បក្ស​ប្រឆាំង​ថ្កោល​ទោស​ចំពោះ​ក្រុម​យុវជន ស្រី ចំរើន រឿង​ប្រើ​​សញ្ញា​​សម្គាល់​គណបក្ស

0:00 / 0:00

គណបក្ស​សង្គ្រោះជាតិ ថ្កោល​ទោស​ចំពោះ​ក្រុម​យុវជន​ដែល​ដឹកនាំ​លោក ស្រី ចំរើន រឿង​យក​ទង់ អាវ និង​មួក ប្រើ​​​សញ្ញា​សម្គាល់​គណបក្ស ទៅ​ធ្វើ​សកម្មភាព ដែល​បក្ស​នេះ​ចាត់​ទុក​ថា ជា​សកម្មភាព​អនាធិបតេយ្យ។

អ្នកនាំពាក្យ​បក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ល្ងាច​ថ្ងៃទី២៩ មីនា ថា លិខិត​ថ្កោល​ទោស​របស់​បក្ស​ប្រឆាំង​ចំពោះ​ក្រុម​យុវជន​ទាំងនេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​យុវជន​ដែល​អះអាងថា ខ្លួន​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ស្រី ចំរើន ប្រមាណ​១រយនាក់ តវ៉ា​ទាមទារ​ឲ្យលោក កឹម សុខា បកស្រាយ​ខ្សែ អាត់សម្លេង ដោយ​ប្រើ​ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះជាតិ។

លិខិត​គណបក្ស​សង្រ្គោះជាតិ លើក​ឡើង​ថា សកម្មភាព​ប្រមូល​ផ្ដុំ និង​ហែ​ក្បួន​របស់​ក្រុម​យុវជន ដែល​យក​ទង់ អាវ និងមួក ប្រើ​​សញ្ញា​​សម្គាល់​គណបក្ស ដោយ​គ្មាន​ការអនុញ្ញាត​នេះ គឺ​ជា​អំពើ​ក្លែង​បន្លំ​ដោយ​ចេតនា ក្នុង​បំណង​បង្កាច់​បង្ខូច​កិត្តិយស​បក្ស និង​សមាជិក​បក្ស​សង្គ្រោះជាតិ ហើយ​ក៏​ជា​ការ​រំលោភច្បាប់ ស្ដីពី​កម្មសិទ្ធិ​បញ្ញា និង​ក្រម​ព្រហ្មទណ្ឌ។

លើស​ពី​នេះ​ទៀត​គណបក្ស​សង្គ្រោះជាតិ​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដក​ហូត​ទង់ អាវ និង​មួក​ទាំង​នោះ​ជាបន្ទាន់ ហើយ​គណបក្ស​ក៏​នឹង​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​តុលាការ​ជុំវិញ​រឿងរ៉ាវ​នេះ​ផង​ដែរ។

នៅ​រសៀលថ្ងៃទី២៩ មីនា នេះ​យុវជន​​ទាំង​នោះ បាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា ការិយាល័យ​អង្គការ​សហប្រជាជាតិ ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ និង​ផ្ទះ លោក កឹម សុខា ទាមទារ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បក​ស្រាយ​ខ្សែ​អាត់​សំឡេង។

សូម​ស្ដាប់​ លោក ម៉ម មុនីរតន៍ រាយការណ៍​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។