មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ​នៅ​តែ​បន្ត​សកម្មភាព​គាំទ្រ​ផ្នែក​មនុស្សធម៌​និង​សង្គមកិច្ច

0:00 / 0:00

ក្រុម​មន្ត្រី​មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​បន្ត​កិច្ចការ​ឆ្ពោះ​ទៅ​មុខ សម្រាប់​ការងារ​មនុស្ស​ធម៌ និង​សង្គមកិច្ច​ប្រកប​ដោយ​តម្លាភាព គណនេយ្យ​ភាព និង​ឯករាជ្យ​ភាព។

មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បដិសេធ​ចំពោះ​ដំណឹង​ដែល​ថា មូលនិធិ​នេះ​បាន​បិទ​ទ្វារ​លែង​ដំណើរ​ការ។ ក្រៅ​ពី​ការ​បដិសេធ​នេះ មូលនិធិ​សង្គ្រោះ​ជាតិ ក៏​បាន​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន​ទៅ​មុខ​លើស​ដើម។

ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ លោក ទូច វិបុល មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​មាន​គម្រោង​ធ្វើ​សកម្មភាព​ចំនួន​បួន​ធំៗ​នៅ​ពេល​ខាង​មុខ គឺ​ចុះ​អប់រំ​ពលរដ្ឋ​ខ្មែរ​ទូទៅ ឲ្យ​បាន​យល់​អំពី​សារសំខាន់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ការ​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​អ្នក​ច្បាប់ ក្នុង​ដំណើរ​ការ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ការ​បង្កើត​គេហទំព័រ​ដាច់​ដោយ​ឡែក​មួយ ដើម្បី​ផ្សព្វផ្សាយ​ឯកសារ​អំពី​បញ្ហា​ព្រំដែន​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​របស់​មហាជន និង​ការ​ចុះ​បណ្តុះបណ្តាល​យុវជន​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​យល់​ដឹង​អំពី​ភាព​ជា​អ្នក​ដឹក​នាំ។

លោក ទូច វិបុល បញ្ជាក់​ថា បើ​ទោះ​បី​ជា​កន្លង​មក មូលនិធិ​នេះ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កម្ពុជា ក៏​ពិត​មែន ក៏​ដោយសារ​តែ​គណបក្ស​ប្រឆាំង​មួយ​នេះ​មាន​និន្នាការ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ លោក​បន្ត​ថា ក្រុម​របស់​លោក​មិន​ត្រឹម​តែ​ឧបត្ថម្ភ​ដល់​ក្រុម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​ដល់​ក្រុម​ជន​រងគ្រោះ​ពី​បញ្ហា​ដីធ្លី គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​ក្រុម​យុវជន​ដែល​ធ្វើ​កិច្ចការ​អំពី​បញ្ហា​ព្រំដែន។

លោក ទូច វិបុល អះអាង​ថា មូលនិធិ​របស់​លោក​ធ្វើ​ការ​បែង​ចែក​ថវិកា​ប្រកប​ដោយ​តម្លាភាព និង​ស្រប​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក៖ «យើង​ធ្វើ​កិច្ចការ​ដើម្បី​គណនេយ្យ​ភាព និង​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​មូលនិធិ​យើង​ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​មួយ​ទៀត មូលនិធិ​យើង​ទទួល​យល់​ស្រប​ដោយ អាយអអែស (IRS) របស់​សហរដ្ឋ​អាមេរិក ហើយ​យើង​បាន​បំពេញ​កាតព្វកិច្ច​របស់​យើង។ យើង​បាន​ឲ្យ​គ្រប់​គណនេយ្យ ស៊ីភីអេ (CPA) ត្រួត​ពិនិត្យ​ទៅ​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ដើម្បី​ដាក់​របាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ឲ្យ អាយអអែស។ អ៊ីចឹង​ទាំងអស់​នេះ​ហើយ ដែល​យើង​ធ្វើ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្រពិចស្រពិល​ពី​បង​ប្អូន​នានា។ យើង​ត្រូវ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​តាម​ផ្លូវ​ច្បាប់។ ហើយ​រឿង​នេះ​សំខាន់ ហើយ​ប្អូន​ដែល​ជា​ម្ចាស់​ជំនួយ​នានា គាត់​ជួយ​គឺ​ថា​គាត់​ចង់​ដឹង​ថវិកា​របស់​គាត់​ហ្នឹង យក​ទៅ​ចាយ​វាយ​លើ​អ្វី​ខ្លះ។ ដូច្នេះ​ហើយ បាន​ជា​យើង​ធ្វើ​កាតព្វកិច្ច​របស់​យើង​ទៅ​តាម​ច្បាប់​ទម្លាប់ ដើម្បី​ឲ្យ​បង​ប្អូន​របស់​យើង​មាន​ការ​កក់ក្តៅ​ចំពោះ​ការ​គ្រប់គ្រង​ថវិកា​របស់​គាត់»

