រដ្ឋសភា​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​ដោយ​ព្យួរ​ការងារ​និង​កាត់​ប្រាក់ខែ​លោក អ៊ុំ សំអាន

0:00 / 0:00

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា បាន​ប្រជុំ​សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដោយ​ព្យួរ​ការងារ និង​កាត់​ប្រាក់ខែ ដោយ​ចោទ​ថា តំណាងរាស្ត្រ​រូប​នេះ​ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ប្រធាន​រដ្ឋ​សភា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​បែប​នេះ ថា​ជា​ការ​ចុះ​អន់ថយ​នៃ​ការ​អនុវត្ត​ច្បាប់​នៃ​ស្ថាប័ន​រដ្ឋ​សភា និង​ជា​ការ​រាំង​ខ្ទប់​នៃ​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ក្រោម​ហេតុផល​នយោបាយ។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ពី​បក្ស​ប្រឆាំង មិន​យល់​ស្រប​តាម​ការ​សម្រេច​នេះ​ទេ ប៉ុន្តែ​ពុំ​មាន​សំឡេង​គ្រប់គ្រាន់​អាច​ជំទាស់​បាន។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពី​គណបក្ស​ប្រឆាំង​មាន ៦​រូប ចំណែក​គណបក្ស​ប្រជាជន មាន ៧​រូប ហើយ​ការ​សម្រេច​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​អនុម័ត​ត្រូវ​កំណត់​តាម​រូបមន្ត ៥០ បូក ១។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​ចូល​ប្រជុំ​ដែរ​នោះ បាន​ចាត់​ទុក​ការ​សម្រេច​លើ​ករណី​លោក អ៊ុំ សំអាន ជា​រឿង​ខុស​ច្បាប់ ហើយ​សុំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ពិចារណា​ឡើង​វិញ ដោយ​ត្រូវ​ពិនិត្យ​មើល​ប្រការ​៧៩ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា មុន​នឹង​សម្រេច​ដាក់​ពិន័យ​តំណាងរាស្ត្រ៖ «ខ្ញុំ​យល់​ថា តឹងតែង​ហួស ពីព្រោះ​អាច​ពិន័យ​ត្រឹម​ការ​ក្រើន​រំលឹក​លើក​ទីមួយ»

ប្រការ​៧៩ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ចែង​ថា ការ​បន្ទោស ឬ​ការ​បន្ទោស​ហើយ​បណ្ដេញ​ចេញ​ផង ត្រូវ​អនុម័ត​ដោយ​អង្គ​សភា​តាម​វិធី​លើកដៃ ឬ​បោះឆ្នោត​ចំហ តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​រដ្ឋ​សភា។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដែល​សមាជិក​ពី​គណបក្ស​ប្រជាជន ៧​រូប ក្នុង​ចំណោម​សមាជិក ១៣​រូប បាន​ដាក់​ទោស​លោក អ៊ុំ សំអាន យោង​ប្រការ​៨១ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា។ ទី​១ កាត់​ប្រាក់ខែ ៥០​ភាគរយ រយៈពេល ២​ខែ ទី​២ ផ្សព្វផ្សាយ​នូវ​ទោសកំហុស ហើយ​បិទ​នៅ​គ្រប់​ឃុំ​ក្នុង​មណ្ឌល​សៀមរាប ទី​៣ ហាម​មិន​ឲ្យ​ចូលរួម​ប្រជុំ​សភា​ចំនួន ១៥​លើក។

សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ក្រោយ​កិច្ចប្រជុំ​ចប់​ភ្លាមៗ ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្នុង​ប្រការ​១ ចែង​ទៀត​ថា សកម្មភាព​របស់​តំណាងរាស្ត្រ អ៊ុំ សំអាន ដែល​បាន​ផ្សាយ​ចេញ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ចាត់​ទុក​ជា​អំពើ​ប្រព្រឹត្តិ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋ​សភា និង​ជា​ការ​ប្រមាថ​មើលងាយ​ប្រធាន​រដ្ឋសភា ដែល​ផ្ទុយ​ពី​មាត្រា​៨៧ នៃ​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ប្រការ​មួយ​ចំនួន​ទៀត​នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា។

លោក អ៊ុំ សំអាន ធ្លាប់​មាន​គម្រោង​ប្ដឹង​ប្រធាន​រដ្ឋសភា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​រឿង​លោក ហេង សំរិន មិន​បញ្ជូន​លិខិត​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទៅ​រដ្ឋាភិបាល សុំ​ឲ្យ​ផ្អាក​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម បណ្ដោះអាសន្ន និង​បាន​បញ្ចេញ​មតិ​រិះគន់​លោក ហេង សំរិន ថា មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម ពី​រឿង​ភូមិ​កំណើត​របស់​លោក​បាត់​ចូល​ក្នុង​ទឹកដី​វៀតណាម ហើយ​ចង់​យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ដោះដូរ​ដើម្បី​បាន​ភូមិ​កំណើត​របស់​ខ្លួន​មក​វិញ។

​ទាក់ទង​បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​រឿង​នេះ​ថា​ជា​សិទ្ធិ​បញ្ចេញ​មតិ និង​ជា​កាតព្វកិច្ច​របស់​តំណាងរាស្ត្រ​ដែល​ត្រូវ​ធ្វើ។

​ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថ្លែង​ថា ទាំង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា មិន​មាន​ចែង​ទាល់តែសោះ​ថា ប្រធាន​រដ្ឋសភា​ត្រូវ​បាន​ហាម​ឃាត​ដាច់​ខាត មិន​ឲ្យ​​រិះគន់ ឬ​និយាយ​ប៉ះពាល់​មិន​បាន​នោះ​ទេ ហើយ​ក៏​មិនមែន​រាល់​ការ​រិះគន់​ទាំង​ឡាយ​ត្រូវ​តែ​បក​ស្រាយ​ទៅ​ជា​ការ​ប្រមាថ​មើល​ងាយ ប៉ះពាល់​ដល់​កិត្តិយស​នោះ​ទេ៖ «ប្រជាពលរដ្ឋ ​សាមញ្ញ​ក៏​និយាយ​បាន​ដែរ​រឿង​ហ្នឹង គ្មាន​នរណា​គេ​ប្ដឹង​ទៅ​តុលាការ​អី​អ៊ីចឹង​ទេ ងាប់​ហើយ! តើ​សេរីភាព​បញ្ចេញ​មតិ​យ៉ាង​ម៉េច​ទៅ​បើ​អ្នក​តំណាងរាស្ត្រ​បញ្ចេញ​មតិ​ ប៉ុណ្ណឹង​ត្រូវ​គេ​ដាក់​ពិន័យ​ចុះ​ទម្រាំ​ប្រជារាស្ត្រ​ធ្វើ​ម៉េច​ទៅ»

យ៉ាង​ណា​ក៏ដោយ លោក អ៊ុំ សំអាន ឬ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ប្រតិកម្ម​ធ្ងន់ៗ​ជា​សាធារណៈ​ជុំវិញ​ការ​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​សភា​នោះ​ទេ ដើម្បី​កុំ​ឲ្យ​កម្ដៅ​នយោបាយ​ឡើង​ខ្លាំង។

លោក អ៊ុំ សំអាន ថ្លែង​ថា ការ​សម្រេច​ដាក់​ពិន័យ​លើ​រូប​លោក គឺ​ជា​រឿង​មិន​សម​ហេតុផល និង​ជា​នីតិវិធី​ខុស​ច្បាប់។ លោក​នៅ​តែ​ធ្វើ​ការងារ​របស់​លោក​ជា​អ្នក​តំណាងរាស្ត្រ​ដដែល ដូចជា​ការ​ឃ្លាំមើល​បញ្ហា​ព្រំដែន ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក​ជាដើម។

លើស​ពី​ការ​ដាក់​ពិន័យ​នេះ​ទៅ​ទៀត លោក អ៊ុំ សំអាន អាច​ប្រឈម​មុខ​នឹង​ផ្លូវ​តុលាការ​ពី​បទ​ប្រមាថ​មើលងាយ បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដោយ​យោង​តាម​ក្រមព្រហ្មទណ្ឌ​ក្នុង​ករណី​ដែល​លោក អ៊ុំ សំអាន នៅ​តែ​បន្ត​រិះគន់​ធ្ងន់ៗ​លើ​បញ្ហា​ព្រំដែន ឬ​បញ្ហា​ផ្សេង​ទៀត​ទៅ​លើ​រដ្ឋាភិបាល ឬ​ពុំ​មាន​ការ​សម្របសម្រួល​ណា​មួយ​ជាមួយ​លោក ហេង សំរិន នោះ​ទេ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ថ្លែង​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា ការ​បន្ត​ប្ដឹង​លោក អ៊ុំ សំអាន ទៅ​តុលាការ ឬ​យ៉ាង​ណា​ទៀត​នោះ គឺ​អាស្រ័យ​លើ​សិទ្ធិ​របស់​លោក ហេង សំរិន ផ្ទាល់។ លោក គល់ បញ្ហា ព្រួយ​បារម្ភ​ចំពោះ​ការ​ទម្លាក់​តម្លៃ​អ្នក​តំណាងរាស្ត្រ ដោយសារ​តែ​ហេតុផល​នយោបាយ ចង់​ដាក់​សម្ពាធ​នយោបាយ​ទៅ​លើ​បក្ស​ប្រឆាំង​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​សំខាន់​របស់​ខ្លួន​នោះ៖ «ចំពោះ​ជំហរ​នយោបាយ តួនាទី​របស់​ខ្ញុំ​ជា​អ្នក​តំណាងរាស្ត្រ គឺ​ខ្ញុំ​នៅ​តែ​ធ្វើ​ដដែល អត់​មាន​ប្រែប្រួល​ទេ»

​លោក​បន្ត​ថា ករណី​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​អនុវត្ត​ច្បាប់​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​សភា។

លោក ឈាង វុន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា​បាន​រក​ឃើញ​ថា ករណី​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន អាច​ប្រឈម​នឹង​ករណី​ពីរ​យ៉ាង គឺ​វិធានការ​ដាក់​វិន័យ​រដ្ឋបាល​ក្នុង​រដ្ឋសភា និង​ការ​ប្រើ​សិទ្ធិ​បុគ្គល​ប្ដឹង​តាម​ផ្លូវ​តុលាការ។

​ការ​ដាក់​សម្ពាធ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ស្រប​ពេល​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម កំពុង​ឡើង​កម្ដៅ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១១​រូប កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។