គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​ស៊ើប​អង្កេត​រក​អ្នក​វាយ​តំណាង​រាស្ត្រ​ឲ្យ​បាន​ឆាប់

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ស៊ើប​អង្កេត​របស់​រាជ​រដ្ឋាភិបាល​អំពី​ករណី​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាល​ពី​ថ្ងៃ​ទី​២៦ តុលា មាន​ភាព​យឺតយ៉ាវ នៅ​ខណៈ​ដែល​ជន​សង្ស័យ​ត្រូវ​បាន​គេ​ថត​ជា​វីដេអូ​បង្ហោះ​ផ្សព្វផ្សាយ​ពាស​ពេញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ហើយ​នោះ។ រដ្ឋាភិបាល ថា​ការ​ស៊ើប​អង្កេត​ករណី​នេះ កំពុង​ធ្វើ​តាម​ជំនាញ​បច្ចេកទេស។

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់ និង​មាន​តម្លាភាព លើ​ករណី​វាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​របស់​ខ្លួន​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ហិង្សា ដែល​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​កង្វល់​ជា​ខ្លាំង ព្រោះ​រយៈពេល​ច្រើន​ថ្ងៃ​កន្លង​មក​នេះ ការ​ស៊ើប​អង្កេត​របស់​រាជ​រដ្ឋាភិបាល នៅ​តែ​មិន​បាន​បង្ហាញ​ពន្លឺ និង​ទំនុក​ចិត្ត​ណា​មួយ​ដល់​មហា​ជន​ខ្មែរ​នៅ​ឡើយ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​បញ្ជាក់​ថា ការ​ដែល​ខ្វះ​ទំនុក​ចិត្ត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព៖ «នៅ​ពេល​ដែល​ជន​ដៃ​ដល់​ពុំ​ទាន់​ត្រូវ​បាន​រក​ឃើញ បាន​ន័យ​ថា នៅ​មាន​សេរីភាព​នៅ​ឡើយ។ ដូច្នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ពេញលេញ»

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​បន្ត​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ដោយ​ឯករាជ្យ​ដែល​អាច​ទុក​ចិត្ត​បាន។

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​របស់​រាជ​រដ្ឋាភិបាល កំពុង​ធ្វើ​គ្រប់​សមត្ថកិច្ច តាំង​ពី​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ចាប់​ជន​ដៃ​ដល់។ លោក​ថា បញ្ហា​នេះ​មិន​មែន​ជា​ការ​ឈឺ​ចាប់​តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ តែ​ម្ខាង​ទេ គឺ​ជា​ការ​ឈឺ​ចាប់​របស់​ជាតិ​ទាំង​មូល ហើយ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​បាក់​មុខ​មាត់​របស់​ប្រទេស។ លោក​បន្ត​ថា រយៈពេល​ស៊ើប​អង្កេត គឺ​ធ្វើ​តាម​ជំនាញ​របស់​គណៈកម្មការ​ស៊ើប​អង្កេត មិន​អាច​ធ្វើ​បាន​តាម​ការ​ចង់​បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ៖ «ខ្ញុំ​បាន​ឮ​ថា គណៈកម្មការ​ហ្នឹង​បាន​ទទួល​ឯកសារ​ភស្តុតាង​មួយ​ចំនួន​ហើយ ប៉ុន្តែ​ជាមួយ​នោះ ដើម្បី​ឲ្យ​សុក្រឹត​រក្សា​បាន​យុត្តិធម៌ លោក​បាន​អំពាវនាវ​ជា​សាធារណៈ​ថា សាធារណជន​ណា​ក៏ដោយ ជន​ណា​ក៏ដោយ បើ​សិន​មាន​ភស្តុតាង​គ្រប់គ្រាន់ សូម​មេត្តា​ជូន​ដល់​គណៈកម្មការ​ពិសេស»

លោក​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ខាង​គណៈកម្មការ​ស៊ើប​អង្កេត​បាន​ទទួល​ឯកសារ​ព័ត៌មាន​ខ្លះ​ហើយ ប៉ុន្តែ​លោក​មិន​អាច​បរិយាយ​បាន​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នៃ​គណៈកម្មការ​ស៊ើប​អង្កេត​ក្រសួង​មហាផ្ទៃ បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១ វិច្ឆិកា ដើម្បី​សួរ​បន្ថែម​អំពី​ការ​វិវឌ្ឍ​នៃ​ការ​ស៊ើប​អង្កេត​នេះ។

នៅ​ថ្ងៃ​ដដែល​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព​ដដែលៗ​នៅ​កម្ពុជា និង​ត្រូវ​ធានា​ថា ជន​ប្រព្រឹត្តិ​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស។ អង្គការ​ទាំង​នេះ ថ្កោលទោស​ចំពោះ​ករណី​និទ្ទណ្ឌភាព​កើត​ឡើង​ដដែល និង​កំពុង​រាល​ដាល​នៅ​កម្ពុជា។ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព ដល់​អ្នក​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ដែល​អាច​ទុក​ចិត្ត​បាន គឺ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល អញ្ជើញ​អង្គការ​សិទ្ធិ​មនុស្ស​ឧត្តម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត​នោះ។

លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា សំណើ​សុំ​បែប​នេះ គឺ​ខុស​ពី​ដែន​សមត្ថកិច្ច​ក្នុង​ច្បាប់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។