ជន​មិន​ស្គាល់​មុខ​បាញ់​គំរាម​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម

ជន​មិន​ស្គាល់​មុខ​បាញ់​គំរាម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម។ ជន​រងគ្រោះ​បាន​ចោទ​ប្រកាន់​ថា ការ​បាញ់​នេះ​មិន​មែន​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន​ទេ តែ​វា​ជា​រឿង​នយោបាយ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម កំពុង​រៀប​ចំ​ពាក្យ​បណ្ដឹង​ដាក់​ជូន​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្វែង​រក​ជន​បង្ក​ហេតុ។

0:00 / 0:00

ហេតុការណ៍​បាញ់​គំរាម​សកម្មជន​គណបក្ស​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី២០ សីហា ឆ្នាំ​២០១៣ ក្នុង​ភូមិ​ជ័យសុខសាន្ត ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​កំពង់ចាម។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំងព្រីង លោក ជន ហ៊ីង បាន​រៀប​រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី២១ សីហា ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៧ និង ៤០​នាទី​យប់ ថ្ងៃ​ទី២០ សីហា មាន​ជន​មិន​ស្គាល់​មុខ​មិន​ដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ជិះ​ឡាន​ពណ៌​ស​គ្មាន​ស្លាក​លេខ បាន​មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​លោក ហើយ​ក៏​បាន​ដក​កាំភ្លើង​បាញ់​បង្ហោះ​លើ​ដំបូល​ផ្ទះ​របស់​លោក​ចំនួន ៣​គ្រាប់។ បន្ទាប់​ពី​បាញ់​រួច ជន​មិន​ស្គាល់​មុខ​នោះ​បាន​បើក​រថយន្ត​គេច​ចេញ​ទៅ​ភ្លាម៖ «ពេល​ដែល​បាញ់​រួច​អត់​មាន​បើក​ភ្លើង​ទេ ទៅ​បាន​ប្រហែល​ជា ២០០ ឬ ៣០០​ម៉ែត្រ ទើប​បើក​ភ្លើង​វិញ»

លោក ជន ហ៊ីង បន្ត​ថា តាំង​ពី​ដើម​មក លោក​ពុំ​ដែល​មាន​គំនុំ​ជាមួយ​ពលរដ្ឋ​ណា​ម្នាក់​នៅ​ក្នុង​ឃុំ​ត្រពាំងព្រីង ឡើយ។ លោក​ថា ការ​ដែល​ជន​មិន​ស្គាល់​មុខ​មក​ឈប់​រថយន្ត ហើយ​បាញ់​បង្ហើរ​លើ​ដំបូល​ផ្ទះ​របស់​លោក​នេះ គឺ​ជា​ការ​គំរាម​ផ្នែក​នយោបាយ ដោយសារ​លោក​គឺ​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត លោក​បាន​ចូល​រួម​សកម្មភាព​ជាច្រើន​ជាមួយ​គណបក្ស​ប្រឆាំង។ តែ​លោក​ថា តាំង​ពី​ដើម​មក លោក​មិន​ដែល​ត្រូវ​បាន​ជន​ណា​ម្នាក់​សម្ដែង​សកម្មភាព​គំរាម​កំហែង​ដូច្នេះ​ទេ៖ «ក្រោយ​ដែល​ហេតុការណ៍​កើត​ឡើង​ហើយ ខ្ញុំ​រៀប​ចំ​ពាក្យ​បណ្ដឹង​ចូល​រដ្ឋបាល​ឃុំ ដើម្បី​អោយ​គេ​វែក​មុខ​រក​ជន​ល្មើស។ ចុះ​ស្រាវជ្រាវ​រក​មុខ​ជន​ល្មើស​នេះ​អោយ​ឃើញ ដើម្បី​កុំ​អោយ​ថ្ងៃ​ក្រោយ​ប្រព្រឹត្ត​ត​ទៅ​ទៀត»

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក សេង ឈាងលី បាន​និយាយ​នៅ​ថ្ងៃ​ទី២១ សីហា ថា ការ​បាញ់​ដោយ​ជន​មិន​ស្គាល់​មុខ​លើ​ដំបូល​ផ្ទះ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​សកម្មភាព​គំរាម​កំហែង​ផ្នែក​នយោបាយ ក្នុង​គោល​បំណង​បំបាក់​ស្មារតី​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន។ លោក​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​គេ​គំរាម​កំហែង បន្ទាប់​ពី​ការ​បោះ​ឆ្នោត ហើយ​ពី​មុន​មក ក៏​ធ្លាប់​មាន​ការ​គំរាម​កំហែង​ដោយ​ប្រើ​រូបភាព​ផ្សេងៗ​ដែរ។

លោក សេង ឈាងលី៖ «មាន​ករណី​បី​បួន​ករណី​ហើយ ខ្លះ​មាន​រហូត​ដល់​មាន​លួច​ដុត​ផ្ទះ​ក៏​មាន ខ្លះ​ទៅ​មាន​ករណី​គំរាម​កំហែង​ជា​ពាក្យ​សម្ដី​ក៏​មាន សកម្មភាព​ដែល​មក​គំរាម​ថា ប្រយ័ត្ន​បាត់​ខ្លួន ប្រយ័ត្ន​គេ​បាញ់​ចោល អា​ហ្នឹង​សុទ្ធ​តែ​ជា​ពាក្យ​សម្ដី​គំរាម​កំហែង​ទាំងអស់»

លោក សេង ឈាងលី បន្ត​ថា លោក និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​ពាក្យ​បណ្ដឹង​ដាក់​ជូន​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មេ​ឃុំ​ត្រពាំងព្រីង ព្រម​ទាំង​បាន​ជូន​ដំណឹង​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​អោយ​បាន​ដឹង​រួច​ហើយ​ដែរ។

ទាក់ទង​នឹង​សកម្មភាព​បាញ់​គំរាម​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ត្រពាំងព្រីង កាល​ពី​យប់​ថ្ងៃ​ទី២០ សីហា មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំងព្រីង លោក ម៉ឺង ធី និង​មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន បាន​និយាយ​នៅ​ថ្ងៃ​ទី២១ សីហា ថា ពួក​គាត់​ពុំ​ទាន់​បាន​ទទួល​ដំណឹង​នៃ​ការ​បាញ់​នេះ​នៅ​ឡើយ។ ពួក​គាត់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​គំរាម​នោះ មិន​បាន​ផ្តល់​ដំណឹង​អោយ​ពួក​គាត់​បាន​ដឹង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។