សកម្មជន​នយោបាយ​និង​សកម្មជន​ដីធ្លី​១៩​នាក់​អាច​នឹង​ត្រូវ​ដោះ​លែង​មុន​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ បាន​អះអាង​ថា មេធាវី​ការពារ​ក្តី​របស់​សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​ទាំង ១៩​នាក់ ក្នុង​នោះ​ដោយ​រួម​ទាំង​ព្រះសង្ឃ​ផង កំពុង​រៀបចំ​នីតិវិធី​រួច​រាល់​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ។

ភ្លើង​ខៀវ​នៃ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​នេះ កើត​ឡើង​នៅ​ក្រោយ​ពេល​មាន​កិច្ច​ពិភាក្សា​រវាង​មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ភាគី​តំណាង​មក​ពី​ខាង​រដ្ឋាភិបាល​វិញ បាន​បដិសេធ​ថា មិន​មាន​ការ​ចរចា​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ណា​មួយ​នោះ​ទេ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១០ មេសា អ្នក​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​អះអាង​ថា សំណុំ​បែបបទ​ដើម្បី​ស្នើសុំ​ឲ្យ​ដោះ​លែង​សកម្មជន​ទាំង ១៩​នាក់ ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​បំពេញ​នីតិវិធី​ចប់​រួច​រាល់​អស់​ហើយ ដោយ​រង់ចាំ​ថ្ងៃ​មក​ដល់​ប៉ុណ្ណោះ។

ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​សម្រប​សម្រួល​នយោបាយ​រវាង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក គ.ជ.ប​ថ្មី​រួច កាល​ពី​ពេល​កន្លង​ទៅ​នេះ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១០ មេសា ថា រហូត​មក​ដល់​ពេល​នេះ សកម្មជន​ទាំង ១៩​នាក់ ក្នុង​នោះ​រួម​ទាំង​ព្រះសង្ឃ ៣​អង្គ​ផង មេធាវី​ការពារ​ក្ដី​បាន​បញ្ចប់​នីតិវិធី​រួច​ហើយ។ យ៉ាង​ណា លោក​មាន​ជំនឿ​ថា សកម្មជន​ទាំង​នេះ​នឹង​អាច​បាន​នៅ​ក្រៅ​ឃុំ ឬ​លើក​លែង​ទោស ប្រសិន​បើ​សំណើ​សុំ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​រួច។ លោក​បន្ត​ថា «ការ​ដាក់​ឯកសារ​គិត​តាម​នីតិវិធី បាន​ន័យ​ថា ការ​សុំ​ដក​បណ្ដឹង​នៅ​តុលាការ​កំពូល។ ការ​សូម​បើក​សវនាការ​នូវ​តុលាការ​ក្រុង ដូច​ខ្ញុំ​លើក​ឡើង​ថា​បើ​ចង់​ឲ្យ​នៅ​ក្រៅ​ឃុំ និង​ឲ្យ​មាន​សេរីភាព។ អ្នក​នៅ​តុលាការ​កំពូល ទាល់​តែ​ដក​ពាក្យ​បណ្ដឹង»

បើ​ដូច​អ្វី​ដែល លោក អំ សំអាត និយាយ សម្រាប់​ឆ្នាំ​នេះ​តាម​គម្រោង​នឹង​មាន​អ្នក​ទោស​ចំនួន ៣០០​នាក់ ត្រូវ​លើក​លែង​ទោស។ តួលេខ​នេះ អាច​នឹង​កើន​រហូត​ដល់ ៥០០​នាក់ ដោយ​គិត​ទាំង​អ្នក​ដែល​ត្រូវ​បន្ធូរបន្ថយ​ទោស​ផង។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ ដោយ​លោក​បញ្ជាក់​ថា ជាប់​រវល់​ប្រជុំ។ ដោយ​ឡែក លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ផ្ដាច់​ទូរស័ព្ទ​វិញ​ភ្លាម​នៅ​ពេល​សួរ​នាំ​អំពី​សំណុំ​រឿង​នេះ។

ច្រាន​ចោល​រឿង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បដិសេធ​ថា មិន​មាន​ការ​ចរចា​ណា​មួយ​ជុំវិញ​សកម្មជន​ទាំង ១៩​នាក់​នេះ​រវាង​ថ្នាក់​ដឹក​នាំ​នយោបាយ​ទេ។ ម្យ៉ាង សំណុំ​រឿង​ទាំង​នេះ​បាន​ចូល​ដល់​ដែន​សមត្ថកិច្ច​របស់​តុលាការ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «ដូចជា​មិន​មាន​ការ​លើក​ឡើង​អំពី​ការ​ចរចា​ពី​រឿង​នយោបាយ ពី​រឿង​ការ​ដោះ​លែង​សកម្មជន​អី​ទេ ពីព្រោះ​នីតិវិធី​ច្បាប់​បាន​នឹង​កំពុង​ដំណើរ​ការ»

បើ​ទោះ​ជា​បែប​ណា លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​សំណុំ​រឿង​សកម្មជន​ទាំង ១៩​នាក់​នេះ គឺ​ពិត​ជា​មាន​ការ​សម្រួល​ផ្នែក​នយោបាយ​ខ្លះ​មែន ក៏ប៉ុន្តែ​ថា សំណុំ​រឿង​នេះ​បាន​រុញ​បន្ត​ចូល​ដល់​នីតិវិធី​របស់​តុលាការ​វិញ​ម្ដង​ហើយ។ ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​វែង​ឆ្ងាយ លោក អេង ឆៃអ៊ាង មាន​ជំនឿ​ថា តាម​ការ​សម្រួល​ផ្នែក​នយោបាយ នឹង​បន្ត​ពន្លឿន​នីតិវិធី​ច្បាប់ សកម្មជន​ទាំង​នេះ​អាច​នឹង​មាន​សេរីភាព​ឆាប់ៗ​នេះ។ លោក​បន្ត​ថា «ដូច​គាត់​មាន​ប្រសាសន៍​នៅ​សភា​ហ្នឹង​មាន​លក្ខណៈ​នយោបាយ​ផង លក្ខណៈ​ច្បាប់​ផង។ អ៊ីចឹង​ឥឡូវ​ហ្នឹង​យើង​កំពុង​តែ​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ច្បាប់ ឲ្យ​មាន​ការ​ដោះ​លែង»

យ៉ាង​ណា លោក អំ សំអាត ថ្លែង​ថា ដើម្បី​អាច​ស្នើសុំ​នៅ​ក្រៅ​ឃុំ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​បាន លុះត្រា​តែ​សកម្មជន​ទាំង​នោះ​មាន​សាលក្រម​ចូល​ជា​ស្ថាពរ មុន​នឹង​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ។ គិត​មក​ដល់​ពេល​នេះ ចំពោះ​ក្រុម​គ្រួសារ​របស់​សកម្មជន​ជា​ស្ត្រី​សម្រេច​ដក​បណ្ដឹង​សារទុក្ខ​នៅ​តុលាការ​កំពូល រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៩ មេសា។ ការ​សម្រេច​ដក​បណ្ដឹង​នេះ គឺ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់។ ដោយ​ឡែក​សកម្មជន​ទាំង ៤​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ និង ៦​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៣ មេសា បន្ត​ទៀត។

លោក អំ សំអាត ថ្លែង​ថា បើ​ទោះ​ជា​បែប​ណា​ក៏ដោយ ការ​ចរចា​ផ្នែក​នយោបាយ​លើក​នេះ គឺ​ជា​ការ​ចរចា​តាម​រូបមន្ត​ជា​កញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។