សកម្មជន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​ចាត់​ការ​មេ​ភូមិ​២​នាក់​បំផ្លាញ​ស្លាក​សញ្ញា​បក្ស​ប្រឆាំង

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង កំពុង​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេ​ភូមិ ២​រូប ដែល​គេ​ស្គាល់​មុខ និង​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​ផ្ទាំង។

សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សង្កាត់​បន្សាយរាក់ គឺ​លោក ម៉ក់ វ៉ាន់វុទ្ធី។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា ដោយ​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​សំរោង ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ទៅ​លើ​មេ​ភូមិ​អូរបាត់ដាវ ឈ្មោះ ភួង ភឿន និង​មេ​ភូមិ​ត្រពាំងត្រាវ ឈ្មោះ ម៉ោន គឹមយ៉ាន។ លោក​ចោទ​ប្រកាន់​មេ​ភូមិ​ទាំង​ពីរ​នេះ ថា​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​ផ្ទាំង ដែល​ទើប​តែ​ដាក់​នៅ​តាម​ដង​ផ្លូវ៖ « កាល​ពី​ថ្ងៃ​អាទិត្យ ខ្ញុំ​ បាន​លើក ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ចៅ​សង្កាត់​បន្សាយរាក់ បាន​បញ្ជា​ឲ្យ​មេ​ភូមិ​ អូរបាត់ដាវ និង​មេ​ភូមិ​ ត្រពាំងត្រាវ ទម្លាក់​ស្លាក​នោះ »

កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង នៅ​ភូមិ​សំបួរ នៃ​សង្កាត់​បន្សាយរាក់ ដែរ ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ខ្នះខ្នែង និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។