សម្ដេចព្រះរៀម បុប្ផាទេវី បានចូលបម្រើការងារនៅក្រុមប្រឹក្សាធម្មនុញ្ញបានពីរសប្ដាហ៍ហើយ គិតមកដល់ថ្ងៃទី៦ ខែកក្កដា នេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៦ ខែកក្កដា ថា សម្រេចព្រះរៀមបានក្លាយជាសមាជិកស្ថាប័នកំពូលមួយនេះ ដែលមកពីកូតាក្រុមព្រះរាជវាំង។ ការតែងតាំងនេះ បន្ទាប់ពីសម្ដេចព្រះរៀមសុំលាឈប់ពីសមាជិកព្រឹទ្ធសភា កាលពីខែឧសភា។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន ប្រាប់ថា សម្ដេចព្រះរៀម បុប្ផាទេវី ជាសមាជិកធម្មតា ដូចសមាជិកផ្សេងទៀតដែរ៖ «ក្រុមព្រះរាជវាំងចាត់តាំងព្រះអង្គទៅជាធម្មតានៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ គេចែកក្រុមគេ ប៉ុន្តែលោកជាសមាជិកដូចគេដូចឯងដែរ»។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានអាណត្តិ ៩ឆ្នាំ។ ការស្នើតែងតាំងសមាជិកស្ថាប័ននេះ មានប្រភពមកពីរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ។ សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១រូបនិងសមាជិកចំនួន ៨រូប ។ ក្នុងចំណោមសមាជិកទាំងនោះ សមាជិកចំនួន៣រូបត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។
កាលពីពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញទើបផ្លាស់ប្ដូរ ដែលអតីតរដ្ឋមន្ត្រីក្រសួងរៀបដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុមលឹម បានមកជំនួសលោក ឯក សំអុល។ សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិកព្រឹទ្ធសភា និងតួនាទីមួយចំនួនទៀតទាក់ទងការងារសិល្បៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
