ប្រវត្តិ​សង្ខេប​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (ភាគ​បញ្ចប់)

ដោយ ចេង ម៉េងជូ
2016-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) និង​លោក ហ៊ុន សែន (ស្ដាំ) នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩។ Photo AFP
អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) និង​លោក ហ៊ុន សែន (ស្ដាំ) នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩។ Photo AFP
Photo AFP

កម្ពុជា និង​ចិន កាន់​តែ​បង្ហាញ​ភាព​ស្អិតល្មួត​នៅ​ពេល​កម្ពុជា បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ុយហ្គរ៍ (Uyghur) ចំនួន ២០​នាក់ ដែល​មក​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​កម្ពុជា ទៅ​ឲ្យ​ប្រទេស​ចិន វិញ​នៅ​ឆ្នាំ​២០០៩។ ក្រោយ​ពេល​បញ្ជូន​អ្នក​ទាំង ២០​នាក់​ត្រឡប់​ទៅ​វិញ​បាន​ត្រឹម​មួយ​ថ្ងៃ អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​ផ្ដល់​កញ្ចប់​ជំនួយ​ជា​ប្រាក់​កម្ចី​សម្បទាន និង​ប្រាក់​ជំនួយ​ឥត​សំណង​សរុប ១,២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំនួន​ទឹក​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​ចិន ក្លាយ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​កម្ពុជា។

នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ចិន បាន​ប្រកាស​លុប​ចោល​បំណុល​ជាង ៤​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ខ្មែរ​ក្រហម​បាន​ខ្ចី​ពី​ចិន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ការ​ប្រកាស​លុប​ចោល​បំណុល ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មក​កម្ពុជា ដែល​នៅ​ពេល​នោះ រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក ពិចារណា​លុប​ចោល​បំណុល​ជាង ៤០០​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ខ្ចី​អាមេរិក តែ​អាមេរិក មិន​បាន​ឆ្លើយ​តប​តាម​ការ​ស្នើសុំ​នោះ​ទេ។

នៅ​ចុង​ឆ្នាំ​២០១០ ចំណង​ការទូត​រវាង​កម្ពុជា និង​ចិន បាន​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​លើក​ទី​៣ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​ចិន នៅ​ខែ​ធ្នូ ឆ្នាំ​២០១០ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ។

លោក អ៊ែនឌ្រូ ម៉ឺដា«ខ្ញុំ ​គិត​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ខ្លាំង​ជាង​មេ​ដឹក​នាំ​ប្រទេស​ដទៃ​ទៀត។ ដូច្នេះ​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន នឹង​ទុក​ចិន នៅ​ជិត​ខ្លួន​សម្រាប់​ពេល​ណា​លោក​ត្រូវ​ការ។ សំណួរ​សួរ​ថា តើ​ធ្វើ​បែប​នោះ​គ្រប់គ្រាន់​ឬ​នៅ? តើ លោក ហ៊ុន សែន នឹង​មាន​លទ្ធភាព​ធ្វើ​បែប​នោះ​បាន​ទេ បើ​ចិន មាន​អានុភាព និង​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល ព្រម​ទាំង​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។ ហើយ​នោះ​ជា​សំណួរ​ដែល​មាន​ចម្លើយ​ច្រើន»

ឆ្នាំ​២០១២ ជា​ឆ្នាំ​ដែល​ទំនាក់ទំនង​កម្ពុជា និង​ចិន ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មក​ដល់ ដែល​ពេល​នោះ កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ប្រធានាធិបតី​ចិន លោក ហ៊ូ ជីនតាវ (Hu Jintao) បាន​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​សន្យា​ផ្ដល់​ជំនួយ​ជិត ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ប្រាក់​កម្ចី​ចំនួន​ជាង ៣០​លាន​ដុល្លារ​ដល់​កម្ពុជា។ ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឲ្យ​ចិន ផ្ដល់​ប្រាក់​កម្ចី​ជា​រៀង​រាល់​ឆ្នាំ​ពី ៣០០​លាន​ដុល្លារ​ទៅ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និង​អគ្គិសនី។

