CCHR ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​ចំពោះ​សម្ដី​ដែល​ចាត់​ទុក​ថា​បង្អាប់​ស្ត្រី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បាន​ប្រតិកម្ម​ចំពោះ​សម្ដី​របស់​មេ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​ថា លោក ហ៊ុន សែន កុំ​ឲ្យ​អន់​ជាង​ស្រី តាម​រយៈ​ការ​ប្រៀបធៀប​ជាមួយ អ្នកស្រី យីងឡាក់ នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ហ៊ាន​ចុះ​ចេញ​ពី​តំណែង។ មជ្ឈមណ្ឌល​នេះ​បាន​ចាត់​ទុក​ថា នេះ​ជា​ពាក្យ​សម្ដី​បង្អាប់​បង្អោន និង​ជា​ការ​រើសអើង​ប្រឆាំង​ស្ត្រី។

0:00 / 0:00

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ទាមទារ​ឲ្យ លោក សម រង្ស៊ី សុំ​ទោស​ជា​សាធារណៈ ឬ​បកស្រាយ​ឡើង​វិញ​ចំពោះ​ការ​ថ្លែង​របស់​ខ្លួន​ដែល​បាន​ប្រៀបធៀប​ថា លោក ហ៊ុន សែន កុំ​ឲ្យ​អន់​ជាង​ស្រី ដែល​ពាក្យ​សម្ដី​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ចរិត​រើសអើង​លើ​ស្ត្រី​ភេទ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ថា លោក​ស្នើ​ឲ្យ លោក សម រង្ស៊ី មាន​ការ​បកស្រាយ​ចំពោះ​ការ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ដែល​ថា កុំ​ឲ្យ​អន់​ជាង​ស្រី​នេះ។ លោក​បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ត្រូវ​ជៀសវាង​ឲ្យ​បាន​នូវ​ការ​បង្អាប់​ស្រី។

«សំឡេង»

ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​ប្រមាណ ២​ម៉ឺន​នាក់ ពី​សំណាក់​អ្នក​គាំទ្រ លោក សម រង្ស៊ី នៅ​ខេត្ត​សៀមរាប ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ លោក សម រង្ស៊ី បាន​ថ្លែង​បែប​ចំអក​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ចិត្ត​មិន​សឿង​ដូច​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត ដែល​ហ៊ាន​សន្យា​ថា​ចុះ​ចេញ​ពី​តំណែង និង​បើក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សាជាថ្មី ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​ក្រុម​ប្រឆាំង។ លោក​បាន​អំពាវនាវ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​កុំ​ឲ្យ​អន់​ជាង​ស្រី។

«សំឡេង»

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិ​មនុស្ស លោក សម រង្ស៊ី បាន​ពន្យល់​ថា នេះ​គឺ​ជា​ការ​យល់​ខុស​ស្រឡះ ដែល​ផ្ទុយ​ទៅ​វិញ​លោក​គោរព លោក​ស្ញប់ស្ញែង​ចំពោះ​ភាព​ក្លាហាន នឹង​សេចក្ដី​ថ្លៃថ្នូរ​របស់ អ្នកស្រី យីងឡាក់ ទៅ​វិញ​ទេ។

«សំឡេង»

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​លិខិត​ចំហ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ធ្នូ បាន​សរសេរ​ថា ប្រសិន​ជា​ថ្លែង​បែប​នេះ គឺ​មាន​ន័យ​ថា ស្ត្រី​មាន​សមត្ថភាព​ចាញ់​បុរស ដែល​នេះ​ជា​ការ​ពុំ​ទទួល​យក​បាន។ ប្រការ​នេះ បង្ក​ឲ្យ​មាន​អ​សមភាព​យេនឌ័រ និង​ការ​បង្ខូច​នូវ​ទំនៀមទម្លាប់​ផ្នែក​យេនឌ័រ និង​ជា​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមភាព​នៅ​កម្ពុជា។ ក្នុង​លិខិត​ដដែល​បាន​កត់​សម្គាល់​ថា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​បេក្ខភាព​តំណាង​ស្ត្រី​នៅ​ក្នុង​រដ្ឋសភា នៅ​រយៈពេល ២០​ឆ្នាំ​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។