គណបក្សសង្គ្រោះជាតិ ចោទប្រកាន់អាជ្ញាធរ និងមន្ត្រីបក្សប្រជាជនកម្ពុជា ក្នុងខេត្តតាកែវ ថាបានដាក់មេក្រូបំពងសំឡេងដែលរំខានដល់ពិធីជួបជុំសមាជិកគណបក្ស នៅថ្ងៃទី១៥ មីនា។ លើសពីនេះ បានពង្រាយកងកម្លាំងចម្រុះ ដោយរួមទាំងសមត្ថកិច្ចបង្ក្រាបបាតុកម្មផង ដែលប្រដាប់ដោយខែល និងដំបងឆក់ បង្កភាពភ័យខ្លាចដល់អ្នកចូលរួមពិធី។
ចំណែកមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលពាក់ព័ន្ធការចោទប្រកាន់នេះ ព្យាយាមបដិសេធក្នុងការឆ្លើយបំភ្លឺ។
គណបក្សសង្គ្រោះជាតិ សម្រេចរំសាយវេទិកាសាធារណៈភ្លាមៗនៅស្រុកត្រាំកក់ ខេត្តតាកែវ ខណៈពិធីដូចគ្នានៅស្រុកសំរោង ក្នុងថ្ងៃតែមួយ ភាគីទាំងពីរបានចាក់មេក្រូឆ្លងឆ្លើយដាក់គ្នាទៅវិញទៅមក។
អនុប្រធានគណៈកម្មការប្រតិបត្តិខេត្តតាកែវ លោក យាន វ៉ាន់ដេត ឲ្យដឹងនៅថ្ងៃទី១៥ មីនា ថា ពិធីជួបជុំដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់របស់គណបក្សសង្គ្រោះជាតិ ដែលរៀបចំនៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវលុបចោលភ្លាមៗនៅព្រឹកថ្ងៃសៅរ៍។ លោកបន្តថា ការសម្រេចផ្អាកពិធីជួបជុំនេះ គឺដើម្បីបញ្ចៀសហិង្សា ដែលអាចប្រឈមមុខដាក់គ្នា ខណៈភាគីខាងគណបក្សប្រជាជនកម្ពុជា បានត្រៀមកម្លាំងប្រមាណ ២០០នាក់រួចជាស្រេចដើម្បីបង្កបញ្ហា។
ចំណែកវេទិកាដាច់ដោយឡែកមួយទៀតនៅស្រុកសំរោង របស់ខេត្តតាកែវ ដែរដែលរៀបចំពេលរសៀលវិញក្នុងថ្ងៃតែមួយ។
លោក យាន វ៉ាន់ដេត ថ្លែងថា ពិធីជួបជុំដែលឡោមព័ទ្ធដោយកម្លាំងយោធា ប៉ូលិសស្រុក និងក្រុមប៉ូលិសបង្ក្រាបបាតុកម្មប្រដាប់ដោយខែល និងដំបង ព្យាយាមរំខានវេទិកាម្ដងហើយម្ដងទៀត។ លោកឲ្យដឹងទៀតថា ក្នុងវេទិកាលើកទីពីរនេះ គណបក្សប្រជាជនកម្ពុជា ព្យាយាមចាកឧគ្ឃោសនស័ព្ទបំពងសំឡេងដែលមានចម្ងាយ ៥០ម៉ែត្រ ឌឺដង និងសួរសំណួរដៀមដាមប្រឆាំងវេទិការបស់គណបក្សសង្គ្រោះជាតិ។ ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានឆ្លើយតបទៅវិញទៅមក រហូតឈានដល់ការប្រើហិង្សាដោយពាក្យសម្ដីយ៉ាងចាស់ដៃថែមទៀតផង។
លោក យាន វ៉ាន់ដេត៖ «ប្រហែលជាមួយម៉ោងមុននេះអំបាញ់មិញអាចប៉ះទង្គិចនឹងពាក្យសម្ដីធ្ងន់ធ្ងរដែរ ដោយសារខាងគណបក្សប្រជាជន ហ្នឹងមានមេភូមិ ហើយមានគណៈពង្រឹងគេហ្នឹង គេជិះម៉ូតូកង់បីមក គេចាក់មេក្រូនៅជាប់ជាមួយអង្គវេទិកាប្រហែលបីបួនម៉ែត្រ។ ហើយបណ្ដាលឲ្យមានការបំពងសំឡេង តំណាងរាស្ត្រនិយាយមិនកើត»។
