គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួបជុំ​មហាជន​នៅ​ទីស្នាក់ការ​កណ្ដាល​នៅ​ថ្ងៃ​ទី​១៤ មិថុនា

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា ខ្លួន​នឹង​រៀបចំ​ការ​ជួបជុំ​មហាជន​ដោយ​សន្តិវិធី​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​ថ្ងៃ​ទី​១៤ មិថុនា។

ការ​ប្រកាស​អំពី​គម្រោង​ជួប​ជុំ​មហាជន​នៅ​ថ្ងៃ​ទី​១៤ មិថុនា ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល ថ្លែង​ប្រាប់​សកម្មជន និង​អ្នក​គាំទ្រ​អំពី​ការ​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​គណបក្ស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា៖ « យើង​នឹង​មាន​កម្មវិធី​និមន្ត​ព្រះសង្ឃ​ប្រហាក់ប្រហែល​នឹង​ថ្ងៃ​ស្អែក​នេះ​ដែរ ប៉ុន្តែ​យើង​នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប។ ប៉ុន្តែ​ពេលវេលា គឺ​យើង​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់​ទេ។ បន្ថែម​បន្តិច​ទៀត​ដែរ​ថា ថ្ងៃ​ទី​១៤ នេះ យើង​នឹង​មាន​សកម្មជន ប្រជាពលរដ្ឋ​នឹង​មក​ជួប​ជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ »

នេះ​ជា​គម្រោង​ជួប​ជុំ​ធំ​លើក​ទី​២ បន្ទាប់​ពី​ការ​ប្រមូល​ផ្ដុំ​ធំ​ម្ដង​កាល​ពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ប្រមូល និង​ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ឲ្យ​ជួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​ឲ្យ​ដោះ​លែង​សកម្មជន​គណបក្ស សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំឃាំង។

ការ​កំណត់​ថ្ងៃ​ជួប​ជុំ​មហាជន​នៅ​ថ្ងៃ​ទី​១៤ មិថុនា ចំ​ថ្ងៃ​ដែល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​ចៅក្រម ថាន់ ឡេង ចេញ​ដីកា​បង្គាប់​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​ឆ្លើយ​ពី​ដំណើរ​រឿង​ដែល​លោក​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ជា​សាក្សី កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា។

ការ​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​តុលាការ ហើយ​អាជ្ញាធរ​នគរបាល​តាម​រក​ចាប់​ខ្លួន​នៅ​ថ្ងៃ​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក កឹម សុខា សម្រេច​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​រហូត​មក​ដល់​ពេល​នេះ។ មន្ត្រី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ តែង​ចាត់​ទុក​ចំណាត់​ការ​កោះ​ហៅ​លោក កឹម សុខា ថា​ខុស​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​សកម្មភាព​ស្វែង​រក​ស្នាម​មេដៃ​គាំទ្រ​ញត្តិ​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ។

ករណី​លោក កឹម សុខា នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ជា​សកម្មភាព​បដិវត្តន៍​ប្រឆាំង​នីតិរដ្ឋ និង​ដំណើរ​ការ​យុត្តិធម៌​ដែល​មាន​ចែង​ក្នុង​ច្បាប់។

ជា​ការ​ឆ្លើយ​តប មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ថា សកម្មភាព​នេះ​ជា​ការ​ប្រយ័ត្នប្រយែង​របស់​គណបក្ស​លោក​មិន​ឲ្យ​ដូច​ករណី​មុនៗ៖ «កន្លង​មក យើង​ឃើញ​មាន​ដំណើរ​ការ​នៃ​នីតិវិធី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​នយោបាយ គឺ​បាន​បញ្ចប់​ដោយ​ការ​ជាប់​ឃុំ។ យើង​មិន​ចោទ​ប្រកាន់​អ្នក​ណា​ទេ ប៉ុន្តែ​យើង​ធ្វើ​ការ​អ្វី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​រហូត​ទៅ​ដល់​មាន​ដំណោះស្រាយ​ពិត​ប្រាកដ​មួយ»។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បន្ត​ប្រើ​យន្តការ​ធ្វើ​ញត្តិ​ថ្មី​មួយ​ទៀត ដើម្បី​ទៅ​ព្រះបរមរាជវាំង​ជា​លើក​ទី​២។ គណបក្ស​សង្គ្រោះ​ជាតិ កំណត់​ការ​ប្រមូល​ញត្តិ​ពលរដ្ឋ​ពី​មូលដ្ឋាន​ទាំង ២៥​ខេត្ត-រាជធានី នៅ​ថ្ងៃ​ទី​១៣ មិថុនា។ ប៉ុន្តែ​គណបក្ស​នេះ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​រៀបចំ​ពិធី​សូត្រ​មន្ត និង​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ១២៣​អង្គ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ដើម្បី​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ធ្វើ​ឲ្យ​មាន​សន្តិភាព ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ និង​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​សភា។

ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​លាក់​ឈ្មោះ បង្ហើប​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក កឹម សុខា អាច​នឹង​ចេញ​មក​ជួប​អ្នក​គាំទ្រ និង​សាធារណជន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិធី​សូត្រ​មន្ត​នោះ បន្ទាប់​ពី​លោក​ចូល​ស្នាក់នៅ​ឯ​ទីស្នាក់ការ​គណបក្ស​អស់​រយៈ​ពេល ១៣​ថ្ងៃ។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា ខ្លួន​នឹង​បន្ត​យន្តការ​តស៊ូ​មតិ​ដូច​រាល់​ថ្ងៃ​នេះ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ហើយ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​សភាព​ធម្មតា​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។