តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីផ្ញើទៅប្រធានរដ្ឋសភា ប្រាប់ពីការអាក់ខានរបស់តំណាងរាស្ត្រគណបក្សនេះ មិនបានទៅប្រជុំសភា ព្រោះអភ័យឯកសិទ្ធិរបស់ពួកគេកំពុងរងការរំលោភបំពាន។ ប៉ុន្តែភាគីគណបក្សកាន់អំណាចថា នេះជាការសម្រេចរបស់គណបក្សប្រឆាំងនេះ មិនប៉ះពាល់ដំណើរនៃកិច្ចប្រជុំសភាទេ ព្រោះគណបក្សប្រជាជនកម្ពុជា មានសំឡេងគ្រប់គ្រាន់។
ប្រសិនបើគ្មានការប្រែប្រួលទេ គណបក្សសង្គ្រោះជាតិ នឹងយកញត្តិរបស់ខ្លួនទៅជូនប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃច័ន្ទ ទី៣០ ខែឧសភា ដើម្បីជម្រាបពីការមិនបានចូលប្រជុំសភា។ ការប្រកាសបែបនេះ ខណៈលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការចាប់ខ្លួន ហើយគណបក្សប្រជាជនកម្ពុជា បដិសេធមិនជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយបញ្ជាក់ថាគ្មានពេល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅយប់ថ្ងៃទី២៨ ខែឧសភា ថា អភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានរំលោភបំពានតាំងពីចុងឆ្នាំ២០១៥ រហូតដល់ការស្វែងរកចាប់ខ្លួនលោក កឹម សុខា នៅពេលនេះ។ លោកថា គណបក្សសង្គ្រោះជាតិ ស្វែងរកគ្រប់មធ្យោបាយជួបចរចា ប៉ុន្តែបើភាគីគណបក្សកាន់អំណាចមិនចង់ជួបចរចានោះ លោកក៏មិនដឹងធ្វើយ៉ាងណាដែរ៖ « ចេះតែស្ទាបស្ទង់គ្រប់បណ្ដាញឲ្យតែឮព័ត៌មានថា មានការចង់ជួបយើងសប្បាយចិត្តណាស់ ប៉ុន្តែឮថា ទេ ! គេរវល់ណាស់ យើងមិនដឹងធ្វើយ៉ាងម៉េចទេរឿងប៉ុណ្ណឹងហើយ »។
កាលពីថ្ងៃទី២៦ ខែឧសភា កងកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធ បានស្ទាក់ឃាត់ក្បួនរថយន្តរបស់លោក កឹម សុខា នៅលើផ្លូវព្រះនរោត្តម។ បន្ទាប់ពីពុំឃើញលោក កឹម សុខា នៅក្នុងរថយន្ត សមត្ថកិច្ចបានសម្រុកចូលទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ ចំណាត់ការនេះ បន្ទាប់ពីលោក កឹម សុខា បដិសេធមិនចូលខ្លួនទៅបំភ្លឺក្នុងនាមជាសាក្សី តាមការកោះហៅចំនួនពីរលើករបស់តុលាការ។
ភ្លាមៗ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្ដាលដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
ចាប់ពីថ្ងៃទី២៨ ខែឧសភា តទៅ គណបក្សសង្គ្រោះជាតិ ប្រកាសផ្ដើមផ្តល់ដំណឹងដល់អ្នកគាំទ្ររបស់ខ្លួនពីការវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយ ដោយមន្ត្រីជាន់ខ្ពស់នៃគណបក្សចុះមកថ្លែងប្រាប់តាមឧបករណ៍បំពងសំឡេងមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច។
ទន្ទឹមគ្នានេះ គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរដដែលថា នឹងប្រើសិទ្ធិធ្វើបាតុកម្ម បើមានការចាប់ខ្លួនលោក កឹម សុខា។ គណបក្សនេះ នឹងហែញត្តិអមដោយស្នាមមេដៃពលរដ្ឋទូទាំងប្រទេស ទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ឲ្យដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល យុវជន និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ឃុំ។
ទាក់ទងការចរចាវិញម្តង អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា អគ្គលេខាធិការរងនៃរដ្ឋសភា លោក ហ៊ុល ប៊ុនថា ដែលមានកូតាមកពីគណបក្សសង្គ្រោះជាតិ ប្រាប់លោកថា គណបក្សសង្គ្រោះជាតិ ចង់ជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនទាន់កំណត់ប្រធានបទ។ លោកឲ្យដឹងថា ភាគីគណបក្សប្រជាជនកម្ពុជា ឆ្លើយតបវិញថាមិនទាន់មានពេលជួបទេ៖ « គាត់មកប្រាប់ខ្ញុំថា គណបក្សសង្គ្រោះជាតិ ចង់ជួបចរចាជាមួយគណបក្សប្រជាជន ប៉ុន្តែមិនបានប្រាប់ពីប្រកាន់ច្បាស់លាស់នៅឡើយទេ បន្ទាប់មកខ្ញុំប្រាប់ទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វិញ ប៉ុន្តែគាត់ប្រាប់គណបក្សប្រជាជនកម្ពុជា រវល់មិនទាន់មានពេលជួបទេ »។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ធ្លាប់ថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិបាកជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ណាស់ ព្រោះគណបក្សនេះគ្មានប្រធានក្រុមភាគតិចនៅក្នុងសភាជាផ្លូវការ ខណៈលោក សម រង្ស៊ី ជាទណ្ឌិត។ លោកថា លោក កឹម សុខា សព្វថ្ងៃដែលជាប្រធានស្តីទីនោះ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅនិយាយជាមួយលោក ស ខេង ដែលជាប្រធានក្រុមភាគច្រើននៅក្នុងសភាទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា ការមិនចូលប្រជុំសភារបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាការទទួលខុសត្រូវរបស់គណបក្សនេះចំពោះប្រជាពលរដ្ឋ។ លោកថា ការមិនចូលប្រជុំនេះ មិនប៉ះពាល់ដំណើរការរបស់សភាទេ ព្រោះគណបក្សប្រជាជនកម្ពុជា មានសំឡេងគ្រប់គ្រាន់៖ « បុគ្គលម្នាក់ពីរនាក់ដែលបញ្ហានេះកើតចេញពីការប្រព្រឹត្តរបស់គេទេ ការមិនចូលសភានេះ យើងទុកឲ្យពលរដ្ឋជាវាយតម្លៃចុះ ព្រោះគាត់ស៊ីប្រាក់ខែរដ្ឋ ប៉ុន្តែមិនធ្វើការ »។
លោក សុខ ឥសាន ឲ្យដឹងទៀតថា នៅពេលនេះ គណបក្សប្រជាជនកម្ពុជា គ្មានពេលជួបគណបក្សសង្គ្រោះជាតិ ព្រោះប្រមុខគណបក្សប្រជាជនកម្ពុជា កំពុងមមាញឹកនឹងការងារ ដោយត្រូវប្រជុំសភានៅថ្ងៃច័ន្ទ ទី៣០ ហើយនៅថ្ងៃទី៣១ ខែឧសភា លោក ហ៊ុន សែន ទៅបំពេញការងារនៅក្រៅប្រទេស ចំណែកលោក ស ខេង រវល់ចុះទៅមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
