តំណាងរដ្ឋាភិបាល បានបកស្រាយនៅក្នុងរដ្ឋសភាជូនគណបក្សប្រឆាំងថា រដ្ឋាភិបាលមិនអាចដំឡើងប្រាក់ខែជូនកម្មករឲ្យបានចំនួន ១៧៧ដុល្លារនោះទេ ពីព្រោះថា នៅមានបញ្ហាជាច្រើនដែលធ្វើឲ្យនិយោជកមិនអាចចំណេញបាន នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ដោយគេត្រូវបង់ពន្ធជូនប្រទេសនាំចូលសម្លៀកបំពាក់ពីកម្ពុជា។
ការអះអាងបែបនេះ នៅក្នុងសម័យប្រជុំសភាលើកទី៣ នីតិកាលទី៥ នៅថ្ងៃព្រហស្បតិ៍ ទី២ តុលា ដែលតំណាងរាស្ត្រគណបក្សប្រឆាំងបានទាមទារឲ្យដំឡើងប្រាក់ខែជូនកម្មករ ដើម្បីឲ្យកម្មកររស់នៅបានសមរម្យក្នុងតម្លៃជាមនុស្ស។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្លើយតបទៅនឹងការស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំរដ្ឋសភា ព្រឹកថ្ងៃទី២ តុលា ថា រដ្ឋាភិបាលមិនអាចដំឡើងប្រាក់ខែជូនកម្មករតាមការស្នើសុំបានទេ។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅក្នុងកិច្ចប្រជុំសភា នៅខណៈសភាប្រជុំពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មថា រដ្ឋាភិបាលចង់ឲ្យដំឡើងប្រាក់ខែជូនកម្មករលើសពីកម្មករទាមទារបច្ចុប្បន្នទៅទៀត តែមូលហេតុដែលមិនអាចដំឡើងបាន ដោយសារតែប្រទេសទិញសម្លៀកបំពាក់ពីកម្ពុជា នោះ គឺអ្នកបញ្ជាទិញត្រូវបង់ពន្ធអស់ច្រើន។
លោក ចម ប្រសិទ្ធិ អះអាងថា ការនាំសម្លៀកបំពាក់ទៅកាន់ប្រទេសមួយចំនួន គឺអយុត្តិធម៌សម្រាប់កម្ពុជា ណាស់ ដូចជា ការនាំសម្លៀកបំពាក់ទៅលក់នៅសហរដ្ឋអាមេរិក បានថវិកាប្រមាណ ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺត្រូវបង់ពន្ធចន្លោះពី ៤៦០លាន ទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំៗ។ ការនាំចេញទៅប្រទេសបារាំង បានថវិកាប្រមាណ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបង់ពន្ធប្រមាណ ៥០០លានដុល្លារ និងការនាំទៅប្រទេសអង់គ្លេស ក៏ដូចគ្នា គឺអ្នកបញ្ជាទិញត្រូវបង់ពន្ធប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ដូចគ្នា។
លោក ចម ប្រសិទ្ធិ ពន្យល់ថា ការបង់ពន្ធទាំងនេះ គឺធ្វើឲ្យនិយោជកបាត់ចំណូល ហើយក៏ជាកត្តាមួយធ្វើឲ្យនិយោជកមិនអាចដំឡើងប្រាក់ឈ្នួលជូនកម្មករតាមការស្នើសុំនោះដែរ។
ទោះបីជាការអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដែលតំណាងរាស្ត្រគណបក្សប្រឆាំងមិនបានជំទាស់ទៅនឹងការអនុម័តសេចក្ដីព្រាងច្បាប់នេះក្ដី ក៏ប៉ុន្តែ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួន ក្នុងនោះមានទាំងមេគណបក្ស លោក សម រង្ស៊ី ផង បានទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនកម្មករ និងត្រូវគិតគូរពីលក្ខខណ្ឌការងារសមរម្យ មានប្រាក់ធានារ៉ាប់រងសង្គម និងត្រូវដំឡើងប្រាក់ខែជូនកម្មករឲ្យបាន ១៧៧ដុល្លារ ជាដើម។
ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ លោក សម រង្ស៊ី មានប្រសាសន៍ថា ការបង្កើតអគាររោងចក្រឲ្យបានច្រើន មិនមែនជាកត្តាសំខាន់នោះទេ។ បញ្ហាសំខាន់នៅត្រង់ថា រដ្ឋាភិបាលត្រូវដំឡើងប្រាក់ខែជូនកម្មករ និងទប់ស្កាត់អតិផរណា ដើម្បីឲ្យកម្មករមានលទ្ធភាពរស់នៅបានសមរម្យជាមនុស្ស៖ «តាមអ្វីដែលកំណត់លទ្ធភាពប្រកួតប្រជែង មិនមែនមកពីប្រាក់ខែកម្មករទេ កុំយើងចូលចិត្តនិយាយដាក់បន្ទុកទៅលើកម្មករ បើឡើងប្រាក់ខែកម្មករ រោងចក្របិទ យើងប្រកួតប្រជែងអត់ឈ្នះគេ យើងមើលឲ្យគ្រប់ជ្រុងជ្រោយ កត្តាប្រកួតប្រជែងមិនកត្តាប្រាក់ ប្រាក់ខែកម្មករប្រមាណ ១៥% ទេ នៃថ្លៃទំនិញនាំចេញ ជាកត្តាមួយតូច ចុះ ៨៥% ទៀតទៅណា? យើងមើលផង ស្រុកយើងប្រកួតប្រជែង បើចង់ឲ្យឈ្នះគេ ត្រូវដំឡើងប្រាក់ខែកម្មករ បើចង់ឲ្យឈ្នះគេត្រូវដំឡើងប្រាក់ខែឲ្យកម្មករ ឲ្យកម្មកររស់នៅបានសមរម្យរស់ជាមនុស្ស»។
លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាអ្នកជំនាញសេដ្ឋកិច្ចផងនោះ អះអាងថា ការដំឡើងប្រាក់ខែជូនកម្មករក្នុងបច្ចុប្បន្ននេះ មិនមែនជាការលំបាកនោះទេ។ លោកបានលើកពីបញ្ហាជាក់ស្ដែងកំពុងកើតមាននៅក្នុងសង្គមកម្ពុជា ដោយលោកទទូចឲ្យរដ្ឋាភិបាលលុបបំបាត់ការចំណាយលុយក្រោមតុ គឺសំដៅលើអំពើពុករលួយ ដោះស្រាយបញ្ហាតម្លៃថាមពលអគ្គិសនីថ្លៃ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូននៅកំពង់ផែមានតម្លៃថ្លៃ ជាដើម។
នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ស្ដីពីការចរចារឿងប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ និងស្បែកជើងនៅកម្ពុជា កាលពីខែកញ្ញា គឺខាងនិយោជក និងតំណាងសហជីព មិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។ ខាងសហជីពនៅតែទាមទារឲ្យដំឡើងប្រាក់ឈ្នួលឲ្យបាន ១៧៧ដុល្លារក្នុង១ខែ នៅខណៈប្រាក់ខែកម្មករបានតែ ១០០ដុល្លារ។
ការចរចាអំពីប្រាក់ឈ្នួលរវាងភាគីកម្មករ និងថៅកែ គឺនៅចន្លោះតួលេខពី ១១០ដុល្លារ ទៅ ១៧៧ដុល្លារក្នុង១ខែ។ ប្រសិនបើមិនមានការព្រមព្រៀងគ្នាលើតួលេខណាមួយទេ រដ្ឋាភិបាលនឹងកំណត់តួលេខមួយឱ្យភាគីកម្មករទទួលយក។ ចំណុចនេះ ក៏ជាការស្នើសុំដោយភាគីថៅកែដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
