អ្នក​ជំនាញ​បច្ចេកទេស​ខាង​បោះ​ឆ្នោត​ជប៉ុន​ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឆាប់​ត្រូវរ៉ូវ​គ្នា

0:00 / 0:00

អ្នក​ជំនាញ​បច្ចេកទេស​ខាង​បោះ​ឆ្នោត​មក​ពី​ប្រទេស​ជប៉ុន បាន​មក​ជួប​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២០ ឧសភា ដើម្បី​ស្រាវជ្រាវ​លើ​ការ​ខ្វះខាត​លើ​ការ​បោះ​ឆ្នោត និង​ការ​កែ​ទម្រង់​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ ឲ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ មាន​យុត្តិធម៌ តម្លាភាព និង​ទទួល​យក​បាន​គ្រប់​ភាគី។

ក្រុម​មន្ត្រី​បច្ចេកទេស​បោះ​ឆ្នោត​ជប៉ុន បាន​ជួប​តំណាង​គណបក្ស​ទាំង​ពីរ និង​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឆាប់​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ ដើម្បី​ងាយ​ស្រួល​ដល់​ប្រទេស​ជប៉ុន ក្នុង​ការ​ជួយ​លើ​ការ​កែ​ទម្រង់​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ប្រធាន​ក្រុម​បច្ចេកទេស និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក សុន ឆ័យ ឲ្យ​ដឹង​បន្ទាប់​ពី​ជំនួប​តំណាង​បច្ចេកទេស​ជប៉ុន ប្រមាណ ៣​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នេះ​ថា ភាគី​ជប៉ុន មក​សិក្សា​ស្រាវជ្រាវ​អំពី​បច្ចេកទេស​ការ​បោះ​ឆ្នោត ដូចជា ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​ការ​មិន​បម្រើ​គណបក្ស​នយោបាយ និង​ករណី​ផ្សេងៗ​ជាច្រើន​ទៀត។ លោក សុន ឆ័យ អះអាង​ថា ក្រុម​ស្រាវជ្រាវ​ជប៉ុន លើក​ឡើង​ថា ប្រទេស​ជប៉ុន មិន​ចាំបាច់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដូច​នៅ​កម្ពុជា ទេ។

«សំឡេង»

លោក សុន ឆ័យ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​សំណូមពរ​ឲ្យ​ក្រុម​បច្ចេកទេស​ជប៉ុន ជួយ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជំនួស សុំ​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ ដើម្បី​ប្រមូល​មតិ​យោបល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បញ្ហា​ផ្សេងៗ​ទៀត។ លោក សុន ឆ័យ បញ្ជាក់​ថា ក្រុម​បច្ចេកទេស​ជប៉ុន មិន​បាន​និយាយ​ពី​រឿង​នយោបាយ​នោះ​ទេ ដូចជា រឿង​ជាប់​គាំង​នយោបាយ​ទេ តែ​ជប៉ុន ក៏​បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​រឿង​ជម្លោះ​នយោបាយ​នេះ​ឲ្យ​បាន​ឆាប់​ដែរ ដែល​ឈរ​លើ​ការ​ដោះស្រាយ​ជាមួយ​ភាគី​ខ្មែរ និង​ខ្មែរ ដើម្បី​ឈាន​ទៅ​ដល់​រដ្ឋាភិបាល​ជប៉ុន ជួយ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​បាន។

ក្រោយ​ពី​បាន​ជួប​តំណាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ លោក សុន ឆ័យ នោះ ក្រុម​បច្ចេកទេស​ជប៉ុន ប្រមាណ ១០​នាក់ ក៏​បាន​ជួប​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​នៅ​រសៀល​ថ្ងៃ​ទី​២០ ឧសភា ដដែល​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋសភា លោក​បណ្ឌិត​រដ្ឋ ជាម យៀប មាន​ប្រសាសន៍​ប្រហាក់​ប្រហែល លោក សុន ឆ័យ ដែរ​ថា ក្រុម​បច្ចេកទេស​ជប៉ុន ក៏​ជជែក​អំពី​ការ​ស្រាវជ្រាវ​អំពី​បញ្ហា​បច្ចេកទេស​បោះ​ឆ្នោត​របស់​កម្ពុជា។ ហើយ​ក្រោយ​ពី​បាន​ប្រមូល​ព័ត៌មាន និង​ស្រាវជ្រាវ​បញ្ចប់ ក្រុម​បច្ចេកទេស​នេះ​នឹង​ធ្វើ​របាយការណ៍​ទៅ​រដ្ឋាភិបាល​ជប៉ុន ថា​តើ​គេ​នឹង​ជួយ​យ៉ាង​ដូចម្ដេច​ខ្លះ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ។

«សំឡេង»

ក្រុម​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​ជប៉ុន ដែល​ដឹក​នាំ​ដោយ លោក សិនយ៉ា ម៉ូរី (Senya Mori) អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​គោល​នយោបាយ​សាធារណៈ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ចៃកា (JICA) នោះ​នឹង​នៅ​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​២៣ ឧសភា។ ហើយ​នៅ​ថ្ងៃ​ទី​២១ ឧសភា នេះ ក្រុម​អ្នក​ជំនាញ​នេះ​នឹង​ជួប​តំណាង​ក្រសួង​មហាផ្ទៃ និង​ជួប​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទៀត ដើម្បី​ស្រាវជ្រាវ​អំពី​បច្ចេកទេស​ការ​បោះ​ឆ្នោត​នេះ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ល្អ​មួយ​ដែល​ក្រុម​អ្នក​ជំនាញ​ជប៉ុន មក​ស្រាវជ្រាវ​ពី​បច្ចេកទេស​ការ​បោះ​ឆ្នោត តែ​លោក​បញ្ជាក់​ថា ជប៉ុន ត្រូវ​តែ​ឲ្យ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​ច្បាស់​លាស់ ដើម្បី​ជៀសវាង​ការ​នូវ​ភាព​អយុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។