សកម្មជនមួយរូបរបស់គណបក្សសង្គ្រោះជាតិ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចោទនាយនគរបាលប៉ុស្តិ៍ឃុំ ថាបានប្រឌិតរឿងដើម្បីឲ្យពលរដ្ឋប្ដឹងរូបគាត់។ ការចោទប្រកាន់នេះ បន្ទាប់ពីសកម្មជនរូបនោះបានដើរប្រមូលស្នាមមេដៃពីពលរដ្ឋ ដោយប្រាប់ហេតុផលត្រឹមត្រូវ ប៉ុន្តែក្រោយមកទទួលដំណឹងថា មេប៉ុស្តិ៍ឃុំ បានហៅពលរដ្ឋទាំងនោះទៅផ្ដិតមេដៃប្ដឹងរូបគេវិញ។ ចំណែកមេប៉ុស្តិ៍ឃុំសេដា ថាខាងលោកធ្វើទៅតាមពាក្យបណ្ដឹងរបស់ពលរដ្ឋប៉ុណ្ណោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ ឃុំសេដា ហៅសកម្មភាពប្ដឹងអ្នកស្រី ពីសំណាក់ប្រជាពលរដ្ឋដែលបានយល់ព្រមផ្ដិតមេដៃរួចទៅហើយនោះ ថាជារូបភាពគំរាមកំហែងពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍តែម្តង។ សកម្មជនរូបនោះអះអាងថា អ្នកស្រីបានប្រាប់ពីហេតុផលត្រឹមត្រូវ មុននឹងទទួលយកស្នាមមេដៃពីពលរដ្ឋ ដោយបញ្ជាក់ថា យកទៅដាក់ថ្វាយព្រះមហាក្សត្រសុំដោះលែងអ្នកជាប់ឃុំ។
សកម្មជនគណបក្សសង្គ្រោះជាតិ ឃុំសេដា អ្នកស្រី សុខ ឌីន មានប្រសាសន៍ថា មេប៉ុស្តិ៍បានហៅអ្នកស្រីសាកសួរអំពីសកម្មភាពប្រមូលស្នាមមេដៃពីពលរដ្ឋកាលពីថ្ងៃទី៣ កក្កដា ហើយថែមទាំងតម្រូវឲ្យគាត់ធ្វើកិច្ចសន្យាទៀតផង ប៉ុន្តែអ្នកស្រីបដិសេធ ពីព្រោះអ្នកស្រីមិនបានធ្វើខុសឡើយ។ ប្រភពដដែលអះអាងថា មុនពេលទទួលយកស្នាមមេដៃពីពលរដ្ឋចំនួន ១៣នាក់ គាត់បានប្រាប់ពីគោលបំណងច្បាស់លាស់ស្របតាមខ្លឹមសារញត្តិនោះ ហើយពលរដ្ឋក៏យល់ព្រម។ ក្រោយពេលនាយនគរបាលប៉ុស្តិ៍បានហៅពលរដ្ឋសាកសួរអំពីបញ្ហានេះ ថែមទាំងថតរូបពួកគាត់ទាំងនោះផង ស្រាប់តែនៅថ្ងៃទី៥ កក្កដា ទើបអ្នកស្រីទទួលដំណឹងថា ពលរដ្ឋទាំង ១៣នាក់ សម្រេចប្ដឹងអ្នកស្រីឲ្យលុបស្នាមមេដៃ និងទាមទារប្រាក់ជំងឺចិត្តចំនួន ៥០ម៉ឺនរៀល។ សកម្មជនដដែលយល់ថា វាជារូបភាពគំរាមកំហែង និងប្រឌិតរឿងពីសំណាក់មេប៉ុស្តិ៍ដើម្បីប្ដឹងអ្នកស្រី៖ « ពីដំបូងខ្ញុំគិតថា បើគេបញ្ឈប់ ខ្ញុំក៏មិនបន្តអីដែរអូន។ ហើយឥឡូវបើគេធ្វើអ៊ីចឹង ខ្ញុំក៏គិតថា ខ្ញុំចង់ប្ដឹងតបតចំពោះប៉ុស្តិ៍ហ្នឹងវិញដែរ »។
អ្នកស្រី សុខ ឌីន ជាសកម្មជនគណបក្សប្រឆាំងនៅឃុំសេដា ដែលមានប្រជាប្រិយភាពម្នាក់។ បញ្ហានេះ សកម្មជនរូបនោះយល់ថា អាចជាការបំបាក់ស្មារតីមិនឲ្យអ្នកស្រីចូលរួមក្នុងកិច្ចការរបស់គណបក្សសង្គ្រោះជាតិ បន្តទៀត។
