គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ វិច្ឆិកា បានប្រកាសសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ។ គោលនយោបាយនេះ គឺបង្កើតឡើងសម្រាប់ដោះស្រាយរាល់ជម្លោះ និងលើកកម្ពស់យុត្តិធម៌សង្គម។ ប៉ុន្តែតំណាងរាស្ត្រមកពីគណបក្សប្រជាជនអះអាងថា ការធ្វើនេះជាការត្រឹមត្រូវ ដើម្បីចូលរួមប្រកួតប្រជែងជាមួយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ដោយមើលឃើញថា គណបក្សនយោបាយនៅក្នុងប្រទេសជាច្រើនមិនសូវយកចិត្តទុកដាក់អំពីកម្មវិធីអភិវឌ្ឍន៍គោលនយោបាយរបស់ខ្លួន ការកើនឡើងក្រុមអ្នកងាយរងគ្រោះ និងអយុត្តិធម៌សង្គម ក្រុមការងារផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ បានរៀបចំកិច្ចពិភាក្សាលើការបង្កើតគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួនឡើងវិញ។ គោលនយោបាយនេះ គឺខុសប្លែកពីបក្សដទៃដែលមានសរសេរយ៉ាងច្បាស់ពីកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ការដោះស្រាយជម្លោះ ដើម្បីឈានដល់ការកាត់បន្ថយគម្លាតអ្នកមាននិងអ្នកក្រ និងកម្មវិធីកំណែទម្រង់ដើម្បីយុត្តិធម៌សង្គម។
តំណាងរាស្ត្រនិងជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី២ វិច្ឆិកា ដែលគាំទ្រដោយមូលនិធិ ខុនរ៉ាដ អាដិននៅអ៊ែរ (Conrad Adenauer) ថា ការកែទម្រង់គោលនយោបាយ គឺចាំបាច់បំផុតដែលបន្ថែមពីលើគោលនយោបាយចាស់ ដើម្បីយកទៅឃោសនាបោះឆ្នោតនាអាណត្តិទី៦ ឲ្យទទួលបានជោគជ័យ។ ការបង្កើតគោលនយោបាយរបស់ខ្លួននោះ គឺត្រូវធានាឲ្យមាននូវសេចក្ដីថ្លៃថ្នូររបស់មនុស្ស សេរីភាពក្នុងការរស់នៅ និងការសាមគ្គីគ្នារវាងអ្នកមាននិងអ្នកក្រ។ ក្រៅពីកម្មវិធីកំណែទម្រង់គោលនយោបាយ គណបក្សសង្គ្រោះជាតិ ក៏បានរៀបចំចំណុចអាទិភាពជាច្រើនទៅលើការកែទម្រង់ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីកាត់បន្ថយអំណាចរវាងមេដឹកនាំគណបក្ស និងការដឹកនាំប្រទេស៖ «សំឡេង»។
ឆ្លើយតបទៅនឹងបញ្ហានេះ តំណាងរាស្ត្រនិងជាសមាជិកសភាពមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាន វុន ដែលទើបត្រឡប់មកពីកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ ក្រោមជំនួយមូលនិធិន រ៉ាដអាដិននៅអ៊ែរ នោះដែរ មានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ ចង់ជំរុញឲ្យគណបក្សនយោបាយ កុំប្រឈមមុខដាក់គ្នាក្នុងការឃោសនារកសំឡេងឆ្នោត ព្រោះការប្រឈមមុខដាក់គ្នានឹងធ្វើឲ្យសង្គមបែកបាក់។ ប៉ុន្តែការបង្កើតគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ គឺជារឿងត្រឹមត្រូវដើម្បីចូលរួមការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា នៅការបោះឆ្នោតនាពេលខាងមុខ៖ «សំឡេង»។
ទោះជាយ៉ាងណាក៏ដោយ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាស្ថាប័នរៀបចំគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានវាយតម្លៃគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រទេសរៀងរាល់ឆ្នាំ ក្នុងនោះរួមមានគោលនយោបាយយុទ្ធសាស្ត្រចតុកោណ គោលនយោបាយដីធ្លី និងគោលនយោបាយនាំចេញអង្កររបស់រដ្ឋាភិបាលជាដើម។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍ថា ការបង្កើតគោលនយោបាយ គឺសម្រាប់អនុវត្តន៍ ប៉ុន្តែបើការអនុវត្តមិនមានប្រសិទ្ធភាព គឺធ្វើឲ្យគោលនយោបាយនោះគ្មានប្រយោជន៍។ បច្ចុប្បន្នលោកទទួលស្គាល់ថា បញ្ហានៅតែមានស្របពេលរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តន៍គោលនយោបាយរបស់ខ្លួន។
របាយការណ៍រួមគ្នារបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី បានរកឃើញថា គម្លាតអ្នកមានអ្នកក្រ មានតែធំ ចំនួនក្រុមអ្នកងាយរងគ្រោះ ដូចជាអ្នកក្រីក្រ អ្នកមានជម្លោះដីធ្លី អ្នកគ្មានការងារធ្វើ បានកើនឡើងជាបន្តបន្ទាប់។ បញ្ហាទាំងអស់នេះបានក្លាយជាប្រធានបទចម្បងសម្រាប់ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់នៅកម្ពុជា កំពុងរៀបចំគោលនយោបាយរបស់ខ្លួនឡើងវិញ ដើម្បីទាក់ទាញរកសំឡេងឆ្នោត ពីក្រុមអ្នកងាយរងគ្រោះនេះ។ ស្ថាប័នអភិវឌ្ឍនៅកម្ពុជា រកឃើញថា ក្រុមអ្នកងាយរងគ្រោះទាំងនោះមានចំនួនប្រមាណ ៩លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
