បក្ស​សង្គ្រោះ​ជាតិ​ជំទាស់​នឹង​ការ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​នៅ​ផ្ទះ​ឯកជន​ឬ​មន្ទីរ​បក្ស

0:00 / 0:00

ការ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក បាន​ចប់ និង​ប្រកាស​លទ្ធផល​ទៅ​ហើយ។ មក​ដល់​ពេល​នេះ គឺ​ជា​ដំណាក់​កាល​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់​តំណែង និង​ចូល​ធ្វើ​ការ។

ប៉ុន្តែ មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​មន្ត្រី​គណបក្ស​នយោបាយ​២ ទាក់ទង​នឹង​ទីកន្លែង និង​ការ​រៀបចំ​ប្រកាស​សុពលភាព​មន្ត្រី​ក្រុមប្រឹក្សា​ជាប់​ឆ្នោត។ គណបក្ស​នយោបាយ​ទាំង​២ ដែល​មាន​ទំនាស់​គ្នា​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជំទាស់​ការ​រៀបចំ​ប្រកាស​សុពលភាព​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ នៅផ្ទះ​ឯកជន ឬ​មន្ទីរ​បក្ស។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ មិថុនា ថា ការ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​នៅ​ទីកន្លែង​ដែល​មិន​ត្រឹមត្រូវ មិន​អាច​ទទួល​យក​បាន​ទេ ហើយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ទេ៖ «ពីព្រោះ​ជា​គោលការណ៍​ជា​ច្បាប់ សាលា​ខេត្ត និង​សាលា​ស្រុក ជា​សេនាធិការ​របស់​ក្រសួង​មហាផ្ទៃ ដូច្នេះ​ការ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខេត្ត ត្រូវ​ធ្វើ​នៅ​សាលា​ស្រុក ឬ​សាលា​ខេត្ត មិន​មាន​ហេតុផល​ទៅ​ធ្វើ​នៅ​គណបក្ស​ទីស្នាក់ការ​បក្ស​ទេ ពីព្រោះ​ក្រុមប្រឹក្សា​ស្រុក និង​ខេត្ត ជា​មន្ត្រី​របស់​ជាតិ មិន​មែន​ជា​មន្ត្រី​របស់​បក្ស​នេះ​ទី​១។ ទី​២ បើ​ទៅ​ធ្វើ​ផ្ទះ​ឯកជន វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត ថា​តើ​មាន​សិទ្ធិ​ឯណា? មាន​ច្បាប់​ឯណា ដែល​ចែង​ថា ត្រូវ​ប្រកាស​សុពលភាព​នៅ​ផ្ទះ​ឯកជន​នោះ​បាទ?»

លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​បន្ថែម​ឲ្យ​ដឹង​ថា ការ​ប្រកាស​សុពលភាព​របស់​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ​ខណ្ឌ នៅ​ទីកន្លែង​ឯកជន​នេះ​មិន​ទាន់​កើត​មាន​ទេ ប៉ុន្តែ​មាន​ដំណឹង​ពី​សមាជិក​បក្ស​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​មួយ​ចំនួន មាន​គម្រោង​ធ្វើ​ពិធី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​នេះ​នៅ​ផ្ទះ​អភិបាល​ស្រុក និង​មន្ទីរ​បក្ស៖ «យើង​ទប់ស្កាត់ ពីព្រោះ​ព័ត៌មាន​មក ឧទាហរណ៍ ពី​ស្រុក​កែវសីមា មណ្ឌលគិរី មាន​ព័ត៌មាន​មក​ថា បម្រុង​ទៅ​ប្រកាស​ព័ត៌មាន​នៅ​ផ្ទះ​ចៅហ្វាយ​ស្រុក។ តែ​ឥឡូវ យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​មក​ថា ទៅ​ធ្វើ​នៅ​ទីណា​ទេ?»

កាល​ពី​ថ្ងៃ​ទី​៤ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ បដិសេធ​មិន​ចូលរួម​ការ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ផ្ទះ​ឯកជន និង​មន្ទីរ​បក្ស​ទេ ហើយ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ ឬ​អនុវត្ត​តាម​ច្បាប់​កំណត់​ជា​ធរមាន។

ទាក់ទង​បញ្ហា​នេះ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្រសួង​បាន​ណែ​នាំ​ទៅ​ថ្នាក់​ក្រោម ឲ្យ​រៀបចំ​ការ​ធ្វើ​ពិធី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​នេះ នៅ​កន្លែង​ធ្វើ​ការ។ ប៉ុន្តែ​នៅ​តំបន់ និង​ខេត្ត​ខ្លះ សាលា​ស្រុក​គ្មាន​សាល​ប្រជុំ​រួម​ទេ ដូច្នេះ​វា​មាន​ការ​ពិបាក​ដែរ ដូចជា​នៅ​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ជាដើម៖ «យើង​បាន​ណែនាំ​ឲ្យ​ធ្វើ​នៅ​កន្លែង​ធ្វើ​ការ សាលា​ស្រុក។ ប៉ុន្តែ​ស្រុក​ខ្លះ​គ្នា​គ្មាន ធ្វើ​ម៉េច? លក្ខណៈ​ជាក់ស្តែង​របស់​ស្រុក​យើង​វា​អ៊ីចឹង។ កន្លែង​ខ្លះ សាលា​ស្រុក​អត់​មាន​កន្លែង​ខ្លះ​វា​មាន​សាលា​ស្រុក និង​មន្ទីរ​បក្ស​នៅ​ជាមួយ​គ្នា​តែ​ម្តង។ យើង​មើល​នៅ​រតនគិរី និង​មណ្ឌលគិរី ហើយ​បើ​គាត់​មិន​ចូល​ស្រេច​តែ​គាត់​ទៅ យើង​មិន​អាច​បង្ខំ​គាត់​បាន​ទេ»

ការ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​នេះ កើត​មាន​បញ្ហា​ម្តង​រួច​ទៅ​ហើយ​នៅ​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា កន្លង​ទៅ។ ប៉ុន្តែ​មិន​មែន​បញ្ហា​ទីកន្លែង​ទេ គឺ​បញ្ហា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ក្នុង​ពិធី​ប្រកាស​សុពលភាព​នោះ។

លោកស្រី វ៉ែន តារា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ខកខាន​មិន​បាន​ចូលរួម​ប្រជុំ​ប្រកាស​សុពលភាព​នោះ​ថា ជា​ការ​រើសអើង​គណបក្ស​នយោបាយ និង​ជា​ចេតនា​របស់​មន្ត្រី​សាលា​ខេត្ត​ប៉ៃលិន មិន​ចង់​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម៖ «ហៅ​ខ្ញុំ​ឲ្យ​ទៅ​ចូលរួម ប៉ុន្តែ​ខ្ញុំ​នៅ​ចម្ការ​អូររអិល ហើយ​បើ​ច្បាប់​រដ្ឋបាល​វា​អត់​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ ត្រូវ​ប្រាប់​បី​ថ្ងៃ​មុន យើង​អត់​ប្រកាន់​ទេ​បើ​មិន​បាន​បី​ថ្ងៃ​មុន ៦​ម៉ោង​មុន​អី​ក៏​យើង​ទទួល​យក​បាន»

ការ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា កន្លង​ទៅ មាន​គណបក្ស​នយោបាយ​ចំនួន​៥ ចូលរួម ហើយ​មាន​បេក្ខជន​ចំនួន ៣៩៣​នាក់ ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​បេក្ខជន​ចំនួន ២.៩៣១​នាក់ ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។