ករណី​បាញ់​ចូល​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ការ​បំភ្លឺ​ពី​មន្ត្រី​ប៉ូលិស

ករណី​បាញ់​ប្រហារ​លើ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កក្កដា នោះ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ច្បាស់​លាស់​នោះ​ឡើយ។ ប៉ុន្តែ ជំហាន​ដំបូង មន្ត្រី​ប៉ូលិស​មិន​បាន​ចាត់​ទុក​ថា​ការ​បាញ់​ប្រហារ​នេះ ជា​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ទេ។

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី២២ កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ទទួល​បាន​ការ​បំភ្លឺ​ណា​មួយ​ពី​សមត្ថកិច្ច​ច្បាស់​លាស់​នៅ​ឡើយ​ទេ ជុំវិញ​ករណី​បាញ់​ប្រហារ​លើ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទួលគោក កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កក្កដា នោះ។

លោក​បាន​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​ការ​បកស្រាយ​ពី​មន្ត្រី​ប៉ូលិស​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​បាន​ទទួល​របាយការណ៍​តូច​មួយ​ច្បាប់ ដែល​បញ្ជាក់​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​តាម​ដាន​រឿង​នេះ៖ «គាត់​គ្រាន់​តែ​ជូន​លិខិត​មក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​របាយការណ៍​ទេ របាយការណ៍​ដ៏​ខ្លី​មួយ​ប៉ុណ្ណឹង​ទេ ដោយ​ប្រាប់​ថា គាត់​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តែ​ប៉ុណ្ណឹង​ឯង»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា សមត្ថកិច្ច​គួរ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់ និង​ត្រឹមត្រូវ ដើម្បី​បញ្ជាក់​អំពី​គោល​បំណង​នៃ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ប៉ូលិស​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក លោក ខាន់ ខុនទិត្យ បាន​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​អំពី​ដំណើរ​ការ​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​ដល់​ណា​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឆ្លើយ​ថា មន្ត្រី​ថ្នាក់​លើ​នៃ​ក្រសួង​មហាផ្ទៃ កំពុង​ស៊ើប​អង្កេត៖ «បញ្ហា​ផ្ទុះ​អាវុធ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង រឿង​ហ្នឹង គេ​កំពុង​តែ​ស្រាវជ្រាវ​ហើយ ខាង​ក្រសួង​មហាផ្ទៃ កំពុង​ស្រាវជ្រាវ​រឿង​ហ្នឹង​បន្ត​ទៀត។ ខ្ញុំ​អត់​ហ៊ាន​មាន​មតិ​អ្វី​ទេ គ្រាន់​តែ​ដឹង​ថា គេ​កំពុង​ស្រាវជ្រាវ​បន្ត»

រហូត​មក​ទល់​ពេល​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​បញ្ហា​នេះ​បាន​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

ចំណែក​អង្គការ​សង្គម​ស៊ីវិល​វិញ បាន​ចាត់​ទុក​ថា ករណី​នេះ​គឺ​ជា​រូបភាព​មិន​ល្អ​មួយ​ដែល​មិន​គួរ​មាន ហើយ​ប្រសិន​បើ​សមត្ថកិច្ច​មិន​បាន​ពន្លឿន​នីតិវិធី​ដោះស្រាយ​ទេ អាច​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ​ដល់​ប្រជាជន​ទូទៅ​ក្នុង​ការ​បញ្ចេញ​សកម្មភាព​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ​នេះ។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) បាន​ថ្លែង​ថា មន្ត្រី​ប៉ូលិស​គួរ​តែ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ជាក់​អំពី​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​បាន​រឹងមាំ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ដែល​កើត​ឡើង ជា​ឧទាហរណ៍​ជាក់ស្តែង​ដូច​ការ​បាញ់​បោះ​មួយ កាល​ពី​យប់​ថ្ងៃ​ទី៥ ខែ​កក្កដា នៅ​សង្កាត់​ផ្សារដើមថ្កូវ និង​ការ​បាញ់​ទៅ​លើ​ទីស្នាក់ការ​សង្រ្គោះ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កក្កដា។

លោក នី ចរិយា៖ «អាជ្ញាធរ​គួរ​តែ​បង្ហាញ​អំពី​កម្រិត​នៃ​ការ​ធ្វើ​កិច្ច​ការងារ​របស់​យើង ថា​តើ​យើង​បាន​វិវឌ្ឍន៍​ទៅ​ដល់​កម្រិត​ណា​ហើយ ក្នុង​ការ​ស៊ើប​អង្កេត​ហ្នឹង ព្រោះ​ថា យើង​ឃើញ​មាន​រឿង​ខ្លះ​ហាក់​បី​ដូច​ជា​លឿន​ណាស់ គ្រាន់​តែ​ក្រសួង​ប្រកាស​ថ្ងៃ​ហ្នឹង ស្អែក​ចាប់​បាន​មនុស្ស​ភ្លាម​ក៏​មាន​ដែរ ដូច​ជា​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នក​ណា​ដែល​ក្លែង​បន្លំ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​អាយ.អ.អាយ (IRI) ជាដើម ហើយ​រឿង​នេះ​ជា​រឿង​កំប៉ិកកំប៉ុក​សោះ ប៉ុន្តែ​ហាក់​ដូច​ជា​មាន​យុទ្ធនាការ​តាម​ចាប់​គគ្រឹកគគ្រេង ដូច​ជា​រឿង​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​ណាស់ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​កើត​ឡើង​រហូត​ដល់​មាន​ការ​បាញ់​បោះ​ចូល​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​មាន​ការ​ចាប់​អារម្មណ៍​ពី​សមត្ថកិច្ច​ទៅ​វិញ»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី គេ​សង្កេត​ឃើញ​ថា ល្បឿន​នៃ​ការ​ស៊ើប​អង្កេត​រឿង​ក្តី​ណា​មួយ​នោះ វា​អាស្រ័យ​ទៅ​លើ​គំនាប​ពី​រដ្ឋាភិបាល​ទៅ​លើ​មន្ត្រី​ប៉ូលិស​ជំនាញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។