ព្រឹទ្ធសមាជិកនៃគណបក្សហ្រ្គីន (Green) របស់ប្រទេសអូស្ត្រាលី (Australia) អ្នកស្រី សារ៉ាស ហាន់សុន យ៉ុង (Sarah Hanson-Young) គ្រោងនឹងមកកម្ពុជា នៅសប្ដាហ៍ក្រោយ ក្នុងដំណើរស្វែងរកការពិតចំពោះបញ្ហាចម្រូងចម្រាសនៃគម្រោងទទួលយកជនភៀសខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអូស្ត្រាលី មកកាន់កម្ពុជា។
សារព័ត៌មានក្នុងប្រទេសអូស្ត្រាលី ចុះផ្សាយថា ក្នុងបេសកកម្មនោះ អ្នកស្រីនឹងជួបជាមួយតំណាងគណបក្សប្រឆាំងនៅកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារក្នុងផ្នែកការពារសិទ្ធិមនុស្ស។
ព្រឹទ្ធសមាជិកអូស្ត្រាលី អ្នកស្រី សារ៉ាស ហាន់សុន យ៉ុង នឹងចុះពិនិត្យពីស្ថានភាពពិត ដែលក្រុមជនភៀសខ្លួនអាចនឹងជួបប្រទះ ប្រសិនបើពួកគេត្រូវបញ្ជូនមកកម្ពុជា ដូចដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា។
សារព័ត៌មានអូស្ត្រាលី ឈ្មោះ ហ្វែរហ្វេក (Fairfax Media) ផ្សព្វផ្សាយដោយស្រង់សម្ដីអ្នកស្រីមកចុះផ្សាយពីគម្រោងការរបស់អ្នកស្រីក្នុងប្រទេសកម្ពុជា៖ «ខ្ញុំនឹងទៅមើលរឿងរ៉ាវដែលកើតឡើងជាក់ស្ដែងនៅនឹងមូលដ្ឋាន និងស្វែងរកលក្ខខណ្ឌដែលក្រុមជនភៀសខ្លួនហ្នឹងជួបប្រទះ។ ខ្ញុំនឹងចុះទៅតំបន់មិនរៀបរយ និងជីវិតអ្នករស់នៅតាមផ្លូវ ដែលកំពុងរង់ចាំស្ត្រី និងកុមារជាជនភៀសខ្លួន នឹងត្រូវបញ្ជូនទៅទីនោះ»។
អ្នកស្រី សារ៉ាស បន្តថា បញ្ហាជនភៀសខ្លួននៅពេលនេះ គឺជារឿងអាម៉ាស់មួយសម្រាប់ប្រទេសអូស្ត្រាលី៖ «សកម្មភាពមិនល្អរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ទៅលើជនភៀសខ្លួនកំពុងធ្វើអោយប្រទេសយើងអាម៉ាស់មុខលើឆាកអន្តរជាតិ ហើយឥឡូវនេះ រដ្ឋាភិបាលកំពុងនាំភាពអាម៉ាស់នេះទៅអោយរដ្ឋាភិបាលកម្ពុជា»។
គម្រោងបេសកកម្មរបស់ អ្នកស្រី សារ៉ាស ជាការឆ្លើយតបចំពោះការតវ៉ាជាច្រើនរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនៅកម្ពុជា និងនៅក្នុងប្រទេសអូស្ត្រាលី ដែលលើកឡើងពីការប្រឆាំងគម្រោងបញ្ជូនជនភៀសខ្លួនមកកម្ពុជា។
កាលពីថ្ងៃទី២៦ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស ខេង តំណាងភាគីកម្ពុជា និងអូស្ត្រាលី តំណាងដោយ លោក ស្កុត ម៉ូរីសុន (Scott Morrison) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ។ ក្នុងនោះ កម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួនដែលមិនមានចំនួនច្បាស់លាស់ ក្នុងចំណោមអ្នកជាប់ឃុំខ្លួននៅជំរំឃុំឃាំងជនភៀសខ្លួននៅកោះណាវរូ (Nauru)។ រដ្ឋាភិបាលកម្ពុជា បានអះអាងជាយូរមកហើយថា នឹងទទួលយកជនភៀសខ្លួនទាំងឡាយណាដែលមកដោយស្ម័គ្រចិត្តប៉ុណ្ណោះ។
ទាក់ទិននឹងដំណើរមកកម្ពុជា របស់ អ្នកស្រី សារ៉ាស មន្ត្រីបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលបានត្រៀមជាស្រេច ដើម្បីជួប និងបង្ហាញពីកង្វល់របស់ពួកគេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សលោកនៅតែប្រកាន់ជំហរជំទាស់នឹងគម្រោងនេះដដែល ដ្បិតគណបក្សនេះដឹងថា ជនភៀសខ្លួនទាំងនោះពុំមានបំណងមករកសិទ្ធិជ្រកកោននៅកម្ពុជា ទេ៖ «ជនភៀសខ្លួនគោលបំណងរបស់គាត់ គឺគាត់ចង់ទៅនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានជីវភាពធូរធារ គាត់ចង់រស់នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយគាត់ចង់ទៅនៅប្រទេសអូស្ត្រាលី។ ប្រសិនជាបង្ខំអោយគាត់មកនៅស្រុកខ្មែរវិញក្នុងកាលៈទេសៈនេះ មិនទាន់សមស្របនៅឡើយទេ ព្រោះដោះស្រាយបញ្ហាខ្លួនឯងមិនទាន់អស់ផង»។