ក្នុង​ជំនួប​នោះ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​កំណត់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ទ្វេ​ដង ពោល​គឺ​បង្កើន​ឲ្យ​បាន​ដល់ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​ត្រឹម​ឆ្នាំ​២០១៧។ ចិន ក៏​បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​បេក្ខភាព​របស់​កម្ពុជា ក្នុង​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤។ ពី​ខាង​កម្ពុជា វិញ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ព្រមព្រៀង​ជាមួយ​ចិន ថា​នឹង​មិន​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ទៅ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ឡើយ។

បន្ថែម​លើ​នេះ នៅ​ខែ​ឧសភា ឆ្នាំ​២០១២ ដដែល ចិន បាន​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​យោធា​ដែល​មាន​ទំហំ​ទឹក​ប្រាក់ ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​សាងសង់​មន្ទីរពេទ្យ​យោធា និង​សាលា​យោធា ហើយ​សន្យា​បន្ត​នាំ​យក​មន្ត្រី​យោធា​កម្ពុជា ទៅ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ចិន បន្ថែម​ទៀត។ មួយ​ខែ​ក្រោយ​មក ចិន ក៏​បាន​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៤៣០​លាន​ដុល្លារ​ដល់​កម្ពុជា។

នៅ​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មក​ដល់​នៅ​ខែ​កក្កដា ឆ្នាំ​ដដែល កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន ស្ដីពី​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ និន្នាការ​របស់​កម្ពុជា ទៅ​រក​ចិន បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​អាស៊ាន​ដទៃ មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​កម្ពុជា ឡើយ។

អ៊ែនឌ្រូ ម៉ឺដា ២០១៦ ៨៥៥
សាស្ត្រាចារ្យ​ជំនាញ​រដ្ឋាភិបាល​នៃ​សាកលវិទ្យាល័យ​ខ័រនែល (Cornell University) នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ជំនួយ​ចិន ដល់​របប​ខ្មែរ​ក្រហម គឺ​លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang RFA/Rann Samnang

បច្ចុប្បន្ន ចិន គឺ​ជា​ប្រទេស​ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា។ ទំហំ​ទឹក​ប្រាក់​វិនិយោគ​របស់​ចិន មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន​ប្រមាណ ២,៩​ពាន់​លាន​ដុល្លារ ដែល​កាល​ពី​ឆ្នាំ​២០០៣ មាន​ត្រឹម​តែ ៥៩​លាន​ដុល្លារ​ប៉ុណ្ណោះ។ សកម្មភាព​វិនិយោគិន​ចិន ភាគ​ច្រើន​ធ្វើ​ឡើង​ក្នុង​វិស័យ​រុក​រក​រ៉ែ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនប់​វារីអគ្គិសនី ហើយ​តែង​តែ​រង​ការ​រិះគន់​ថា មិន​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍។

ទាក់ទង​រឿង​នេះ សាស្ត្រាចារ្យ​ជំនាញ​រដ្ឋាភិបាល​នៃ​សាកលវិទ្យាល័យ​ខ័រនែល (Cornell University) នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ជំនួយ​ចិន ដល់​របប​ខ្មែរ​ក្រហម គឺ​លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) យល់​ថា គេ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​មើល​គោល​នយោបាយ​វិនិយោគ​ក្រៅ​ប្រទេស​របស់​ចិន ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​សកម្មភាព​វិនិយោគ​លើ​បរិស្ថាន៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​គោល​នយោបាយ​ការ​បរទេស​របស់​ចិន នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​វិនិយោគ​របស់​ចិន នៅ​ក្នុង​បណ្ដា​ប្រទេស​ដទៃ ជា​ជាង​វិនិយោគិន​ពី​ប្រទេស​ផ្សេងៗ​ទៅ​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន។ ហើយ​សំណួរ​ដែល​គួរ​សួរ​ឡើង​នោះ គឺ​ថា តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដែល​បង្ក​ឡើង​ដោយ​ផ្ទាល់​ពី​អ្នក​វិនិយោគ​ចិន នៅ​ក្នុង​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា ផង​នោះ។ ខ្ញុំ​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ ហើយ​ចំពោះ​ខ្ញុំ ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ថា ខ្ញុំ​បាន​ឃើញ​ផល​ប៉ះពាល់​ពី​សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការ​រីក​ដូច​ផ្សិត​នៃ​គម្រោង​វារីអគ្គិសនី​របស់​ចិន នៅ​កម្ពុជា។ នៅ​មាន​សកម្មភាព​ដទៃ​ទៀត​របស់​ចិន ដែល​កំពុង​ប្រឡូក​ចូល​ជ្រៅ​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា។ ប្រការ​នេះ អាច​នឹង​បង្ក​លក្ខណៈ​លំបាក​សម្រាប់​កម្ពុជា នៅ​ពេល​ប្រឈម​នឹង​ស្ថានភាព​អាក្រក់​ណា​មួយ​ជា​យថាហេតុ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា វា​ជា​ការ​មិន​ល្អ​ទេ ប្រសិន​បើ​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ដែល​ពឹងពាក់​លើ​ចិន ខ្លាំង​ហួស​ហេតុ​នោះ។ នេះ​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​របស់​ខ្ញុំ»

