បក្សប្រឆាំងសម្រេចមិនស្នើបេក្ខជនថ្មីជំនួសលោក កឹម សុខា សម្រាប់តំណែងអនុប្រធានទី១រដ្ឋសភា ដែលទើបតែត្រូវបានបក្សកាន់អំណាចបោះឆ្នោតទម្លាក់នេះឡើយ។
អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី៣០ ខែតុលា ថា ប្រធាននិងអនុប្រធានបក្សសង្គ្រោះជាតិ បានពិភាក្សា និងឯកភាពគ្នាថា មិនស្នើបេក្ខជនអនុប្រធានទី១ រដ្ឋសភាថ្មីជំនួសនោះទេ។
លោក កឹម សុខា បញ្ជាក់បន្ថែមថា ការស្នើអ្នកជំនួសថ្មីនេះ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងរំលោភលើកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ។
នៅថ្ងៃទី៣០ តុលា ដដែលនេះប្រធានរដ្ឋសភា លោក ហេង សំរិន បានផ្ញើលិខិតទៅកាន់លោក សម រង្ស៊ី ប្រាប់ពីការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែង។នៅក្នុងលិខិតនោះ លោក ហេង សំរិន បានស្នើឲ្យលោក សម រង្ស៊ី បញ្ជូនឈ្មោះបេក្ខជនសម្រាប់តំណែងអនុប្រធានទី១ រដ្ឋសភាដើម្បីឲ្យសភារៀបចំការបោះឆ្នោតជ្រើសតាំងបេក្ខជននោះជំនួសលោក កឹម សុខា។
លោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភាបក្សកាន់អំណាចបោះឆ្នោតទម្លាក់ពីតួនាទីអនុប្រធានទី១រដ្ឋសភា ដោយសំឡេង ៦៨ លើ ៦៨សំឡេង នៅព្រឹកថ្ងៃទី៣០ តុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
