អង្គភាពប្រឆាំងអំពើពុករលួយ មានគម្រោងបើកទូលាយឲ្យម្ចាស់ពាក្យបណ្ដឹង ចូលស្តាប់ការវែកញែកពាក្យបណ្ដឹងរបស់ខ្លួនទាក់ទងរឿងពុករលួយ។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ស្វាគមន៍ចំពោះវិធានការថ្មីនេះ ប៉ុន្តែលើកឡើងថា វាអាចមានផលប្រយោជន៍ និងផលវិបាក។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឲ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០១៥ តទៅ អង្គភាពមានគម្រោងបើកទូលាយឲ្យម្ចាស់ពាក្យបណ្ដឹង ចូលស្តាប់ការវែកញែកពាក្យបណ្ដឹងរបស់ខ្លួន នៅអង្គភាពប្រឆាំងអំពើពុករលួយជារៀងរាល់ព្រឹក។
គម្រោងបើកទូលាយឲ្យម្ចាស់ពាក្យបណ្ដឹង ចូលស្តាប់ការជជែកវែកញែកនៅក្នុងពាក្យបណ្ដឹងខ្លួននោះ មាននៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អំពីលទ្ធផលកិច្ចប្រជុំលើកទី៤៧ ដែលរាយការណ៍ដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពីសកម្មភាពសំខាន់ៗមួយចំនួនក្នុងខែវិច្ឆិកា។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៦ វិច្ឆិកា មានប្រសាសន៍បញ្ជាក់បន្ថែមអំពីគម្រោងបើកទូលាយឲ្យម្ចាស់ពាក្យបណ្ដឹង ចូលរួមស្តាប់ការវែកញែកពាក្យបណ្ដឹងរបស់ខ្លួនថា វាមានប្រយោជន៍ឲ្យម្ចាស់ពាក្យបណ្ដឹងអាចស្ងប់ចិត្ត ដឹងបន្ថែមព័ត៌មានទាក់ទងពាក្យបណ្ដឹងរបស់ខ្លួន និងអាចសម្រេចចិត្តក្នុងការចាត់ការបន្តចំពោះពាក្យបណ្ដឹងនោះ។
លោក ពេជ្រ ពិសី នាយកកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៦ វិច្ឆិកា ថា គម្រោងបើកទូលាយឲ្យម្ចាស់ពាក្យបណ្ដឹងចូលរួមស្តាប់ការវែកញែកពាក្យបណ្ដឹងរបស់ខ្លួននោះ វាអាចមានផលប្រយោជន៍ និងមានផលវិបាក។ ផលប្រយោជន៍ គឺម្ចាស់ពាក្យបណ្ដឹងអាចដឹងព័ត៌មានទូទៅ ក្នុងការស៊ើបអង្កេតនៃពាក្យបណ្ដឹងរបស់ខ្លួន។ ចំពោះផលវិបាកវិញ គឺម្ចាស់ពាក្យបណ្ដឹង ត្រូវបង្ហាញខ្លួនជាសាធារណៈ ដែលអាចធ្វើឲ្យមានការសងសឹក នាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួន។ ប៉ុន្តែវាអាស្រ័យលើការហ៊ានបង្ហាញខ្លួន និងចូលរួមរបស់ម្ចាស់ពាក្យបណ្ដឹងប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឲ្យដឹងថា នៅក្នុងខែវិច្ឆិកា នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្ដឹងចំនួន ៧៦ករណី ក្នុងនោះមាន ៤៤ករណីជាពាក្យបណ្ដឹងអនាមិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
