ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានគណបក្ស គឺលោក កឹម សុខា ដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ មីនា។
មិនមានព័ត៌មានច្រើនទេអំពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ។ នៅលើទំព័រហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី គ្រាន់តែបង្ហោះវីដេអូខ្លីមួយ ពេលដែលថ្នាក់ដឹកនាំគណបក្សទាំងពីរបើកកិច្ចប្រជុំនោះ។
ថ្លែងក្នុងពេលបើកកិច្ចប្រជុំនោះ លោក សម រង្ស៊ី សរសើរដល់ការលះបង់ពេលវេលា និងធនធានរបស់សមាជិកអង្គប្រជុំ ដែលធ្វើឲ្យលោកមានឱកាសបន្តការងារជាមួយសហការី ហើយលោកចាត់ទុកកិច្ចប្រជុំនៅទីក្រុងម៉ានីល ថាជាកិច្ចប្រជុំដ៏មានតម្លៃមួយ៖ « ខ្ញុំដឹងថា ការងារ នៅប្រទេស កម្ពុជា មមាញឹក តែទោះជា យ៉ាងណា ក៏ដោយ សមាជិកសមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ គឺបានសម្រេច ចិត្តមិន ញញើតនឹងចំណាយពេលចំណាយថវិកា ដើម្បីឲ្យមានកិច្ចប្រជុំមួយ នៅទីក្រុងម៉ានីឡា កិច្ចប្រជុំរបស់គណៈកម្មាធិការគណបក្សសង្គ្រោះជាតិ ដូចយើងធ្វើនៅប្រទេសកម្ពុជា អ៊ីចឹង ដែរ»។
អនុប្រធានគណបក្សសង្គ្រោះជាតិ វិញ លោក កឹម សុខា ថ្លែងថា ការជួបប្រជុំនៅទីក្រុងម៉ានីល ជាការរំឭកអំពីប្រវត្តិនៃការបង្កើតគណបក្ស៖ «ទោះបីជាមិនមែនជាលក្ខណៈប្រវត្តិសាស្ត្រក៏ដោយ តែជា ការរំឭកពីប្រវត្តិសាស្ត្រ ដែលយើងបានមូលមាត់គ្នា ឯកភាពគ្នា ព្រមព្រៀងគ្នាបង្កើតជា មហាចលនា នយោបាយដ៏ធំមួយ ដើម្បីប្រមូលផ្ដុំកម្លាំងអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ដែលយើងបានសម្រេចកាលពីថ្ងៃទី១៦ - ១៧ ខែកក្កដា ឆ្នាំ២០១២ កន្លងមក។ ទីក្រុងម៉ានីល នេះ ជាកន្លែង មួយដែល យើងគិតថា ជា ប្រទេសដែល គេមានសេរីភាព គេមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយយើង ទាំងអស់គ្នា ក៏ចង់ឃើញប្រទេសកម្ពុជា ហ្នឹង ក៏មានការបើកទូលាយផ្នែកប្រជាធិបតេយ្យ ដែលរបៀបដូចនៅទីនេះដែរ »។
ប្រភពព័ត៌មានទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ដដែលបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ចូលរួមដោយគណៈកម្មាធិការអចិន្ត្រៃយ៍ និងមន្ត្រីគណបក្សសង្គ្រោះជាតិ មួយចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
