បក្ស​ប្រឆាំង​បដិសេធ​ព័ត៌មាន​ថា​បក្ស​រំខាន​និង​រារាំង​ការ​តវ៉ា​របស់​អ្នកស្រី ឡាក់ សុភាព

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា មន្ត្រី​គណបក្ស​នេះ​រៀបចំ​ឲ្យ​មាន​មនុស្ស​រំខាន និង​រារាំង​ដល់​ការ​តវ៉ា​របស់ អ្នកស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មាធិការ​នាយក ដែល​ត្រូវ​បក្ស​បណ្ដេញ​ចេញ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​ដោយ​សមាជិក​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ហូរ វ៉ាន់ បន្ទាប់​ពី អ្នកស្រី ឡាក់ សុភាព ចោទ​ប្រកាន់​ថា ហ្វូង​មនុស្ស​មួយ​ចំនួន​ដែល​រំខាន​ការ​តវ៉ា​របស់​អ្នកស្រី នា​មុខ​ទីស្នាក់ការ​គណបក្ស នៅ​ព្រឹក​ថ្ងៃ​ទី​១ មករា រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ទៅ​រៀបចំ​អី ព្រោះ​គាត់​នៅ​ជាមួយ​យើង យើង​ស្គាល់​មនុស្ស​ហ្នឹង​ច្បាស់ ហើយ​គេ​ដឹង​ឥទ្ធិពល​គាត់​កម្រិត​ណា ហើយ​បើ​គាត់​ធ្វើ កម្លាំង​ហ្នឹង​គេ​គិត​ថា​ខ្លួន​គាត់​ហ្នឹង​មិន​មាន​កម្លាំង​អី​ទេ។ ដូច្នេះ ចំពោះ​គាត់ គេ​យល់​គេ​ស្គាល់​ច្បាស់ ព្រោះ​មនុស្ស​ធ្លាប់​នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ»

អ្នកស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​បណ្ដេញ​អ្នកស្រី​ចេញ​ពី​គណបក្ស គឺ​មាន​ភាព​អយុត្តិធម៌។ អ្នកស្រី​ថ្លែង​ថា ការ​តវ៉ា​របស់​អ្នកស្រី គឺ​ចង់​កែ​លម្អ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​កុំ​ឲ្យ​មាន​បក្ខពួក និង​គ្រួសារ​និយម​នៅ​ផ្ទៃ​ក្នុង​បក្ស ជាពិសេស គឺ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស។ ការ​តវ៉ា​របស់​អ្នកស្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១ មករា មាន​ស្រែក​រំខាន ដូច​ជា ស្រែក​ទារ​លុយ​ពី​អ្នកស្រី​ថា ជំពាក់​ថ្លៃ​កាហ្វេ ជាដើម។ អ្នកស្រី​ថ្លែង​ថា មិន​បាន​ជំពាក់​អ្វី​ទេ ហើយ​អ្នកស្រី​សន្យា​ថា​នឹង​តវ៉ា​ម្ដង​ទៀត​នៅ​ពេល​ណា​មួយ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។