អ្នក​គាំទ្រ​បក្ស​ប្រឆាំង​​តវ៉ា​មុខ​ស្នាក់​ការ​កណ្ដាល​ទាមទារ​ឲ្យ​ផ្លាស់​ប្ដូរ​អ្នកស្រី កែ សុវណ្ណរតន៍

0:00 / 0:00

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​ខេត្ត​សៀមរាប​ជាង ៥០​នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅមុខ​ទីស្នាក់ការ​កណ្ដាល នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​បក្ស​ផ្លាស់ប្ដូរ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រចាំ​ខេត្ត​នេះ។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​នៅ​មុខ​ទីស្នាក់ការ​ធំ​របស់​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រចាំ​ខេត្ត​សៀមរាប គឺ​អ្នកស្រី កែ សុវណ្ណរតន៍ ចេញ​ពី​ខេត្ត​នេះ។

អ្នក​តវ៉ា​មួយ​រូប​ដែល​ជា​ចៅសង្កាត់​រង​សាលា​កម្រើក ក្រុង​សៀមរាប គឺ​លោក សាន ណៃ ថ្លែង​ថា ការ​ដឹកនាំ​របស់​អ្នកស្រី កែ សុវណ្ណរតន៍ នៅ​ខេត្ត​សៀមរាប មិន​ដូច​ជា​អ្នក​ដឹកនាំ​ទេ គឺ​ដូច​ជា​ថៅកែ និង​គូលី៖ «ចង់​ដូរ​នរណា ចង់​ដាក់​អ្នក​ណា​ស្រេច​តែ​គាត់ ហើយ​គាត់​នៅ​យូរ​វា​ដុះ​ស្លែ បក្ស​ពួក។ គេ​ចោទ​ថា សុទ្ធ​តែ​គណបក្ស​ប្រជាជន​ឱ្យ​លុយ​ហើយ​បាន​មក​នេះ។ រៃ​គ្នា​ទម្រាំ​បាន​មួយ​ឡាន ហើយ​អ្នក​ចង់​មក​អត់​មាន​លុយ​ជិះ​ឡាន ទុក​ចោល។ បើ​ថា​ឱ្យ​ទៅ​សៀមរាប ចង់​បាន​ប៉ុន្មាន​ឡាន​ក៏​បាន​ដែរ»

អ្នក​តវ៉ា​បញ្ជាក់​ថា ពួក​គាត់​មិន​ទាមទារ​ឱ្យ​ទម្លាក់​ឋានៈ និង​មុខងារ អ្នកស្រី កែ សុវណ្ណរតន៍ ទេ ប៉ុន្តែ​ទាមទារ​ឲ្យ​ដូរ​ចេញ​ពី​ប្រធាន​ក្រុម​ខេត្ត​សៀមរាប ហើយ​ដាក់​អ្នក​ថ្មី​ជំនួស ទោះ​ជា​នរណា​ក៏​ដោយ។ ពួក​គាត់​ចោទ​ថា អ្នកស្រី​ដឹកនាំ​ក្រុម​ការងារ​បក្ស​នៅ​ខេត្ត​នេះ​រយៈពេល​ជាង ៣​អាណត្តិ​មក​ហើយ ដោយ​មិន​សូវ​បាន​រីក​ចម្រើន​ទេ ហើយ​បង្កើត​ឱ្យ​មាន​បញ្ហា​ផ្ទៃក្នុង​ផង។ ម្យ៉ាង​ពួក​គាត់​មិន​ចង់​ឱ្យ​អ្នក​ស្រី​កាន់​នៅ​ខេត្ត​នេះ​យូរ​ទេ ដើម្បី​កុំ​ឱ្យ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា៖ «ព្រោះ​គាត់​ដឹកនាំ​ដដែលៗ។ រឿង​មួយ​ចំនួន​អត់​បង្ហាញ​ជូន​ទេ។ ប៉ុន្តែ​អា​ហ្នឹង​ផ្ទៃក្នុង​គណបក្ស​ធ្វើ​សេចក្ដី​សម្រេច។ ការ​ចាយ​វាយ​មិន​តម្លាភាព​មួយ​ចំនួន»

បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នក​តវ៉ា ប្រធាន​ក្រុម​ការងារ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប គឺ​អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​បន្ថែម​ថា អ្នកស្រី​គ្មាន​អំណាច​ធ្វើ​អ្វីៗ ស្រេច​តែ​ចិត្ត ដែល​មិន​បាន​ដឹង​ឮ​ពី​សមាជិក​ថ្នាក់​ក្រោម និង​ថ្នាក់​លើ​របស់​បក្ស​ទេ៖ «ពាក្យ​ពុក​រលួយ ចាយ​គ្មាន​តម្លាភាព​ហ្នឹង យក​មក​ប្រើ​កន្លែង​នេះ ដូច​ជា​មិន​ត្រូវ។ ខ្ញុំ​គ្មាន​បង​ប្អូន​ឯ​ណា​ទេ មាន​តែ​សមាជិក​សមាជិកា​ហ្នឹង​ជា​បង​ប្អូន។ អ្វី​ដែល​យើង​ផ្ដល់​ឱ្យ​ទាំង​អស់​គ្នា មាន​ការ​ឯកភាព។ សេចក្ដី​សម្រេច​នៅ​ក្នុង​គណបក្ស​នេះ អត់​មាន​សម្រេច​ដោយ​បុគ្គល​ទេ គឺ​សម្រេច​ដោយ​រចនា​សម្ព័ន្ធ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ រាល់​សេចក្ដី​សម្រេច​ទាំង​អស់​ត្រូវ​ដាក់​នៅ​លើ​តុ​ជជែក​គ្នា។ ខ្ញុំ​ដូច​ជា​គ្មាន​អំណាច​អ្វី ធ្វើ​សេចក្ដី​សម្រេច​ម្នាក់​ឯង​បាន​ទេ។ ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ទន់​ខ្សោយ សម្រេច​អី​ក៏​ធំ​ម្ល៉េះ!»

​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​តវ៉ា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ដដែល បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​មក​ជួប​ពួក​គាត់​ដោយ​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ទាមទារ​នេះ​ហើយ ហើយ​លោក​នឹង​ទទួល​ព័ត៌មាន​ពី​អ្នក​គាំទ្រ​នៅ​ខេត្ត​សៀមរាប ផ្សេង​ទៀត ថា​តើ​ពួក​គាត់​គិត​យ៉ាង​ណា ចំពោះ​ការ​ទាមទារ​នេះ។

លោក​សន្យា​ថា លោក​នឹង​ជួប​អ្នក​គាំទ្រ​ជា​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៤ មីនា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «យើង​នឹង​ទៅ​ខេត្ត​សៀមរាប ខាន​ស្អែក​នេះ ដើម្បី​បង​ប្អូន​ផ្ទាល់ បង​ប្អូន​គ្រប់​ក្រុម​ទាំង​អស់។ មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច ទាល់​តែ​យើង​ស្ដាប់​ទាំង​សង្ខាង ហើយ​យក​មក​ថ្លឹងថ្លែង​ទាំង​អស់​គ្នា។ អរគុណ​បង​ប្អូន ដែល​អញ្ជើញ​មក​សម្ដែង​មតិ។ យើង​ត្រូវ​តែ​មាន​ចិត្ត​ក្លាហាន​សម្ដែង​មតិ​តវ៉ា។ ពេល​ណា​យើង​មាន​បញ្ហា ត្រូវ​តែ​តវ៉ា!»

មុន​នឹង​រំសាយ​ការ​ទាមទារ​នេះ ក្រុម​អ្នក​តវ៉ា​ថ្លែង​ថា នឹង​រង់ចាំ​ការ​ដោះស្រាយ​ពី​ប្រធាន និង​អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ហើយ​ព្រមាន​ថា នឹង​បន្ត​ការ​តវ៉ា​ទៀត​រហូត​ដល់​មាន​ការ​ផ្លាស់​ប្ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។