សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក ឡុង រី អះអាងថា ស្ថានភាពនៅក្នុងពន្ធនាគារព្រៃស មានលក្ខណៈល្អប្រសើរជាងមុន បន្ទាប់ពីស្នើសុំទៅក្រសួងមហាផ្ទៃ ឲ្យជួយពិនិត្យដោះស្រាយនាពេលកន្លងមក។ ការអះអាងនេះ បន្ទាប់ពីលោកបានចូលសួរសុខទុក្ខអ្នកទោសនយោបាយចំនួន ៣រូប រួមមាន លោក អ៊ុំ សំអាន លោក ហុង សុខហួរ និងលោកមេឃុំ ស៊ាង ចែត នៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៨ ខែសីហា។
អំពើហិង្សា និងបញ្ហាដាក់ឃុំលាយឡំគ្នារវាងអ្នកទោសនយោបាយ និងអ្នកទោសដែលប្រព្រឹត្តបទល្មើសឆក់ប្លន់ លែងជាបញ្ហាចោទទៀតហើយនៅក្នុងពន្ធនាគារព្រៃស។ នេះបើតាមប្រសាសន៍របស់សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ឡុង រី៖ « ឃើញថានៅក្នុងពន្ធនាគារមានការរៀបចំកែប្រែបានច្រើនចំណុច។ ទីមួយ បានយកអ្នកទោសបទល្មើសគ្រឿងញៀន ទៅដាក់មួយអន្លើ អ្នកទោសដែលមានបទល្មើសឧក្រិដ្ឋ ទៅដាក់មួយអន្លើ ហើយមានអ្នកទោសស្រាលទៅដាក់មួយអន្លើដែរ។ អ្នកទោសនយោបាយ ក៏មានការគាំពារថែរក្សាយកចិត្តទុកដាក់មែនទែន ក្រោយពីយើងបានជជែកគ្នា ហើយរឿងអីៗបានវិលទៅរកភាពប្រក្រតី។ គ្នាយើងក៏បានប្រាប់ថា មានចំណុចល្អជាច្រើនក្រោយពីយើបានពិនិត្យ និងចេញចូល »។
ថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានស្នើសុំក្រសួងមហាផ្ទៃ ឲ្យជួយដោះស្រាយបញ្ហាមិនប្រក្រតីនៅក្នុងពន្ធនាគារជាបន្តបន្ទាប់ ដូចជា ស្នើឲ្យដាក់បន្ទប់ដោយឡែករវាងអ្នកទោសនយោបាយ និងអ្នកទោសដែលប្រព្រឹត្តបទល្មើសឆក់ប្លន់ ក្រោយពីទទួលបានព័ត៌មានថា មានការជក់បារីអនាធិបតេយ្យក្នុងបន្ទប់ឃុំឃាំង និងមានអ្នកទោសវៀតណាម មួយក្រុមវាយធ្វើបាបអ្នកទោសនយោបាយរហូតដល់សន្លប់ពីរដង ទម្រាំទទួលបានការអន្តរាគមន៍ កាលពីថ្ងៃទី៨ ខែសីហា។ ហើយកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ក៏មានព័ត៌មានពីខាងក្នុងពន្ធនាគារ ថាមានករណីអ្នកទោសដូចគ្នាព្រួតវាយលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ដាវ ទេព្យ រហូតដល់សន្លប់ដែរ។
លោក ឡុង រី ឲ្យដឹងដែរថា មន្ត្រីពន្ធនាគារព្រៃស បានសន្យាចំពោះមុខលោកថា នឹងមិនបណ្តោយឲ្យមានអំពើហិង្សា ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើងនៅក្នុងពន្ធនាគារទៀតឡើយ។
អាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា បានទេនៅថ្ងៃទី១៨ ខែសីហា។
មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សម្ដែងការសាទរចំពោះអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានខិតខំកែលំអ និងអភិវឌ្ឍតាមបណ្ដាពន្ធនាគារ។ ទោះបីជាយ៉ាងណា លោក អំ សំអាត មើលឃើញថា បញ្ហាអប់រំកែប្រែនៅក្នុងពន្ធនាគារនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យអ្នកគ្រប់គ្រងពន្ធនាគារយកចិត្តទុកដាក់បន្ថែមទៀត៖ « ឥឡូវនេះវាគ្រាន់តែជាកន្លែងផ្ទុកមនុស្សទេ មិនទាន់ជាកន្លែងមណ្ឌលអប់រំកែប្រែឡើយ។ ហើយខាងអគ្គនាយកដ្ឋានពន្ធនាគារ ក៏មានគម្រោងផែនការទៅថ្ងៃក្រោយ ដើម្បីឲ្យពន្ធនាគារក្លាយជាមណ្ឌលអប់រំកែប្រែ។ នៅប្រទេសគេ ដូចជាវៀតណាម គេមានបណ្តុះបណ្តាលកសិកម្ម គេមានបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចេញទៅវិញគេកែប្រែ ហើយគេឈប់ប្រព្រឹត្តបទល្មើស ហើយគេប្រកបមុខរបរអីត្រឹមត្រូវ តែនៅកម្ពុជា យើង គឺអត់ទាន់ឈានដល់កម្រិតហ្នឹងទេ »។
បញ្ហាពុករលួយនៅក្នុងពន្ធនាគារនេះ ក៏ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ឥតដាច់ដែរ ជាពិសេសនៅពេលលើកលែងទោសម្តងៗ។ កន្លងទៅ មានទណ្ឌិត និងពិរុទ្ធជនរអ៊ូរទាំថា ពួកគាត់មានលក្ខខណ្ឌបន្ធូរបន្ថយទោសដូចគេដែរ ប៉ុន្តែពួកគាត់គ្មានឈ្មោះនៅក្នុងបញ្ជី ដោយសារគ្មានលុយកាក់សម្រាប់សូកប៉ាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។