ទាក់ទងបញ្ហានេះ នាយនគរបាលប៉ុស្តិ៍ឃុំសេដា លោក យូ ទូច បញ្ជាក់នៅថ្ងៃទី៦ កក្កដា ថាខាងលោកធ្វើទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ពីព្រោះសមត្ថកិច្ចមិនអាចញុះញង់ឲ្យពលរដ្ឋប្ដឹងនរណាម្នាក់បានទេ។ លោកបន្ថែមថា មូលហេតុពលរដ្ឋប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិ ពីព្រោះអ្នកភូមិទាំងនោះមិនពេញចិត្តចំពោះការយកស្នាមមេដៃរបស់ពួកគាត់ទៅធ្វើរឿងខុសពីគោលបំណងដើម។ លោកឲ្យដឹងដែរថា ក្នុងចំណោមអ្នកភូមិ ១៣នាក់នោះ គឺមានពីរនាក់ប្ដឹងឲ្យលុបស្នាមមេដៃ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនរៀល។ ក្រៅពីនោះ គឺប្ដឹងឲ្យលុបតែស្នាមមេដៃចេញវិញប៉ុណ្ណោះ៖ « សមត្ថកិច្ចមានតួនាទីទៅតាមបណ្ដឹងរបស់ពលរដ្ឋ ហើយចាត់ការបណ្ដឹងឲ្យ ហើយខ្ញុំថ្នាក់ប៉ុស្តិ៍ ខ្ញុំមិនមានសិទ្ធិទៅអារកាត់អីទេ »។
នាយនគរបាលប៉ុស្តិ៍ឃុំដដែលបញ្ជាក់ថា ពាក្យបណ្ដឹងពលរដ្ឋ ខាងលោកបានបញ្ជូនទៅដល់លោកអធិការស្រុករួចរាល់ហើយ។
ទោះជាយ៉ាងនេះក្តី ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋទាំង ១៣នាក់ ដែលបានប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិ សុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា មុនពេលអ្នកស្រីផ្តល់ស្នាមមេដៃឲ្យទៅអ្នកស្រី សុខ ឌីន គឺគាត់បានដឹងគោលបំណងច្បាស់លាស់ហើយ ប៉ុន្តែមូលហេតុអ្នកស្រីសម្រេចចិត្តប្ដឹងសកម្មជនគណបក្សប្រឆាំងរូបនោះ គឺដោយសារមេប៉ុស្តិ៍បានស្គាល់មុខអ្នកផ្តល់ស្នាមមេដៃឲ្យគណបក្សប្រឆាំង ម្យ៉ាងឃើញអ្នកផ្សេងយល់ព្រមប្ដឹងអស់ទៅហើយ៖ « បើគេទាំងអស់គ្នាអ៊ីចឹងដែរ បើខ្ញុំតែម្នាក់ឯងក៏មិនកើតដែរ »។
ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត សង្ស័យថា ករណីនេះធ្វើឡើងដោយសារពលរដ្ឋទាំងនោះរងសម្ពាធពីនាយនគរបាលប៉ុស្តិ៍ច្រើនជាង ពីព្រោះលោកមិនជឿថា ពលរដ្ឋអាចប្ដឹងសកម្មជនគណបក្សប្រឆាំងដោយចិត្តឯងទេ៖ « ប៉ុន្តែអាជ្ញាធរ ខ្ញុំសង្ស័យថា មានការគាបសង្កត់ពីអាជ្ញាធរ ដើម្បីឲ្យប្រជាពលរដ្ឋប្ដឹងអ្នកដើរប្រមូលស្នាមមេដៃ »។
លោកបន្ថែមទៀតថា ករណីនេះគប្បីមានការស្រាវជ្រាវឲ្យបានត្រឹមត្រូវ ពីព្រោះមានការចោទប្រកាន់ គឺត្រូវមានភស្តុតាងឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញភាពយុត្តិធម៌នៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