ស្របគ្នានេះ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា លោក សួន ប៊ុនសក្តិ មានប្រសាសន៍ថា ក្រុមរបស់លោកដែលតំណាងអោយអង្គការជាង ២០ស្ថាប័ន នឹងលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ទៅព្រឹទ្ធសមាជិកអូស្ត្រាលី៖ «យើងដឹងហើយថា ផ្នែកមួយនៃសិទ្ធិជនភៀសខ្លួន គឺគាត់មានសិទ្ធិទទួលបានមុខរបរការងារធ្វើដែរ ចុះបើគាត់មកកម្ពុជា តើធានាថានឹងទទួលបានសិទ្ធិបម្រើការងារ ដើម្បីគាំទ្រសកម្មភាពគាត់អោយដូចមានចែងក្នុងច្បាប់ទេ? បញ្ហាមួយទៀត ប្រទេសកម្ពុជា កំពុងមានបញ្ហាសិទ្ធិមនុស្ស ឧទាហរណ៍ដូចជាសិទ្ធិកាន់កាប់ដីធ្លី ហើយប្រសិនបើគាត់ត្រូវការផ្ទះសម្បែង ដើម្បីរស់នៅកម្ពុជា តើកម្ពុជា អាចដោះស្រាយជីវភាពរស់នៅ ជាពិសេស គឺមានដីធ្លីតាំងទីលំនៅ ដើម្បីប្រកបអាជីវកម្មផ្សេងៗទេ គាត់អាចមានទៅបានទេ? ខ្ញុំគិតថា ក្នុងពេលនេះក្នុងស្ថានភាពបែបនេះ គឺជនភៀសខ្លួនទាំងអស់ហ្នឹង គឺនឹងមិនបានទទួលបានសិទ្ធិដូចដែលមានចែងក្នុងអនុសញ្ញានៃជនភៀសខ្លួនបានទេ»។
ចំណែកប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស មានប្រសាសន៍ដែរថា ក្រុមលោកនឹងជូនដំណើរអ្នកស្រីព្រឹទ្ធសមាជិក ទៅតំបន់ដែលពលរដ្ឋត្រូវបណ្ដេញចេញ ក្រោមស្លាកអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ៖ «គម្រោងរបស់យើង គឺដោយសារពេលវេលារបស់គាត់វាខ្លីពេក អ៊ីចឹងយើងនឹងនាំគាត់ទៅវីស៊ីត (Visit) សហគមន៍បុរីកីឡាមួយទេ ដែលនៅកណ្ដាលទីក្រុងភ្នំពេញ ជាសហគមន៍ដែលត្រូវបានគេបណ្ដេញចេញ ហើយគាត់នៅតែទាមទារសាជាថ្មី ដោយសារតែការបណ្ដេញចេញសំណងហ្នឹងសំណងរបស់គាត់មិនត្រូវបានដោះស្រាយសមរម្យរួចនៅឡើយ ខ្វះពីរកន្លែងទៀត (អគារ) សម្រាប់ពួកគាត់រស់នៅ ហើយគាត់មកបោះតង់រស់នៅក្រោមជណ្ដើរផ្ទះរបស់គេនៅក្នុងតំបន់បុរីកីឡានៅពីក្រោយក្រសួងទេសចរណ៍ហ្នឹង»។
លោក ម៉ៅ ពិសេស បន្តថា លោកពុំមានជំនឿថា កម្ពុជា អាចធានាសិទ្ធិរបស់ជនភៀសខ្លួនបានឡើយ នៅពេលដែលពលរដ្ឋកម្ពុជា ជាច្រើនមិនត្រូវបានធានាសិទ្ធិនៅឡើយ៖ «ប្រទេសខ្មែរវាក្រជាងប្រទេសអូស្ត្រាលី បើគាត់មករស់នៅស្រុកខ្មែរ គឺវាមិនជួយពួកគាត់ទេ វាថែមទាំងធ្វើអោយពួកគាត់ហ្នឹងត្រូវបានគេរំលោភសិទ្ធិម្តងទៀតហើយ។ ព្រោះថាមកដល់ពេលនេះ គឺប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជា ខ្លួនឯង ពុំបានយកចិត្តទុកដាក់ពេញលេញទៅលើការរស់នៅរបស់ប្រជាពលរដ្ឋខ្លួនបានពេញលេញផង ចុះទម្រាំអ្នកដទៃដែលនឹងមកថ្មីទៀត គឺយើងមិនសង្ឃឹមថា ពួកគាត់ហ្នឹងត្រូវរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់តាមអ្វីដែលខ្លួនបានសន្យា និងអះអាងនោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងឋិតនៅក្នុងប្រទេសភូមា ក្នុងដំណើរទៅចូលរួមប្រជុំកំពូលអាស៊ាន លោកនឹងជួបពិភាក្សាដាច់ដោយឡែកមួយជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាបុត (Tony Abbot)។ ជំនួបនោះ គឺជាលើកដំបូងហើយបន្ទាប់ពីកម្ពុជា និងអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងទទួលជនភៀសខ្លួន បញ្ជូនជនភៀសខ្លួនមកកម្ពុជា។ បញ្ហាជនភៀសខ្លួនទំនងថា អាចជាប្រធានបទមួយនៃការពិភាក្សារវាងលោកនាយករដ្ឋមន្ត្រីទាំងពីរ។ ប៉ុន្តែមន្ត្រីក្រសួងការបរទេសកម្ពុជា ពុំបានបង្ហើបអោយដឹងពីប្រធានបទនៃកិច្ចប្រជុំនោះឡើយ ដោយបញ្ជាក់អោយរង់ចាំកិច្ចប្រជុំនោះមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
