ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញគោលនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យមានភាពជឿនលឿនដូចប្រទេសជិតខាង នៅពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ការសន្យានេះ បានធ្វើឡើងក្នុងវេទិកាសំណេះសំណាលរវាងថ្នាក់ដឹកនាំកំពូល និងយុវជនគណបក្សមកពីខេត្តកំពត ស្វាយរៀង និងខេត្តព្រៃវែង នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។
ការអភិវឌ្ឍព្រំដែនយឺតយ៉ាវ គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថាជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាល ក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាង។ បញ្ហានេះ គណបក្សសង្គ្រោះជាតិ ប្រកាសថា បើមានឱកាសដឹកនាំរដ្ឋាភិបាលនោះ នឹងយកចិត្តទុកដាក់អភិវឌ្ឍព្រំដែនឲ្យជឿនលឿនតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
នៅចំពោះមុខយុវជនគណបក្សជាច្រើននាក់ លោក កឹម សុខា បានថ្លែងនៅថ្ងៃទី២០ វិច្ឆិកា ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើការអភិវឌ្ឍខេត្តនៅជាប់ព្រំដែនតាមរយៈការធ្វើផ្លូវខ្សែក្រវាត់ព្រំដែន រៀបចំឲ្យមានទីផ្សារ វត្តអារាម និងបង្កើតឲ្យទៅជាតំបន់កសិកម្ម ជាដើម។ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រូបនេះបន្តថា ការដែលគ្រាន់តែស្រែកប្រាប់ប្រជាពលរដ្ឋកុំឲ្យជួលដីនៅតាមព្រំដែននោះ គឺមិនទាន់គ្រប់គ្រាន់ឡើយ៖ « យើងត្រូវផ្ដល់អ្នកបច្ចេកទេសកសិកម្ម។ ទី២ ផ្ដល់ទុនដោយគ្មានការប្រាក់ ឬផ្ដល់ទុនដោយមានការប្រាក់ទាប។ ទី៣ ត្រូវតែធានាថា ស្វែងរកទីផ្សារសម្រាប់អ្នកដែលរស់នៅតាមបណ្តោយព្រំដែន។ ដីសម្បទាននៅតាមព្រំដែនដកយកមកវិញមក ដើម្បីឲ្យប្រជាពលរដ្ឋធ្វើ »។
ការបង្ហាញគោលនយោបាយអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែននេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ មើលឃើញថា ខេត្តជាប់ព្រំដែននៅមិនទាន់មានការអភិវឌ្ឍជឿនលឿនដូចវៀតណាម ទេ។ ប្រទេសវៀតណាម មានទាំងប្រព័ន្ធធារាសាស្ត្រ ហើយរដ្ឋាភិបាលវៀតណាម មានការលើកទឹកចិត្តខ្ពស់ក្នុងការជំរុញឲ្យពលរដ្ឋគេស្ម័គ្រចិត្តរស់នៅខេត្តជាប់ព្រំដែន និងផ្ដល់ដើមទុនឲ្យប្រកបមុខរបររកស៊ីជាដើម។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា គោលនយោបាយអភិវឌ្ឍន៍ព្រំដែនរបស់គណបក្សសង្គ្រោះជាតិ នេះ អាចធ្វើទៅបាន។ លើសពីនេះទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា នៅតាមតំបន់ព្រំដែន គឺមិនត្រូវគិតតែរឿងអភិវឌ្ឍ និងរឿងសេដ្ឋកិច្ចប៉ុណ្ណោះទេ ពោលគឺនៅជុំវិញប្រទេសសព្វថ្ងៃ ក៏ត្រូវមានការកែប្រែរបៀបគ្រប់គ្រងនៅតាមតំបន់ព្រំដែនផងដែរ ដូចជាដាក់ពង្រាយកងកម្លាំង និងតែងតាំងចៅហ្វាយស្រុកជាយោធា ជាពិសេសឃុំណាដែលមានជនជាតិបរទេសរស់នៅច្រើន គួរតែមានការគ្រប់គ្រងផ្ទាល់ពីថ្នាក់ស្រុកតែម្តង៖ « នៅឃុំខ្លះដែលឋិតនៅតាមព្រំដែន គឺមិនមែនជាប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងទៅ ប្រសិនបើយើងអនុវត្តប្រជាធិបតេយ្យមូលដ្ឋាន គឺការបោះឆ្នោតឃុំ-សង្កាត់នោះ។ ថ្ងៃណាមួយមេដឹកនាំនៅតាមឃុំនោះ នឹងមិនមានដើមកំណើតជាខ្មែរទេ ហើយគេត្រូវផ្អាកការអនុវត្តលទ្ធិប្រជាធិបតេយ្យមូលដ្ឋាននៅតាមព្រំប្រទល់ដែននោះ » ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីការការពារព្រំដែនរបស់កម្ពុជា ដែរនៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ។ លោក ហ៊ុន សែន ឲ្យដឹងថា លោកទើបតែចុះហត្ថលេខាអនុញ្ញាតឲ្យមានការអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែនភាគខាងកើត។ លោកបន្តថា ការរៀបចំឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យតាមទល់ដែន គឺជាយុទ្ធសាស្ត្រការពារមួយ ដែលលោកថាតែងតែប្រាប់ដល់ថ្នាក់ដឹកនាំខេត្ត៖ «បានណែនាំខេត្តតាកែវ ថ្ងៃមុន និងបណ្ដាខេត្ត វិធីដែលល្អជាងគេ គឺវិធីពង្រាយប្រជាជនទៅតាមខេត្ត។ ទាំងខាងកើត ទាំងខាងលិច ទាំងខាងជើង។ ប៉ុន្តែមិនអាចយកប្រជាជនទៅចោលបានទេ ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យគាត់។ ជម្រើសល្អជាងគេក្នុងការការពារទល់ដែន គឺជម្រើសដាក់ប្រជាពលរដ្ឋអភិវឌ្ឍនៅតាមទល់ដែន »។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាលមានអភិបាលកិច្ចល្អ ប៉ុន្តែមិនសូវមានការអនុវត្តជាក់ស្តែងនៅតាមព្រំដែនឡើយ។ លោកស្នើឲ្យអ្នកនយោបាយទាំងអស់ ត្រូវមានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍព្រំដែន គឺមិនមែនចេះតែនិយាយនៅលើបបូរមាត់ និងនៅលើក្រដាសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។