ទាំងអភិបាលស្រុកសំរោង លោក ញ៉ែម ស្រស់ ប្រធានក្រុមប្រឹក្សាស្រុកខាងគណបក្សប្រជាជនកម្ពុជា លោក ញ៉ែម លី និងអធិការនគរបាលស្រុក លោក មឿន សារុន ដែលចុះបញ្ជាដោយផ្ទាល់សុទ្ធតែអះអាងថា ពួកគេកំពុងនៅក្នុងពិធីបុណ្យមុនដាក់ទូរស័ព្ទចុះ។
ភ្ជាប់នឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរកាលពីថ្ងៃទី២៥ កុម្ភៈ ហើយថា ចាប់ពីពេលនេះទៅ នឹងមានបាតុកម្មប្រឆាំងតបវិញរាល់ពេលមានការជួបជុំរបស់បក្សម្ខាងទៀត ឬក្រុមណាមួយ។ ការអំពាវនាវដូចនេះរបស់ លោក ហ៊ុន សែន ដោយលោកចាត់ទុកថា គឺជាការប្រើសិទ្ធិក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា។ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងឡកឡឺយឲ្យក្រុមអ្នកប្រឆាំងថា ខាងគណបក្សប្រជាជនកម្ពុជា ក៏ចេះប្រើឆន្ទៈប្រឆាំងតបវិញដែរ៖ «ប៉ុន្តែឥឡូវបាតុកម្មវាមានពីរហើយ។ អ្នកគាំទ្រក៏មានសិទ្ធិ អ្នកប្រឆាំងក៏មានសិទ្ធិ សិទ្ធិដូចគ្នា សិទ្ធិទល់សិទ្ធិ ព្រោះអាហ្នឹង គឺកុំឲ្យមានវាតែម្ខាង។ កុំឲ្យវាមានតែម្ខាង សិទ្ធិទល់សិទ្ធិ ឆន្ទៈទល់នឹងឆន្ទៈ។ ស្អីឡើងឆន្ទៈរាស្ត្រ បើអ៊ីចឹងខាងណេះក៏មានឆន្ទៈរាស្ត្រដែរ។ បើសិទ្ធិជួបជុំអ្នកខាងណេះក៏មានអ្នកគាំទ្រសិទ្ធិជួបជុំដែរ។ ប៉ុន្តែខ្ញុំករុណាខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវធានាសុវត្ថិភាពឲ្យទាំងអស់គ្នា»។
លោក ហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច (NICFEC) គិតថា គណបក្សនយោបាយគប្បីបង្ហាញភាពស្មោះត្រង់រវាងគ្នា និងគ្នា។ ហើយបើការចរចាដំណើរការ ក៏ប៉ុន្តែមានសកម្មភាពរំខាននៅតាមមូលដ្ឋានអាចរាប់បានថា ជាការបង្ហាញភាពមិនស្មោះត្រង់នឹងគ្នា៖ «ជាការពិត បើសិនបើដំណើរការចរចានៅលើតុចាប់ដៃ ហើយនៅក្រោមតុប៉ែងជើងគ្នា ខ្ញុំគិតមិនមែនជាការចរចាល្អទេ។ អ៊ីចឹងលទ្ធផលនៃការចរចានាំឲ្យមានមន្ទិលរវាងគណបក្សនយោបាយទាំងពីរ។ អ៊ីចឹងគណបក្សនយោបាយទាំងពីរគួរតែបង្ហាញនៅភាពចាស់ទុំ មិនត្រូវរំខាន និងរារាំងដល់គណបក្សផ្សេងដែលកំពុងធ្វើសកម្មភាពអ្វីទេ លើកលែងតែសកម្មភាពខុសច្បាប់»។
នេះជាលើកទីពីរហើយដែលគណបក្សប្រជាជនកម្ពុជា រងការចោទថាព្យាយាមដាក់កម្លាំងសមត្ថកិច្ច និងអ្នកគាំទ្ររំខានពិធីជួបជុំរបស់គណបក្សសង្គ្រោះជាតិ ក្នុងខេត្តតាកែវ។ រយៈពេលប្រាំថ្ងៃសកម្មភាពដូចគ្នានេះ បានកើតឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី១០ មីនា នៅស្រុកគីរីវង់ និងស្រុកកោះអណ្ដែត ខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