ហុង វណ្ណៈ ២០១៦ ៨៥៥
មន្ត្រី​ស្រាវជ្រាវ​ពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang RFA/Rann Samnang

សម្រាប់​មន្ត្រី​ស្រាវជ្រាវ​ពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា វិញ គឺ​លោក ហុង វណ្ណៈ យល់​ថា គម្រោង​អភិវឌ្ឍន៍​របស់​ចិន ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ឆាប់​រហ័ស ធៀប​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ម្ចាស់​ជំនួយ​ដទៃ៖ «ចិន គាត់​កាល​ណា​យើង​ឯកភាព​គ្នា គឺ​គាត់​ចាប់​ផ្ដើម​ធ្វើ​បណ្ដើរៗ​ហើយ។ ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជា​ក្រោយ​បណ្ដើរៗ​អ៊ីចឹង​ទៅ។ អា​ហ្នឹង​វា​បាន​សមិទ្ធផល​ផ្លូវ​ហ្នឹង​លឿន។ តែ​បើ​រង់ចាំ​ជំនួយ​ដែល​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​គ្នា​ពី អេ.ឌី.ប៊ី (ADB) និង World Bank (ធនាគារ​ពិភពលោក) នីតិវិធី​ហ្នឹង​វា​យូរ​ណាស់។ រួច​អ៊ីចឹង ទម្រាំ​បាន​ផ្លូវ​ហ្នឹង ជួន​កាល ៣​ឆ្នាំ​មិន​ទាន់​ចប់​ផង។ គ្រាន់​តែ​ដោះស្រាយ​រឿង​ហ្នឹង»

មន្ត្រី​ស្រាវជ្រាវ​ពី​ទំនាក់ទំនង​កម្ពុជា-ចិន រូប​នេះ យល់​ឃើញ​ថា វា​ជា​កំហុស​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ករណី​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ភាព​អសកម្ម​បង្ក​ដោយ​វិនិយោគិន​ចិន ក្នុង​ការ​អនុវត្ត​គម្រោង​វិនិយោគ​របស់​ពួក​គេ​លើ​ដែនដី​កម្ពុជា៖ «ឲ្យ​តែ​វិនិយោគិន​ចិន ហ្នឹង​គាត់​គោរព​ទៅ​តាម​ការ​ណែនាំ ឬ​ក៏​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាំង​ពី​ការ​បង់​ពន្ធ តាំង​ពី​នីតិវិធី​ផ្សេងៗ​ថែម​ទៀត​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ អា​ហ្នឹង​ក៏​ជា​ប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា ដែរ។ បាទ! អ៊ីចឹង​គ្រាន់​តែ​ថា បើ​គាត់​បន្លំ​កេង​អី អា​ហ្នឹង​គឺ​ជា​ចំណុច​ខ្សោយ​របស់​ការ​ដឹក​នាំ​របស់​កម្ពុជា ដែរ។ បើ​សិន​ជា​យើង​ជា​អ្នក​គ្រប់គ្រង ហើយ​យើង​ធ្វើ​ឲ្យ​លេច​ជ្រាប​បាន អា​ហ្នឹង​ជា​ចំណុច​ខ្សោយ​យើង»

តើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន នឹង​វិវឌ្ឍន៍​ទៅ​ជា​យ៉ាង​ណា ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន?

