្សកាន់អំណាច នឹងធ្វើឲ្យមានការប្រេះឆាជាតិធ្ងន់ធ្ងរ។ ការប្រេះឆាដែលនឹងអាចនាំមកនូវការប្រឈមរវាងគណបក្សកាន់អំណាច ដែលមានកងកម្លាំងប្រដាប់អាវុធ និងគណបក្សប្រឆាំងដែលមានកម្លាំងប្រជាជនគាំទ្រ។ ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលផ្នែកការបោះឆ្នោត ព្រមានថា បើសិនជាស្ថានការណ៍នយោបាយនៅតែស្ថិតក្នុងភាពចម្រូងចម្រាសដូចសព្វថ្ងៃ វានឹងអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោត ដែលកាន់តែខិតជិតមកដល់នៅពេលខាងមុខ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត សូ ចន្ថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មិថុនា ថា ជំហរមិនចរចាជាមួយគណបក្សប្រឆាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរសម្រាប់ជាតិខ្មែរ។ ផលវិបាកទាំងនោះ គឺជាការបាត់បង់សាមគ្គីជាតិ ខាតបង់ផលប្រយោជន៍ការបរទេស និងការខាតបង់ប្រយោជន៍សេដ្ឋកិច្ច៖ «ទីមួយ គឺខាតបង់ជាតិ ខ្មែរយើងបែកបាក់គ្នា។ ជាការខាតបង់ធ្ងន់ធ្ងរទៀតទៅលើនយោបាយការបរទេស ពីព្រោះយើងឃើញហើយកន្លងមក យើងមិនសូវល្បីឈ្មោះល្អលើឆាកអន្តរជាតិប៉ុន្មានទេ។ ចំណុចទីបី យើងខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ពីព្រោះនៅពេលដែលអ្នកដឹកនាំខ្មែរមិនអាចជជែកគ្នា មិនអាចនិយាយគ្នាបាន ដើម្បីបង្រួបបង្រួមជាតិផង។ តើឲ្យបរទេសណា ឬអ្នកវិនិយោគណាដែលហ៊ានបោះទុនកញ្ចប់លុយរាប់ពាន់លានដុល្លារមករកស៊ីនៅកម្ពុជា»។
ការថ្លែងរបស់អ្នកវិភាគរូបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់សារព័ត៌មាន ហ្វ្រេស ញ៉ូវ (Fresh News) កាលពីយប់ថ្ងៃទី១១ មិថុនា ថា នឹងគ្មានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះឡើយ។
លោក ហ៊ុន សែន ថ្លែងថា ការចរចាណាមួយ នឹងអាចជះឥទ្ធិពលដល់ដំណើរការតុលាការដែលកំពុងមានចំណាត់ការលើរឿងមួយចំនួន ហើយថា រដ្ឋសភា គឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើរការរបស់ជាតិ តែគណបក្សសង្គ្រោះជាតិ បានបោះបង់ចោលដោយខ្លួនឯង។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា បើសិនជាមានការចរចាគ្នាមែន គណបក្សរបស់លោក នឹងមិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនជជែកលើករណីអ្នកជាប់ពន្ធនាគារនោះដែរ។
តាមរយៈការប្រកាសបែបនេះ លោក សូ ចន្ថា គិតថា មេដឹកនាំនយោបាយនៅកម្ពុជា គ្មានឆន្ទៈចង់ដោះស្រាយបញ្ហាជាតិនោះទេ ប៉ុន្តែបែរជារិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីតែការរក្សាអំណាចរបស់ខ្លួន៖ «ការលើកឡើងបែបនេះ ឆ្លុះបញ្ចាំងអំពីលោកនាយករដ្ឋមន្ត្រីគ្មានឆន្ទៈក្នុងការបង្រួបបង្រួមជាតិ គ្មានឆន្ទៈនិយាយអំពីបញ្ហាជាតិជាមួយនឹងដៃគូជំទាស់នយោបាយរបស់គាត់ទេ។ ទីពីរ ខ្ញុំគិតថាការលើកឡើងបែបនេះ ហាក់ដូចជាបានបង្ហាញថា ដៃគូជំទាស់នយោបាយរបស់គណបក្សកាន់អំណាចជាសត្រូវទៅវិញ»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ព្រមានថា ដរាបណាស្ថានការណ៍នយោបាយនៅតែតឹងតែងបែបនេះ វានឹងជះឥទ្ធិពលអាក្រក់ទៅលើការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៖ «ប្រកួតប្រជែងការបោះឆ្នោត វាត្រូវការការដេញដោលគ្នារបស់គណបក្សនយោបាយ និងអ្នកនយោបាយ។ បើសិនជាគាត់ភ័យខ្លាចមិនអាចបញ្ចេញមតិបាន នោះយោបល់ និងមតិផ្សេងៗមិនអាចបានទៅដល់ប្រជាពលរដ្ឋនោះទេ។ បើមានតែភាគីម្ខាងដែលអាចបញ្ចេញមតិបាន ហើយភាគីម្ខាងទៀតមិនបាន នោះវាប៉ះពាល់ទីលានប្រកួតការបោះឆ្នោតដោយត្រឹមត្រូវ»។
