គណបក្ស​សង្គ្រោះ​ជាតិ​ថា​សភា​មិន​អាច​យក​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ទេ

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា នេះ​ថា រដ្ឋសភា​គ្មាន​សិទ្ធិ​ក្នុង​ការ​អនុម័ត​ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១ ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នេះ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ទាក់ទង​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រដ្ឋសភា ការពារ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ ការពារ​តម្លៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ។ គណបក្ស​ប្រឆាំង​មួយ​នេះ ថា​រដ្ឋសភា​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទេ។

គណបក្ស​សង្គ្រោះ​ជាតិ សំអាង​ហេតុផល​ផ្លូវ​ច្បាប់​ថា អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ​ត្រូវ​ការពារ​ដោយ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា បើ​តំណាង​រាស្ត្រ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង សមត្ថកិច្ច​ត្រូវ​ចាប់​ខ្លួន។ លោក សុខ ឥសាន បន្ត​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​តុលាការ​ផ្អាក​ការ​ចោទ​ប្រកាន់ លុះត្រាតែ​គណបក្ស​នេះ​រក​សំឡេង​បី​ភាគ​បួន​នៃ​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា៖ « មិន​មែន​បទល្មើស​ជាក់ស្ដែង លុះត្រាតែ​មាន​ការ​បើក​ផ្លូវ​ឲ្យ​តុលាការ​ដក​អភ័យ​ឯកសិទ្ធិ​ដោយ​សំឡេង​ពីរ​ភាគ​បី។ ចឹង​ទេ ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង លុះត្រាតែ​រក​សំឡេង​បី​ភាគ​បួន​មក​ទប់​មិន​ឲ្យ​តុលាការ​បន្ត​នីតិវិធី »

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ អ្វី​ដែល​ជា​ចម្ងល់​នោះ គឺ​ថា​ប្រសិន​បើ​លោក កឹម សុខា ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ដូច​ការ​ចោទ​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ នោះ ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​រហូត​មក​ដល់​ពេល​នេះ មិន​ចាប់​ខ្លួន​លោក កឹម សុខា តែ​ម្ដង​ទៅ ពីព្រោះ​បើ​បទល្មើស​ជាក់ស្ដែង មិន​ចាំបាច់​មាន​ដីកា​ទេ។ រឹត​តែ​ឆ្ងល់​ទៀត​នោះ បើ​បទល្មើស​ជាក់ស្ដែង​មែន​នោះ ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​មិន​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ ឧសភា នៅ​ពេល​កម្លាំង​នគរបាល​ប្រដាប់​ដោយ​អាវុធ ចូល​ទៅ​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នោះ។

អ្នក​ច្បាប់​និយាយ​ថា ប្រសិន​បើ​បទល្មើស​ជាក់ស្ដែង​កំពុង​ប្រព្រឹត្ត សមត្ថកិច្ច​មិន​អាច​ចាប់​ខ្លួន​បាន​ទេ បើ​កន្លង​ផុត​មួយ​រយៈ វា​ក្លាយ​ជា​លែង​ជាក់ស្ដែង​ហើយ។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ខាង​ក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ណា​មួយ ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

រឿង​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​នៃ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​បកស្រាយ​ខុស​គ្នា។

ទាក់ទង​រឿង​នេះ​ដែរ លោក​មេធាវី គង់ សំអុន លើក​ឡើង​ថា ច្បាប់​មិន​បាន​និយាយ​ថា សមាជិក​សភា​ចំនួន ៥០​ភាគរយ​បូក​១ អាច​ស្នើ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​នោះ​ទេ ប៉ុន្តែ​ច្បាប់​មាន​ចែង​ថា សមាជិក​សភា ៣​ភាគ​៤ អាច​ស្នើ​ឲ្យ​តុលាការ​ផ្អាក​នីតិវិធី។ លោក​ថា ក្នុង​ករណី​បទល្មើស​ជាក់ស្ដែង តុលាការ ឬ​សមត្ថកិច្ច ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​រួច​ហើយ ទើប​ជូន​ដំណឹង​មក​រដ្ឋសភា៖ « ច្បាប់​គេ​មិន​និយាយ​សំដៅ​ទៅ​លើ​រដ្ឋសភា​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​តំណាង​រាស្ត្រ​ណា​មួយ​ទេ ប៉ុន្តែ​ច្បាប់​និយាយ​ការ​មិន​យល់ស្រប​រដ្ឋសភា អាច​មិន​ស្រប​ចំពោះ​ការ​ចោទ​ប្រកាន់​ប្រើ​សំឡេង​បី​ភាគ​បួន »

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ ចាប់​ពី​ពេល​នោះ​មក លោក កឹម សុខា មិន​បាន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ គណបក្ស​នេះ​ព្រមាន​ធ្វើ​មហា​បាតុកម្ម បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។