ចំពោះ​សាស្ត្រាចារ្យ​ជំនាញ​រដ្ឋាភិបាល​នៃ​សាកលវិទ្យាល័យ​ខ័រនែល (Cornell University) នៃ​សហរដ្ឋ​អាមេរិក លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) យល់​ថា លោក ហ៊ុន សែន នឹង​នៅ​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន តែ​មិន​ប្រាកដ​ថា លោក ហ៊ុន សែន មាន​ឥទ្ធិពល​លើ​ចិន ឡើយ៖ «ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ខ្លាំង​ជាង​មេ​ដឹក​នាំ​ប្រទេស​ដទៃ​ទៀត។ ដូច្នេះ​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន នឹង​ទុក​ចិន នៅ​ជិត​ខ្លួន​សម្រាប់​ពេល​ណា​លោក​ត្រូវ​ការ។ សំណួរ​សួរ​ថា តើ​ធ្វើ​បែប​នោះ​គ្រប់គ្រាន់​ឬ​នៅ? តើ លោក ហ៊ុន សែន នឹង​មាន​លទ្ធភាព​ធ្វើ​បែប​នោះ​បាន​ទេ បើ​ចិន មាន​អានុភាព និង​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល ព្រម​ទាំង​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។ ហើយ​នោះ​ជា​សំណួរ​ដែល​មាន​ចម្លើយ​ច្រើន»

យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​រដ្ឋ​ប្រហារ​មក លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​មិត្តភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ឡើង​ដល់​ចំណុច​កំពូល បើ​ទោះ​ជា​លោក​ធ្លាប់​ជា​បុគ្គល​ប្រឆាំង​នឹង​ចិន ក៏ដោយ។

ក៏ប៉ុន្តែ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ចិន តែង​តែ​ផ្លាស់​ចិត្ត​ទៅ​ចាប់​ដៃ​ជាមួយ​បុគ្គល ឬ​ក្រុម​ផ្សេង​ថ្មី​មួយ​ទៀត​ដែល​មាន​ឱកាស​ដឹក​នាំ​កម្ពុជា នៅ​ពេល​អនាគត នៅ​អំឡុង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ការ​ប្រែប្រួល។

ប្រការ​នេះ ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ទំនាក់ទំនង​ចិន និង​កម្ពុជា ចាប់​ផ្ដើម​ចោទ​ជា​សំណួរ​ថា ប្រសិន​បើ​គណបក្ស​របស់ លោក ហ៊ុន សែន មិន​ទទួល​បាន​ជ័យជម្នះ​នៅ​អាណត្តិ​ក្រោយៗ​ទៀត​នោះ​ទេ តើ​តួនាទី​ចិន នៅ​កម្ពុជា អាច​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

HuSein will be next Pol Pot...

Mr.Xi says comrade blackish HuSein do many great job after his ex.comrade -khmerouge Pol Pot gone ,and he kept us be friendship like big comrade Sihanouk did "bravooo comrade ",but we the chinese pple will make a decision when u guy getting old "like scrap metal "..there will be recycling and make a new one..."who's the hell u no comrade ?" ,everything no immortal in this earth .

Feb 16, 2016 04:34 PM

អ្នក​អាន​អនាមិក

IF SOMEDNE STILL ALIFE THAT THEY CALLED HENG SOMRTN REGIME THAT TIME THEY KNOW WELL. HOW HART THIS GUY(HUN XEN) WAS CURSE TO CHINA AND SYHANOK VERY HART 1979-1991.

Feb 16, 2016 11:14 AM

អ្នក​អាន​អនាមិក

Meet Mao Se Tung #2 and Pol Pot #2. Together they will create more chaos and suffering for Cambodia. When will people learn their lesson?

Feb 16, 2016 10:46 AM

គេហទំព័រ​ទាំងមូល