ព្រះ​សង្ឃ​ឯករាជ្យ​មួយ​អង្គ​នៅ​បាត់ដំបង​ត្រូវ​​ដក​តំណែង​ដោយ​សារ​ចូល​រួម​ការងារ​នយោបាយ

ដោយ ហ៊ុំ ចំរើន
2014.10.20

អតីត​ព្រះ​ចៅអធិការ និង​ជា​ព្រះសង្ឃ​ឯករាជ្យ​​មួយ​អង្គ​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​សង្ឃ និង​ធម្មការ​ខេត្ត​ថា បាន​ដកតំណែង​ព្រះអង្គ​គ្មាន​ហេតុផល​ច្បាស់លាស់។ ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​ថា​ ការ​ដក​តំណែង​នេះ​ជា​រឿង​អយុត្តិធម៌ ដោយសារ​កន្លងមក​ព្រះអង្គ​មាន​និន្នាការ​ប្រជាធិបតេយ្យ ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គណបក្ស​កាន់​អំណាចនៅ​ក្នុង​ករណី​នេះ​មន្ត្រី​ធម្មការ​ខេត្ត​បញ្ជាក់​ថា ​ពុំ​មែន​ជាការ​ដកតំណែង​ព្រះអង្គ​នោះទេ គឺជា​ការតែងតាំង​ព្រះចៅអធិការ​វត្ត​ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ប៉ុណ្ណោះ។

អតីត​ព្រះចៅ​អធិការ​វត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​ប្រមាណ ២០០​នាក់ ដែល​គាំទ្រ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​បរិវេណ​វត្ត​ភ្នំខ្ពស់ ឃុំ​តាគ្រាម ស្រុក​បាណន់ នៅ​រសៀល​ថ្ងៃទី​២០ តុលា បន្ទាប់ពីអាជ្ញាធរ​និង​មន្ត្រី​ធម្មការ​ខេត្ត​ធ្វើការ​ដកតំណែង​ព្រះចៅអធិការ​វត្ត​ពី​ព្រះអង្គ។

អតីត​ព្រះ​ចៅ​វត្តភ្នំខ្ពស់ ព្រះតេជព្រះគុណ ឃឹម សំអឿន មាន​ព្រះថេរដីកា នៅ​ថ្ងៃទី២០ តុលា ថា ព្រះអង្គ​មិន​សោកស្ដាយ​ទេ​ចំពោះ​តំណែង​ជា​ព្រះចៅ​អធិការ​វត្ត ប្រសិន​បើ​ព្រះអង្គ​មានទោស​កំហុស ដោយ​ប្រការ​ណាមួយ​នោះ តែ​កន្លងមក​ព្រះអង្គ​ពុំដែល​ធ្វើ​ល្មើស​វិន័យ​របស់​ព្រះសង្ឃ​ទេ។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា ​ការ​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត​នេះ ដោយសារ​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​កាន់អំណាច​មក​បញ្ចុះបញ្ចូល​ឲ្យ​ព្រះអង្គ​បញ្ឈប់​រាល់​សកម្មភាព​ដែល​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​តែ​មិនបាន​សម្រេច៖ «មាន​ថេរដីកា​ជា​មួយ​គាត់​ដែល​មក​ចរចា​ឲ្យ​អាត្មា​ដក​ខ្លួន​ចេញ​ពី​រឿង​​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​ក្នុង​សង្គម​ហ្នឹង។ អាត្មា​បាន​​ប្រាប់​ថា​ រឿង​ព្រះវិហារ​ រឿង​លុយ​កាក់​ រឿង​របង​វត្ត​ រឿង​ អ្វីៗ​ដែល​មក​កសាង​នេះ​ មិន​ពិបាក​មក​ទឹក​ចិត្ត​អាត្មា​ទេ។ អាត្មា​មិន​អាច​យក​ទឹក​ចិត្ត​ដែល​ត្មា​សន្សំ​ទុក ទឹក​ចិត្ត​ដែល​ស្រលាញ់ យក​ទៅ​លក់​ឲ្យ​អ្នក​ឯង​ទេ។ បើ​សិន​អ្នក​ឯង​មក​ចរចា​ជា​មួយ​អាត្មា​ អ្នក​ឯង​ត្រូវ​យក​លទ្ធិប្រជាធិបតេយ្យ​ គេ​ហៅ​ថា​ ពន្លឺ​សន្តិភាព​ដ៏​ពិតប្រាកដ​ យុត្តិធម៌​ដ៏​ពិត​ប្រាកដ​មក​ប្រគេន​អាត្មា បាន​អាត្មា​ទទួល​ដៃ​១០»

ព្រះអង្គ​មាន​ថេរដីកា​ឲ្យ​ដឹង​ទៀតថា ព្រះអង្គ​បាន​គង់នៅ​វត្តភ្នំខ្ពស់ ចំនួន ​១៣​ឆ្នាំ​មក​ហើយ ដែល​កាលណោះ មាន​ព្រះចៅអធិការ​ប្រមាណ ១០​វត្ត ធ្វើជា​សាក្សី ហើយ​បាន​តែងតាំង ព្រះអង្គ​ធ្វើជា​ព្រះចៅ​អធិការ​វត្ត​រហូត​មក

