គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ថ្វាយ​ញត្តិ​ស្នាម​មេដៃ​ដោយ​មិន​ហែ​ក្បួន

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា គណបក្ស​ប្រមូល​ស្នាម​មេដៃ​ថ្មី​បាន​ជិត ៣០​ម៉ឺន​ស្នាម​មេដៃ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ប្រមូល​ស្នាម​មេដៃ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដោះ​លែង​អ្នក​ជាប់​ឃុំ និង​ស្ដារ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ចុង​ខែ​ឧសភា ថា​មាន​ភាព​មិន​ប្រក្រតី។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​ថ្វាយ​ញត្តិ តែ​មិន​ដង្ហែ​ញត្តិ និង​ហែ​ក្បួន​អ្នក​គាំទ្រ​ដូច​មុន​ទេ។

អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា គណបក្ស​ប្រមូល​បាន​ស្នាម​មេដៃ​ចំនួន ២៨​ម៉ឺន​ស្នាម​មេដៃ ដែល​មិន​បូក​សរុប​ជាមួយ​ស្នាម​មេដៃ​ដែល​ប្រមូល​បាន ១៧​ម៉ឺន​ស្នាម​មេដៃ​កាល​ពី​លើក​មុន​នោះ​ទេ។ លោក​ថា គណបក្ស​កំពុង​រង់ចាំ​ចម្លើយ​ពី​ព្រះបរមរាជវាំង​ជុំវិញ​ការ​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ផ្ទាល់ ដើម្បី​ថ្វាយ​ញត្តិ​ស្នាម​មេដៃ​នេះ ស្រប​ពេល​ដែល​ការ​ប្រមូល​ស្នាម​មេដៃ​នៅ​តែ​បន្ត។

លោក អេង ឆៃអ៊ាង ថ្លែង​ថា «តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​លិខិត​មួយ​សុំ​ទូល​ថ្វាយ​លោក ចូល​គាល់​ថ្វាយ​ញត្តិ។ យើង​មិន​ចង់​ដង្ហែ​ទេ បើ​សិន​ព្រះរាជា​លោក​ព្រះរាជ​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​ចូល​គាល់ យើង​នឹង​ចូល​គាល់​ថ្វាយ​លោក​ផ្ទាល់​តែ​ម្ដង»

យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល គឺ​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​សាមី កំពុង​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​លើ​ភាព​ត្រឹមត្រូវ​នៃ​ញត្តិ​ស្នាម​មេដៃ​ដែល​គណបក្ស និង​អ្នក​គាំទ្រ​បាន​ថ្វាយ​ព្រះមហាក្សត្រ ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដោះ​លែង​អ្នក​ជាប់​ឃុំ និង​ពិនិត្យ​ស្ថានការណ៍​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា បន្ទាប់​ពី​ក្រុម​ការងារ​បច្ចេកទេស​បាន​ពិនិត្យ​លើ​ញត្តិ​មួយ​ចំនួន បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​ញត្តិ​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​លើក​មុន ក្នុង​នោះ​មាន​ដូចជា ញត្តិ​មិន​បាន​ប្រមូល​គ្រប់ ២៥​ខេត្ត-រាជធានី​ដូច​ការ​អះអាង មាន​ឈ្មោះ​មិន​មាន​ស្នាម​មេដៃ មាន​ស្នាម​មេដៃ​មិន​មាន​ឈ្មោះ និង​នៅ​លើ​ញត្តិ​ពី​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​ស្នាម​មេដៃ​តែ​មួយ បាន​ផ្ដិត​លើ​ឈ្មោះ​ផ្សេងៗ​គ្នា​ផ្ដិត​ចំនួន ៨៨​ដង។ លោក ខៀវ សុភ័គ បញ្ជាក់​ថា គណៈកម្មការ​ត្រួត​ពិនិត្យ នឹង​ធ្វើ​របាយការណ៍​ទៅ​រដ្ឋាភិបាល​ស្នើ​សុំ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​ជន​ដែល​បាន​ផ្ដិត​មេដៃ​ក្លែង​បន្លំ ហើយ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​នាំ​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​បែប​នេះ គឺ​ជា​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដែល​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ខៀវ សុភ័គ ថ្លែង​ថា «ឧទាហរណ៍​ថា​ម្នាក់​ផ្ដិត​ម្នាក់​មាន ៨៨​រូប នេះ​ត្រូវ​ចាប់​ផ្ដើម ហើយ​ ម្នាក់​ហើយ ៣- ​នាក់​ហ្នឹង​ក៏​ត្រូវ​សួរ​ដែរ ហើយ​ធ្ងន់ធ្ងរ​ណាស់ អា​ម្នាក់​ឯង​ដើរ​តួ ៨៨​នាក់​ហ្នឹង ហើយ​រាប់ ១៧​ម៉ឺន​ដែរ ។ ទី​២ អ្នក​ដែល​យក​ស្នាម​មេដៃ​ទៅ​ថ្វាយ​ព្រះករុណា តំណាង​រាស្ត្រ ​ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ គាត់​យក​ស្នាម​មេដៃ​ក្លែងក្លាយ​ទៅ​ថ្វាយ​ព្រះ​ករុណា​ចឹង ខ្ញុំ​គិត​ថា​មិន​រួច​ខ្លួន​ទេ ហើយ​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​អាស្រ័យ​លើ​តុលាការ ។ ខ្ញុំ​គិត​ផ្ទាល់​ខ្លួន​ទេ ធ្វើ​បើ​គ្រាន់​តែ​ផ្សព្វផ្សាយ​ ព័ត៌មាន​ឲ្យ ​គេ​ដឹង​ខុស​ចឹង ធ្វើ​មិន​ចាត់​វិធានការ​យល់​ល្អ​មិន​បាច់​ ទេ»

តែ​ទោះ​ជា​យ៉ាង​ណា លោក អេង ឆៃអ៊ាង មិន​ទទួល​ស្គាល់​ការ​ធ្វើ​កោសល្យវិច័យ​នេះ​ទេ។ ប៉ុន្តែ​លោក ខៀវ សុភ័គ ចាត់​ទុក​ការ​មិន​ទទួល​ស្គាល់​នេះ ថា​ជា​សិទ្ធិ​សេរីភាព ហើយ​ថា​នេះ​ជា​ទម្លាប់​មិន​ទទួល​ស្គាល់​របស់​គណបក្ស​ប្រឆាំង​រួច​ទៅ​ហើយ។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ លោក ឆាំ ប៊ុនថេត មាន​ទស្សនៈ​ថា ការ​ស្រាវជ្រាវ​នេះ​មិន​អាច​ចាត់​ទុក​ថា​មាន​ភាព​សុក្រឹត​បាន​ទេ ដោយសារ​គ្មាន​ការ​ចូលរួម​ពី​ភាគី​ផ្សេង​ទៀត។ លោក​ថា ការ​ធ្វើ​កោសល្យវិច័យ​នេះ គឺ​ខុស​បច្ចេកទេស​សុទ្ធសាធ។ បញ្ហា​នេះ គេ​គួរ​តែ​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​ញត្តិ​វិញ​ទើប​ជា​ការ​ត្រឹមត្រូវ៖ «ពាក់ព័ន្ធ​លោក យ៉ែម បុញ្ញឫទ្ធិ ពាក់ព័ន្ធ​នរណា​គេ​អី​មិន​សំខាន់​ទេ សំខាន់​ដោះស្រាយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ បាន»

ថ្វីត្បិតតែ​ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់​វិធានការ​លើ​ភាព​មិន​ប្រក្រតី​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្ដី ប៉ុន្តែ​សមាជិក និង​សកម្មជន​គណបក្ស​នេះ នៅ​បន្ត​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ជា​រៀង​រាល់​ថ្ងៃ ទោះ​បី​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន ពេល​ខ្លះ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពួក​គេ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​នេះ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។