លោក គល់ បញ្ញា បញ្ជាក់ទៀតថា រដ្ឋាភិបាលមិនត្រូវទុកបណ្តែតបណ្តោយឲ្យបញ្ហានយោបាយទាំងឡាយ អូសបន្លាយដល់ពេលបោះឆ្នោតនោះទេ ពីព្រោះស្ថាប័នមួយនេះមានការទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងការធានាឲ្យបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការប្រកាសរបស់លោក ហ៊ុន សែន មិនមែនជាការរំលាយវប្បធម៌សន្ទនានោះទេ ប៉ុន្តែគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នតែប៉ុណ្ណោះ។ លោកថា ការជួបចរចាណាមួយរវាងបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចកើតមានឡើង លុះត្រាតែតុលាការអនុវត្តនីតិវិធីរបស់ខ្លួនរួចរាល់ជាមុនសិន៖ «អ្នកជាប់ទោសប៉ុន្មាននាក់ហ្នឹងស្ថិតក្នុងដៃតុលាការ។ តុលាការកំពុងដំណើរការនីតិវិធី។ អ៊ីចឹងបើកាលណាយើងជជែកគ្នា វានាំឲ្យមានឥទ្ធិពលទៅដល់ការងាររបស់តុលាការ។ អ៊ីចឹងជជែកគ្នាអត់កើតទេ»។
ទោះបីជាមានការប្រកាសបែបនេះក្តី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកមិនគិតថា នេះជាការបិទផ្លូវមិនឲ្យមានការចរចាគ្នានោះទេ។ លោកជឿជាក់ថា ក្តីសង្ឃឹមនៅតែមាន ពីព្រោះគណបក្សទាំងពីរសុទ្ធតែចង់ដោះស្រាយបញ្ហាដូចគ្នា ហើយគណបក្សសង្គ្រោះជាតិ នឹងរិះរកវិធីជាបន្តទៀត ដើម្បីអាចជួបជជែកគ្នាជាមួយភាគីគណបក្សប្រជាជនកម្ពុជា ឈានដល់ការដោះស្រាយបញ្ចប់បញ្ហាទាំងឡាយដែលកំពុងកើតមាន៖ «ធម្មតាកាលណាយើងមានការចង់ជួបគ្នា យើងទទួលស្គាល់បញ្ហាត្រូវដោះស្រាយ តែបើយើងមិនដោះស្រាយឲ្យចំឫសគល់នៃបញ្ហា ការជួបជុំគ្នានោះ គឺវាប្រាកដជាមិនជោគជ័យនោះទេ។ ប៉ុន្តែខ្ញុំជឿថា គណបក្សទាំងពីរ ទាំងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ប្រាកដជាមិនចង់ទុកបញ្ហា គឺចង់ដោះស្រាយបញ្ហាដើម្បីឲ្យមានភាពប្រក្រតី»។
បញ្ហាសង្គម និងនយោបាយនៅកម្ពុជា មានសភាពកាន់តែតានតឹងឡើង បន្ទាប់ពីសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន មន្ត្រី គ.ជ.ប ព្រមទាំងតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងជាច្រើនរូប ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់។ ក្រៅពីនេះ ការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាពសឹងតែបង្កឲ្យផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
ស្ថិតក្នុងស្ថានភាពបែបនេះ ទាំងអង្គការជាតិ និងអន្តរជាតិជាច្រើន ពិសេសអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានបង្ហាញក្តីព្រួយបារម្ភខ្លួន និងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានានូវការគោរពសិទ្ធិមនុស្សពេញលេញ ដែលរួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំ ជាពិសេសពួកគេទទូចឲ្យគណបក្សជាប់ឆ្នោតទាំងពីរ បន្តវប្បធម៌សន្ទនាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