រចនាសម្ព័ន្ធ​របស់​មូលនិធិ​សង្គ្រោះ​ជាតិ មាន​ការ​បែង​ចែក​ចេញ​ជា​ទីប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ប្រធាន អនុប្រធាន និង​ក្រុម​អ្នក​តំណាង។

សមាជិក​ទីប្រឹក្សាភិបាល​របស់​មូលនិធិ​សង្គ្រោះ​ជាតិ លោក តាន់ វិបុល មាន​ប្រសាសន៍​ថា មូលនិធិ​សង្គ្រោះ​ជាតិ ជា​ក្រុម​មួយ​ដែល​ធ្វើ​កិច្ចការ​របស់​ខ្លួន​ប្រកប​ដោយ​គណនេយ្យ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «បាទ! ចំពោះ​ខ្ញុំ ខ្ញុំ​ជួយ​តាម​ដាន​នៅ​ក្នុង​រឿង​ហ្នឹង​ជា​រឿយៗ។ ពួក​គាត់​បាន​ប្រាប់​ខ្ញុំ​ថា អ្វីៗ​មាន​តម្លាភាព ហើយ​ខ្ញុំ​ពិនិត្យ​មើល​ទៅ​ក៏​ឃើញ​អ៊ីចឹង​ដែរ។ ហើយ​ជម្រាប​ម្តង​ទៀត គណនេយ្យ​របស់​យើង​តែង​មាន​ការ​ឆែកឆេរ»

មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១២ ក្រោយ​ពេល​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពីរ​រួម​មាន គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ព្រមព្រៀង​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មូលនិធិ​នេះ​បាន​ជួយ​ថវិកា​ប្រមាណ ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​សង្គ្រោះ​ជាតិ​ខ្មែរ លោក ព្រំ សៅរ៍នរ៉ា មាន​ប្រសាសន៍​ថា រាល់​ចំណូល​ចំណាយ​របស់​មូលនិធិ​សង្គ្រោះ​ជាតិ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​គេហទំព័រ​របស់​មូលនិធិ​នេះ ដែល​គ្មាន​អ្វី​លាក់​កំបាំង​នោះ​ឡើយ៖ «ការ​ចាត់​ចែង​របស់​យើង​ហ្នឹង ដូច​យើង​បាន​ដឹង​ហើយ យើង​មាន​វេបសាយ (website) របស់​យើង គឺ​ថា​អ្នក​ដែល​ចូល​មក​ប៉ុន្មាន យើង​នឹង​ផ្សាយ​អំពី​ចំណូល និង​ចំណាយ​របស់​យើង ដោយសារ​យើង​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​មាន 501C3។ ដូច្នេះ​អស់​លោក​ដែល​ចូល​មក​ហ្នឹង គឺ​អាច​កាត់​តាក់ (TAX) បាន។ ដូច្នេះ​ហ្នឹង តម្លាភាព គឺ​១០០%»

លោក​បន្ត​ថា បច្ចុប្បន្ន​ថវិកា​សរុប​របស់​មូលនិធិ​សង្គ្រោះ​ជាតិ មាន​ប្រហែល ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ហើយ​ក្រុម​របស់​លោក​នឹង​ធ្វើ​ការ​រៃអង្គាស​ថវិកា​ឲ្យ​បាន ១​សែន ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​អនុវត្ត​គម្រោង​ចំនួន​បួន​ធំៗ​រួម​មាន ការ​អប់រំ​ពលរដ្ឋ​ខ្មែរ​អំពី​សារសំខាន់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ការ​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​មេធាវី​អន្តរជាតិ​ដែល​កំពុង​ដំណើរ​ការ​ប្ដឹង លោក ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយស៊ីស៊ី (ICC) ការ​ប្រមូល​ភស្តុតាង​អំពី​ការ​រំលោភ​បូរណភាព​ទឹក​ដី​ពី​សំណាក់​ប្រទេស​ជិត​ខាង និង​ការ​រៀបចំ​បណ្ដាញ​យុវជន​ឲ្យ​បាន ៣​លាន​នាក់ ដើម្បី​បង្ហាត់​បង្ហាញ​ពួក​គេ​ឲ្យ​យល់​ដឹង​អំពី​ភាព​ជា​អ្នក​ដឹក​នាំ​សាមគ្គីភាព និង​ភាព​ជា​ខ្មែរ។

ជាង​នេះ​ទៅ​ទៀត ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ លោក ទូច វិបុល មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង បាន​ចូល​បំពេញ​កិច្ចការ​របស់​ខ្លួន​ក្នុង​រដ្ឋសភា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ ប៉ុន្តែ​ក្រុម​មូលនិធិ​នេះ​នៅ​តែ​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ការ​កែ​ទម្រង់ គ.ជ.ប និង​ការ​បកស្រាយ​អំពី​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី ដែល​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​ត្រូវ​តែ​ធ្វើ​ការ​បកស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។