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្តបាត់ដំបង លោក សួន ប៊ុនជឿន មាន​ប្រសាសន៍បញ្ជាក់​ថា បញ្ហា​នេះ​ពុំ​មែន​ជា​រឿង​នយោបាយ ដូច​ការលើកឡើង​នោះទេ ហើយ​ក៏​ពុំបាន​ដកហូត​តំណែង​របស់​ព្រះអង្គ​នោះដែរ។ ប៉ុន្តែ​ជា​ការ​តែងតាំង​ព្រះចៅ​អធិការ ព្រមទាំង​គ្រូ​សូត្រ​ឆ្វេង និង​គ្រូ​សូត្រស្ដាំ​ក្នុង​វត្ត ដែល​កន្លងមក​ពុំបាន​តែងតាំង​នៅឡើយ​ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ប៉ុណ្ណោះ៖ «អា​រឿង​ជួយ​សង្គម​ឬ​មិន​ជួយ​សង្គម ខ្ញុំ​អត់​ដឹង​ទេ​ តែ​អា​ហ្នឹង​ការ​តែងតាំង​ទៅ​អត់​ទាន់​មាន​ការ​តែង​តាំង​ស្រប​ច្បាប់។ មិន​ថា​ស្រប​ច្បាប់​ទេ​ មិន​ទាន់​មាន​ការ​តែង​តាំង​ វត្ត​ហ្នឹង​វា​នៅ​ចន្លោះ​ប្រហោង​ អត់​ទាន់​មាន​ការ​តែង​តាំង​ថ្នាក់​ដឹក​នាំ​នៅ​ហ្នឹង។ អ៊ីចឹង​បាន​លោក​រៀបចំ​ឲ្យ​មាន​ចៅ​អធិការ​គ្រូ​សូត្រ​ឆ្វេង​ ស្ដាំ​ហ្នឹង»

ទាក់ទង​នឹង​បញ្ហា​នេះដែរ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ដកហូត​តំណែង​ព្រះចៅ​អធិការ​វត្ត​នេះ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយសារ​កន្លងមក​ព្រះអង្គ​ធ្លាប់​មានប្រវត្តិ​ចុះ​ជួយ​ការងារ​សង្គម​លេចធ្លោ​ ក្នុង​នោះ​ដូចជា ជួយ​ដោះស្រាយ​ការ​រំលោភ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​តាម​សហគមន៍​ជាដើម ដែល​បញ្ហា​នេះ​ជា​ឆ្អឹង​ទទឹង​ក​របស់​គណបក្សកាន់អំណាច​ក្នុង​មូលដ្ឋាន៖ «អា​សកម្មភាព​ទាំង​ឡាយ​ហ្នឹង​ស្រប​គ្នា​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ទៅ​ទី​វត្ត​អារាម​ហ្នឹង​ញឹក​ញាប់ ឬ​ធ្វើ​កិច្ច​ការងារ​ហ្នឹង​ហាក់​ដូច​ស្រប​គ្នា​ទៅ គេ​មើល​ឃើញ។ កាល​ណា​អ៊ីចឹង​ទៅ​គេ​រក​ចំណុច​ រក​លេស​អី​អ៊ីចឹង​ទៅ ​គេ​លាប​ពណ៌​អី​អ៊ីចឹង​ទៅ។ ធម្មតា​​ទេ​ បើ​កាល​ណា​ឃើញ​ថា​ មិន​មែន​ជា​គណបក្ស​ប្រជាជន​ ហើយ​គេ​មិន​ចង់​ឲ្យ​អ្នក​ហ្នឹង​ធ្វើ​ជា​ចៅ​អធិការ​ទេ​ ជា​ទូទៅ​យើង​សង្កេត​ឃើញ​ អ៊ីចឹង។ ច្រើន​តែ​ថា​រក​លេស​អ៊ីចេះ រក​លេស​អ៊ីចុះ​តែ​រហូត​ហ្នឹង​ វា​មិន​ឃើញ​ថា​ ប្រយោជន៍​សង្គម ប្រយោជន៍​ប្រជាពលរដ្ឋ​​ទូទៅ»

បន្ទាប់​ពី​ការ​តវ៉ា​​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ព្រះចៅអធិការ​វត្ត​ភ្នំខ្ពស់ ពេញ​មួយ​ថ្ងៃ​មក ​នៅ​ប្រមាណ​ជា​ម៉ោង​ ៦រសៀល​ថ្ងៃ​ដដែល កម្លាំង​អាជ្ញាធរ​ដែល​បាន​ដាក់​ពង្រាយ​ជុំ​វិញ​វត្ត​ មួយ​ចំនួន​ធំ​បាន​ដក​ចេញ​ពី​វត្ត​ហើយ។ ចំណែក​ឯ​ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ផ្អាក​​​ការ​តវ៉ា ប៉ុន្តែ​មិន​បាន​ត្រឡប់​ទៅផ្ទះ​វិញ​ទេ គឺ​ពួកគាត់​ស្នាក់​នៅ​ក្នុង​វត្ត​បណ្ដោះអាសន្ន​ ហើយ​ពួកគាត់​ថា​ នឹង​បន្ត​ទាមទារ​នៅ​ថ្ងៃ​ស្អែក​ទៀត។

ព្រះតេជព្រះគុណ ឃឹម សំអឿន មាន​ព្រះថេរដីកា​ថា នៅ​ថ្ងៃ​ទី​​២១ តុលា នឹង​មាន​ការ​តវ៉ា​ទ្រាយ​ធំ​ ដោយ​មាន​បណ្ដាញ​ព្រះ​សង្ឃឯករាជ្យ​មក​ពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាខេត្ត​ជា​ច្រើន​អង្គ​ចូល​​​រួម​ទាមទារ​តំណែង​ចៅអធិការវត្ត​ លុះ​ណា​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។