ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជូនលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ឧសភា ដោយស្នើឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា។
លិខិតនោះចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ១០រូប កាលពីថ្ងៃទី៦ ខែឧសភា។ ពួកគេបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចូលមកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ មន្ត្រីសិទ្ធិមនុស្ស និងករណីតុលាការកោះហៅតំណាងរាស្ត្រឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការ។
លោក សុន ឆ័យ មានប្រសាសន៍ថា តាមច្បាប់ អ្នកតំណាងរាស្ត្រត្រូវរង់ចាំការឆ្លើយតបផ្លូវការពីរដ្ឋាភិបាល៖ « យើងនៅចាំចម្លើយនៅឡើយ ។ មានពីរ ចំណុច ចម្លើយផ្ទាល់មាត់ និងចម្លើយតាមលិខិត ក៏ត្រូវ រង់ចាំ ការឆ្លើយ តបមួយសប្ដាហ៍ដែរ។ ចឹងយើងនៅរង់ចាំក្នុងសប្ដាហ៍ នេះថា តើរដ្ឋាភិបាល នឹងឆ្លើយ យ៉ាងណា »។
សំណួរសំខាន់ៗដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចង់បានការបំភ្លឺនោះ រួមមាន បញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលនយោបាយគ្រប់គ្រងតុលាការ ការបំពានរដ្ឋធម្មនុញ្ញ ការគំរាមកំហែងលើគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
