បក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​ដឹក​នាំ​សមាជ​មហាជន​តាម​គម្រោង

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា នឹង​រក្សា​ជំហរ​ដឹក​នាំ​សមាជ​មហាជន​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី៦ ខែ​តុលា នា​ទីលាន​ប្រជាធិបតេយ្យ​តាម​ការ​គ្រោង​ទុក។

​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី៥ ខែ​តុលា ថា សមាជ​មហាជន​នេះ អាច​មាន​មនុស្ស​ចូល​រួម​ចំនួន ១​ម៉ឺន​នាក់ និង​គ្មាន​ការ​ជំទាស់​ពី​អាជ្ញាធរ​​​មូលដ្ឋាន​ទេ។ លោក​ឲ្យ​ដឹង​ថា សមាជ​មហាជន​នេះ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៦​ល្ងាច ថ្ងៃ​អាទិត្យ នា​ទីលាន​ប្រជាធិបតេយ្យ។

​​លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​ធ្វើ​សមាជ​មហាជន​ពេល​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី៥៖ «គឺ​យើង​ចង់​បាន​មតិ​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​នូវ​គោល​ជំហរ​គណបក្ស​ទាក់ទង​នឹង​ការ​ជាប់​គាំង​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ រួច​ហើយ មាន​តំណាង​ប្រជាពលរដ្ឋ​ប្រហែល ១០​នាក់ តំណាង​មក​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ឡើង​មាន​មតិ​យោបល់។ ហើយ​យើង​នឹង​ធ្វើ​ការ​បូក​សរុប ហើយ​នឹង​សម្រេច​ដូចម្តេច គឺ​យើង​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»

​តាម​រយៈ​សមាជ​មហាជន​នេះ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ក៏​នឹង​ធ្វើ​ញត្តិ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ជុំវិញ​បញ្ហា​ដែល​កើត​មាន​ទាក់ទង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

យ៉ាង​នេះ​ក្តី លោក ជាម យៀប សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម បាន​រិះគន់​ការ​ធ្វើ​សមាជ​មហាជន ផ្ដើម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ចាត់​ទុក​ការ​ដឹក​នាំ​ធ្វើ​សមាជ​មហាជន​របស់​គណបក្ស​ប្រឆាំង គឺ​មិន​ត្រឹមត្រូវ និង​មិន​អាច​ឈ្នះ​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា ទេ។ លោក​ស្នើ​ដល់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ពិចារណា​​បញ្ហា​នេះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា រង់ចាំ​ការ​ដាក់​សមាសភាព​គណបក្ស​ប្រឆាំង មក​ចូល​រួម​ប្រជុំ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណែង​ប្រធាន​​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីតិកាល​​ទី៥ នៅ​ឡើយ មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។